សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ពេល​១​ខែអាច​បង្កើត​ចេញ​ជា​ទម្លាប់​ថ្មី ហើយ​យើង​អាច​ចូល​ចិត្ត​ធ្វើ​ទម្លាប់​ថ្មី​នោះ​ដោយ​ឯក​ឯង​ក្លាយ​ជា​សកម្មភាព​ថ្មីសម្រាប់​ជោគ​វាសនា​ថ្មី។ រយៈ​ពេល​៣០​ថ្ងៃ តាម​ការ​សិក្សា​វិទ្យាសាស្រ្ត​ បាន​បង្ហាញ​ថាអាច​​បង្វែរ​ទម្លាប់​មនុស្ស​ឱ្យ​ល្អឬ​អាក្រក់​បាន តួ​យ៉ាង​ដូច​ជា​ការ​ថែ​ទាំ​សុខភាព ការ​បង្កើន​គុណ​ភាព​ផលិត​ភាព​ការងារ ការ​រៀន​វិជ្ជា​ថ្មី​បន្ថែម​ដែល​នាំ​ឱ្យ​ជីវិត​ប្រសើរ។ អ្នក​ស្រាវ​ជ្រាវ​ ក៏​បាន​បង្ហាញ​​ថាលទ្ធផល​ពី​សកម្មភាព​ប្រចាំ​ថ្ងៃត្រឹម​ពេល​១​ខែ គឺ​ពិត​ជា​ជួយ​អ្នក​ឱ្យ​ក្លាយ​ជា​មនុស្ស​ថ្មី និង​ម្ចាស់​ជោគ​វាសនា​ថ្មី​បាន​។

ជ្រើស​រើស​Challenge

មុន​​ពេល​ផ្តើម​​​អនុវត្ត​ទៅ​រក​ទម្លាប់​ថ្មី អ្នក​ក៏​គួរ​ប្រាកដ​ថា​សកម្មភាព​នោះ​ស្រប​ទៅ​នឹង​គោល​ដៅ​ជីវិត​អ្នក​ផង​ និង ​ស័ក្តិសម​​បែប​ផែន​ជីវិត​រស់​នៅ​របស់​អ្នក​ផង​ដែរ ដូច​នេះ​វា​អាច​ជម្រុញ​ឱ្យ​​ផែន​ការ​ជីវិត​អ្នក​​ឈាន​ដើរ​ទៅ​មុខ​បាន​លឿន​​​ដល់​គោល​ដៅ។ ជា​ឧទាហរណ៍​ ផែន​ការ​សន្សំ​លុយ​សម្រាប់​វិនិយោគ​ការ​ហាត់​ប្រាណ​​ដើម្បី​សុខភាព និង​រាង​កាយ​មាំ​មួន។

Image

ប្រយោជន៍​ នៃ​ Challenge ៣០​ថ្ងៃ

ការ​ប្រើ​ប្រាស់​​ពេល​៣០​ថ្ងៃ ប្រកួត​ជម្នះ​លើ​ខ្លួន​​ឯង​បង្កើត​​ទម្លាប់​ថ្មី​ផ្តល់​ប្រយោជន៍​​ដល់​អ្នក​ដូច​ជា​៖

  • បង្កើន​​​បទ​ពិសោធ​ថ្មី​ដល់​អ្នក សម្រាប់​អ្នក​ដែល​ត្រូវ​ការ​​​​ផ្លាស់​ប្តូរ​ទម្លាប់​ថ្មី​ ឱ្យ​ជីវិត​ប្រសើរ​ជាង​មុន​។

  • នៅ​ពេល​ចាប់​ផ្តើម ការ​ព្យាយាម​អនុវត្ត​​បន្តិច​ម្តង​ៗ ១​ថ្ងៃ​ៗ ជា​កម្លាំង​រុញ​ច្រាន​អ្នក​ឱ្យ​ទៅ​សកម្មភាព​ជា​ទម្លាប់​ថ្មី​ដោយ​មិន​ដឹង​ខ្លួន។

