រឿងរ៉ាវជីវិតតែងមានទាំងល្អនិងអាក្រក់ ជាពិសេសក្នុងអំឡុងពេលនៃវ័យដែលត្រូវប្រឡូកចូលក្នុងសង្គម និងការងារ។វ័យអាយុខ្ទង់២០ឆ្នាំអាចជាមេរៀនដ៏ល្អមួយសម្រាប់អ្នកក្នុងការរៀនសូត្រពីកំហុស បរាជ័យ និងជោគជ័យដែលខ្លួនបានសាងសម្រាប់វ័យបន្ទាប់ នៅថ្ងៃអនាគត។ ខាងក្រោមនេះអាចជាបរាជ័យមួយចំនួនដែលមនុស្សភាគច្រើនបានជួបប្រទះដោយជៀសមិនផុតក្នុងវ័យមុនឈានចូលខ្ទង់៣០ឆ្នាំនោះ។

១. ទំនាក់ទំនង ឬស្នេហាដែលអ្នកធ្លាប់គិតថាមិនអាចរស់បានដោយគ្មានគេ តែបែរជាមិនបានដូចអ្វីដែលអ្នកគិត

ជាមួយបរាជ័យនេះអ្នកអាចរៀនសូត្របានថា ប្រសិនបើមនុស្សអាចប្រែប្រួលបានគ្រប់ពេល ដូច្នេះទំនាក់ទំនងរបស់អ្នកក៏នឹងប្រែប្រួលនៅថ្ងៃណាមួយដែរជាមិនខាន។ ដោយសារនេះអាចជាក្ដីស្រលាញ់ដំបូងគេជាមនុស្សដែលធ្វើល្អដាក់អ្នកធ្វើឱ្យអ្នកគិតថា ជីវិតមួយនេះនឹងមិនអាចរស់បានឡើយ ប្រសិនបើគ្មានគេ តែអ្នកត្រូវមកជួបរឿងខកបំណងដោយសារអ្នកទាំងពីរត្រូវដើរដល់ផ្លូវបំបែក ឬមានស្ថានការណ៍ណាមួយមកប្រែប្រួលទំនាក់ទំនងរបស់អ្នកទាំងពីរទៅវិញ។

២. ត្រូវផ្លាស់ប្ដូរការងារដោយមិនបានព្រៀងទុក

ជីវិតការងារក្នុងវ័យជាង២០ឆ្នាំអាចនិយាយបានថាមិនសូវស្ថិតស្ថេរ ព្រោះវ័យនេះត្រូវការរៀនសូត្រអ្វីថ្មីៗអ្នកអាចនឹងមើលឃើញឱកាសការងារនៅកន្លែងផ្សេងដោយមិនបានព្រៀងទុក ហើយតាំងចិត្តថានឹងសាកល្បងបទពិសោធន៍ថ្មីៗដើម្បីពង្រឹងសមត្ថភាពខ្លួន។ ក្រៅពីនេះ អ្នកអាចនឹងទើបតែដឹងថា ការងារដែលអ្នកកំពុងធ្វើរាល់ថ្ងៃហាក់មិនត្រូវនឹងជំនាញ មិនត្រូវនឹងសមត្ថភាពរបស់អ្នកពិតប្រាកដ ដែលត្រូវផ្លាស់ប្ដូរទៅរកអ្វីដែលខ្លួនស្រលាញ់ពិតប្រាកដទៅវិញ។

៣.មិនសូវបានខ្វល់ខ្វាយពីខ្លួនឯងឱ្យបានដិតដល់

កំហុសមួយនេះអាចឆ្លុះបញ្ចាំងឱ្យឃើញពីការមិនយកចិត្តទុកដាក់ចំពោះខ្លួនឯងដូចជារបបអាហារ ការថែរក្សាសុខភាព ការគ្រប់គ្រងលុយកាក់ និងរៀបចំអនាគតរបស់ខ្លួនជាដើម។ ដោយសារតែបរិយាកាសនៅជុំវិញខ្លួន វ័យនេះអាចនឹងរងឥទ្ធិពលពីមជ្ឍដ្ឋានខាងក្រៅច្រើនជាជាងការផ្តោតលើខ្លួនឯងឱ្យពិតប្រាកដ។ ដូច្នេះនៅពេលឈានចូលវ័យក្បាល៣ អ្នកនឹងក្រឡេកឃើញនូវកំហុសមួយនេះ។

៤. បន្តរស់នៅក្នុងទំនាក់ទំនងមិនល្អយ៉ាងយូរ

ធ្លាប់ទេ? ធ្លាប់រស់នៅក្នុងទំនាក់ទំនងដែលមើលទៅហាក់គ្មានភាពច្បាស់លាស់ ប៉ុន្តែនៅតែប្រាប់ខ្លួនឯងថាមិនអី អ្វីៗនឹងល្អនៅថ្ងៃណាមួយ ឬគេនឹងកែប្រែដើម្បីទំនាក់ទំនងនេះជាដើម។ ដូច្នេះតាមរយៈបរាជ័យមួយនេះ អ្នកនឹងរៀនសូត្រនូវអ្វីៗដែលគួរជៀសវាងក្នុងពេលបង្កើតទំនាក់ទំនងនៅពេលអនាគត ដើម្បីកុំឱ្យកំហុសដដែលនេះកើតឡើងទៀត។ អាចនិយាយបានថា អ្នកនឹងមិនអាចរស់នៅជាមួយមនុស្សម្នាក់នោះទៀតទេ ប៉ុន្តែវាបង្រៀនឱ្យអ្នកចេះមើលមនុស្សបានកាន់តែល្អ និងមិនប្រព្រឹត្តរឿងដែលធ្វើឱ្យក្ដីស្រលាញ់របស់អ្នកនៅថ្ងៃមុខត្រូវខាតពេលដូចពេលនេះ។

៥.ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

អ្នកណាក៏ដូចអ្នកណាដែរ ក្នុងវ័យមុន៣០ឆ្នាំច្រើនតែមើលឃើញអ្នកនៅជុំវិញខ្លួនច្រើនជាងខ្លួនឯង។ ហេតុផលគឺថាវ័យនេះត្រូវបានប្រាប់ ឬបង្ហាញផ្លូវដោយបុគ្គលជោគជ័យទាំងក្នុងបណ្ដាញសង្គម និងជីវិតខាងក្រៅ ដែលជាហេតុនាំឱ្យពួកគេភ្លេចមើលឃើញពីចំណុចខ្លាំងរបស់ខ្លួន ហើយខំប្រឹងដុសខាត់ជំនាញរបស់ខ្លួនឱ្យចំគោលដៅ។ ដូច្នេះអ្នកត្រូវដឹងថាអ្វីដែលអ្នកដទៃធ្វើមិនប្រាកដថាត្រូវតែជះឥទ្ធិពលដល់ជីវិតរបស់អ្នកឡើយ ហើយមិនត្រូវយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ៕