មុនពេលដែលអ្នកចង់ដឹងថានរណាម្នាក់ដែលកំពុងច្រណែនជាមួយអ្នក អ្នកត្រូវដឹងជាមុនសិនថាតើការច្រណែននឹងវាមានលក្ខណៈបែបម្តេច ព្រោះថាគ្មាននរណាម្នាក់ដែលច្រណែនជាមួយយើងហើយ ដើរមកប្រាប់យើងថាគេកំពុងច្រណែនអ្នកឡើយ។ បើមើលទៅសង្គមជាក់ស្ដែងនរណាក៏មានការច្រណែននៅក្នុង ចិត្តដូចគ្នា ប៉ុន្តែការបង្ហាញមិនមានលក្ខណៈដូចគ្នាទេ អ្នកខ្លះច្រណែនគេហើយ យកការច្រណែនទៅប្រើក្នុងន័យអវិជ្ជមាន ចំណែកមួយចំនួនទៀតក៏យកការច្រណែនមកប្រើជាប្រយោជន៍បានដូចគ្នា។ តើអ្នកអាចសង្កេតដឹងយ៉ាងដូចម្ដេចថាមានគេកំពុងច្រណែនអ្នក?
១.សួរនាំ៖ ការសួរនាំលក្ខណៈចង់ដឹងធម្មតាផ្សេង ប៉ុន្តែចំណុចនេះចង់សំដៅទៅលើអ្នកដែលចូលចិត្តសួរនេះសួរនោះដូចជាកន្លែងធ្វើការនៅណា ធ្វើអ្វីដែរសព្វថ្ងៃ បានប្រាក់ខែប៉ុន្មានដែរ? នេះឯងដែលគេហៅថាភាសាអ្នកច្រណែន ជាពិសេសសួរហើយចូលចិត្តនិយាយធ្វើឱ្យអ្នកបាក់ទឹកចិត្ត ដូចជាការបង្អាប់ថាធ្វើការប៉ុណ្ណឹងដែរបានប្រាក់ខែតិចម្ល៉េះ? ប៉ុន្តែទាំងដែលអ្នកសួររាល់ថ្ងៃនៅដើរទាត់ខ្យល់នៅឡើយជាដើម។
២.តាមដាន៖ គេមិនដែលសួរនាំអ្នកផ្ទាល់ឡើយ ប៉ុន្តែចូលចិត្តតាមដានរឿងអ្នកតាមរយៈបណ្តេញសង្គម Facebook Instagram ជាដើម។ ម្យ៉ាងវិញទៀតគឺព្យាយាមសួរនាំរឿងរបស់អ្នកពីអ្នកដទៃ អ្នកដែលស្គាល់យើងជិតដិតក៏មិនហ៊ានសួរនាំដែរ ប៉ុន្តែចូលចិត្តយករឿងរបស់អ្នកមកធ្វើជាប្រធានបទនៅពេលដែលគេមានការជួបជុំគ្នា។
៣.ពាក្យពេចន៍សរសើរ៖ អ្នកដែលកំពុងសរសើរអ្នក មិនមែនសុទ្ធតែជាមនុស្សដែលមានបំណងល្អពិតប្រាកដជាមួយអ្នកនោះឡើយ ជួនកាលពួកគេគ្រាន់តែព្យាយាមលាក់អារម្មណ៍ច្រណែន មិនចង់បង្ហាញឱ្យឃើញច្បាស់នូវទឹកចិត្តច្រណែនពីផ្នែកខាងក្នុងរបស់ខ្លួន។ ក្នុងនោះផងដែរមនុស្សប្រភេទនេះគេហៅថា “ល្អពីមុខចាក់ រុកពីក្រោយ” ហើយភាពក្ដៅក្រហាយរបស់គេ គឺជាការជោគជ័យរបស់អ្នក។ ដូច្នេះវាមិនពិបាកទេបើចង់ឱ្យមនុស្សដែលកំពុងច្រណែនអ្នកបរាជ័យ គឺអ្នកគ្រាន់តែរស់នៅឱ្យមានក្ដីសុខជាងពួកគេ។
៤.ចាប់អារម្មណ៍អ្នកខ្លាំង៖ ជាទូទៅមនុស្សដែលច្រណែនជាមួយអ្នកគេហត់ណាស់ ហត់នឹងតាមដាន ហត់នឹងសួរនាំ ហត់នឹងលាក់អារម្មណ៍ ព្យាយាមញញឹមមកកាន់អ្នកទាំងដែលគេច្រណែនអ្នកស្ទើរស្លាប់ទៅហើយ។ ជាការពិតណាស់មនុស្សដែលចូលចិត្តច្រណែនគេ ភាគច្រើនជាបុគ្គលដែលគ្មានអ្វីដូចអ្នក គ្មានការងារល្អ មិនមានអ្នក ស្រឡាញ់រាប់អានច្រើនដូចអ្នកទើបជាហេតុធ្វើឲ្យពួកគេច្រណែនបែបនេះ ហើយក៏ជាមនុស្សដែលដឹងរឿង អ្នកច្រើនជាងឪពុកម្ដាយបង្កើតអ្នកថែមទៀត។
៥.ធ្វើតាមអ្នក៖ អ្នកប្រៀបដូចជាគំរូមួយដល់បុគ្គលដែលច្រណែនអ្នកដូចគ្នា ពួកគេប្រាកដជាព្យាយាមធ្វើគ្រប់យ៉ាងឱ្យបានដូចអ្នកហើយយកអ្នកធ្វើជាគូប្រកួតប្រជែងដើម្បីស្វែងរកឈ្នះចាញ់ ទាំងដែលអ្នកមិនដឹងខ្លួនហើយធ្វើតែរឿងធម្មតា។
តែយ៉ាងណាមិញចំពោះបុគ្គលដែលច្រណែនមិនធ្វើធម្មតាដូចអ្នកឡើយ ប៉ុន្តែពួកគេប្រឹងណាស់ប្រឹង ឱ្យបានលើសអ្នក ដើម្បីទទួលបានអ្វីដែលគេកំពុងច្រណែនអ្នកដូចគ្នា។
សរុបរួមមកវិញបើអ្នកត្រូវបាននរណាម្នាក់មកច្រណែនអ្នកហើយ វាកំពុងបង្ហាញពីភាពជោគជ័យមួយកម្រិតថា“អ្នកកំពុងក្លាយជាបុគ្គលមួយរូបដែលមានគេចាប់អារម្មណ៍ចង់ដឹងពីព័ត៌មានរបស់អ្នកយ៉ាងខ្លាំង”។ ប៉ុន្ដែការច្រណែនមិនមែនត្រូវឱ្យអ្នកទៅតបតជាមួយគេឡើយ អ្នកគ្រាន់តែរស់នៅឱ្យមានក្ដីសុខ រក្សាចិត្តឱ្យស្ងប់ បំពេញការងារឱ្យបានល្អគឺគ្រប់គ្រាន់ហើយ៕