  • នៅ​ពេល​អ្នក​ជោគ​ជ័យ​នៅ​ចំណុច​តូច​ៗ​ ដែល​អ្នក​បាន​ដៅ វា​នឹង​ជួយ​ជម្រុញ​ទឹក​ចិត្ត​អ្នក​ឱ្យ​បន្ត​ទៅ​​មុខ​ជា​និច្ច​ ហើយ​អ្នក​ក៏​ក្លាយ​ជា​មនុស្ស​ថ្មី សម្រេច​ជោគ​វាសនា​ថ្មី​ផង​ដែរ​។

ឧទាហរណ៍​​​ Challenge មួយ​សម្រាប់រយៈ​៣០​ថ្ងៃ ធ្វើ​ឱ្យ​ចិត្ត​អ្នក​រីក​រាយ​ប្រចាំ​ថ្ងៃ

ថ្ងៃ​ទី​១៖ នឹក​គិត​ដល់​រឿង​ណា​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​សប្បាយ​ចិត្ត ឬ​ទង្វើ​ល្អ​ដែល​អ្នក​បាន​ធ្វើ​។

ថ្ងៃ​ទី​២៖ អាន​​ ឬ​មើល​វីដេអូ​កំប្លែង​ណា​មួយ​ធ្វើ​ឱ្យ​អ្នក​សើចទប់​សំណើច​មិន​បាន​។

ថ្ងៃ​ទី​៣​៖ រៀន​ធ្វើ​សមាធិ​ឱ្យ​បាន​រយៈ​ពេល​៣​​នាទី។

ថ្ងៃ​ទី​៤​​៖ ចំណាយ​ពេល​២ ឬ​៣​នាទីនិយាយ​ជា​មួយ​នរណា​ម្នាក់ដែល​​​​ធ្វើ​ឱ្យ​គ្រប់​គ្នា​ផ្ទុះ​សំណើច​ញញឹម​។

ថ្ងៃ​ទី​៥​​៖ ស្តាប់​បទ​ចម្រៀង​ ណា​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​សប្បាយ​រីក​រាយ​ចិត្ត​ (វិធី​សាស្រ្ត​​ធ្វើ​ឱ្យ​ចិត្ត​​រីក​រាយតាម​រយៈ​បទ​ចម្រៀង​)។ 

ថ្ងៃ​ទី​៦​​​៖ សរសេរ​​លើ​ក្រដាស​នូវ ​៣​ចំណុច​ដែល​ធ្វើ​ឱ្យ​​​អារម្មណ៍​អ្នក​រីក​រាយ។

ថ្ងៃ​ទី​៧​​​៖ មើល​វីដេអូ ឬ​ភាព​យន្ត​​​ថ្មី​ដែល​ធ្វើ​ឱ្យ​អ្នក​​រីក​រាយជា​ការ​កម្សាន្ត​។

ថ្ងៃ​ទី​៨​​​៖ បង្កើន​វិន័យ រៀន​សមាធិ​ឱ្យ​បាន​៨​នាទី​។

ថ្ងៃ​ទី​៩​៖ ទាក់​ទង និយាយ​សួរ​សុខ​ទុក្ខ​​ជា​មួយ​មិត្តភក្តិ​ជិត​ដិត​៤​ ទៅ​៥​នាទី​។

ថ្ងៃ​ទី​១០​​៖ ជ្រើស​រើស​បទ​ចម្រៀង​ណា​មួយ​មក​ស្តាប់ធ្វើ​ឱ្យ​អ្នក​រីក​រាយ​។

ថ្ងៃ​ទី​១១​​៖ សរសេរ​ជា​កំណត់​ហេតុនូវ​បទ​ពិសោធ​៣ អ្នក​ចាំ​មិន​ភ្លេចដែល​ធ្វើ​ឱ្យ​អ្នក​រំភើបរីក​រាយ​។

ថ្ងៃ​ទី​១២​​៖ ចែក​រំលែក​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​អស់​សំណើច​ទៅ​កាន់​មិត្តភក្តិ​​។

ថ្ងៃ​ទី​១៣​​៖ រៀន​សមាធិ​ ឱ្យ​បាន​១៣​​នាទី​។

ថ្ងៃ​ទី​១៤​​៖ ចំណាយ​ពេល​៤​ទៅ​៥​នាទីសួរ​សុខ​ទុក្ខ ទៅ​មនុស្ស​ដែល​អ្នក​ស្រលាញ់និង​យក​ចិត្ត​ទុក​ដាក់​។

ថ្ងៃ​ទី​១៥៖ បើក​បទ​ចម្រៀង​ ដែល​អ្នក​ស្រលាញ់។ បើ​មាន​បទ​ណា​អាច​រាំ​បានគួរ​រាំ​ឱ្យ​បាន​១៥​នាទី​។

ថ្ងៃ​ទី​១៦៖ សរសេរ​​នូវ​បទ​ពិសោធ​​៣ ដែល​​អ្នក​បាន​ជួប​ប៉ុន្មាន​ថ្ងៃ​នេះ​។

ថ្ងៃ​ទី​១៧៖ ទស្សនា​វីដេអូ​កំប្លែង ៤ ឬ​៥​នាទី ដែល​ធ្វើ​ឱ្យ​អ្នក​សើច​។

ថ្ងៃ​ទី​១៨៖ សមាធិ​រយៈ​ពេល​១៨​នាទី​។

ថ្ងៃ​ទី​១៩៖ ចំណាយ​ពេល​ខ្លះ ទៅ​សួរ​សុខ​ទុក្ខ ឬ​ជួប​មនុស្ស​ដែល​អ្នក​ស្រលាញ់និង​គួរ​យក​ចិត្ត​ទុក​ដាក់​។

ថ្ងៃ​ទី​២០​៖ បើក​បទ​ចម្រៀង​ ដែល​អ្នក​ចូល​ចិត្ត​ស្តាប់ ​និង​សម្រាក​​១០​​នាទី។

ថ្ងៃ​ទី​២១​​៖ សរសេរ​នូវ​៣​ចំណុចនូវ​រឿង​​ល្អ​ៗ ​ដែល​អ្នក​បាន​ធ្វើ​​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។

ថ្ងៃ​ទី​២២​​៖ ចែក​រំលែក​រឿង​សើចជា​មួយ​មិត្តភក្តិ ​ឬ​អ្នក​រួម​ការងារ​។

ថ្ងៃ​ទី​២៣​​៖ សមាធិ​រយៈ​ពេល​២៣​នាទី​។

ថ្ងៃ​ទី​២៤​​៖ និយាយ​លេង​ជា​មួយ​មិត្តភក្តិ​​ថ្មី​ម្នាក់២​ ទៅ​៣​នាទី​។

ថ្ងៃ​ទី​២៥​​៖ ស្តាប់​បទ​ចម្រៀង​ណា​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​​រលឹក​អនុស្សាវរិយ៍​ល្អ​ៗគួរ​ចង​ចាំ​។

ថ្ងៃ​ទី​២៦​​៖ សរសេរ​នូវ​ចំណុច ល្អ​ៗដែល​អ្នក​បាន​ធ្វើ​ក្នុង​ថ្ងៃ​នេះ​។

ថ្ងៃ​ទី​២៧​​៖ អាន​អត្ថបទ​​​ ឬ​មើល​ភាព​យន្ត​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​អ្នក​រីក​រាយ។

ថ្ងៃ​ទី​២៨​​៖ សមាធិ​​បាន​២៨​នាទី​។

ថ្ងៃ​ទី​២៩​​​៖ ចំណាយ​ពេល​១០​នាទីនិយាយ​សួរ​សុខ​ទុក្ខ​​ទៅ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នកឪពុក​ម្តាយ បង​ប្អូន​ គូ​ជីវិត​។

ថ្ងៃ​ទី​៣០​​​​៖ ស្តាប់​បទ​ចម្រៀង​ថ្មីដែល​អាច​ធ្វើ​ឱ្យ​អ្នក​រីក​រាយ​ចិត្ត​៕