កម្ពុជា ជាប្រទេសដែលមានយុវជនជនច្រើនជាង៦០% ចំនួននេះ ជាកត្តាអំណោយផលយ៉ាងខ្លាំងសម្រាប់ទាក់ទាញអ្នកវិនិយោគ និង​កម្លាំងពលកម្ម​សម្រាប់អភិវឌ្ឍលើគ្រប់វិស័យ តែអ្វីដែលជាបញ្ហាប្រឈមគឺ ធនធានមនុស្សយើងនៅត្រូវការអភិវឌ្ឍជំនាញសតវត្សទី២១ ឱ្យបានច្រើនដើម្បីឆ្លើយតបនឹងតម្រូវការអ្នកវិនិយោគ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុវជនកម្ពុជាត្រូវការបន្ថែមជំនាញជាច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងអ្វីដែលអ្នកវិនិយោគចង់បាន។ ឯកឧត្តមថាកន្លងមក ​អ្នកវិនិយោគនានាបានមើលឃើញពីសក្តានុពលរបស់ធនធានមនុស្សកម្ពុជា តែអ្វីដែលគេត្រូវការបន្ថែមគឺជំនាញភាពជាអ្នកដឹកនាំ និងការធ្វើការងាររួមគ្នាជាដើម។ វាជាចន្លោះប្រហោងមួយ យុវជនរបស់យើងមិនសូវចេះធ្វើការងាររួមគ្នា ជាពិសេស​ក្នុងរង្វង់ចង្វាក់ផលិតកម្មដែលមានចម្រុះជាតិសាសន៍ ឬចម្រុះវប្បធម៌ជាដើម។ កន្លងមក មានបុគ្គលិកជាច្រើន មានសមត្ថភាពវិជ្ជាជីវៈខ្លាំង តែពួកគេអាចធ្វើការងារដោយភាពឆ្នើមតែម្នាក់ឯងពេលចូលធ្វើការងារជាក្រុម បែរជាបង្កើតជាជម្លោះមិនអាចធ្វើការងារបានល្អទៅវិញ។

ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាន៍ថា៖«​បើនិយាយពីភាពជាអ្នកដឹកនាំ គឺគេនិយាយពីផលិតភាពការងារ។ បើគេគូសរង្វង់មូល មួយឱ្យមនុស្សច្រើននាក់ផ្សេងគ្នាធ្វើការ អ្នកដែលគ្មានភាពជាអ្នកដឹកនាំធ្វើបានមិនគ្រប់ក្នុងរង្វង់មូលនោះទេ ឬអាចធ្វើបានត្រឹមរង្វង់ការងារដែលគេកំណត់ឱ្យ តែសម្រាប់អ្នកមានភាពជាអ្នកដឹកនាំគេអាចមានពេលវេលានិងសមត្ថភាពក្នុងការពង្រីករង្វង់ដែលគេកំពុងធ្វើនោះឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់»។

អ្នកជំនាញអប់រំខាងលើបានបញ្ជាក់ផងដែរថា បច្ចុប្បន្ន​ក្រសួងកំពុងជំរុញឱ្យមានការអភិវឌ្ឍសមត្ថភាពអប់រំទាំងផ្នែករឹងនិងផ្នែកទន់ ដើម្បីឆ្លើយតបជាមួយនឹងជំនាញសម្រាប់សតវត្សទី២១ ដោយបញ្ជូលនូវបច្ចេកវិទ្យា និងជំនាញទន់នានា។ ជំនាញដែលក្រសួង កំពុងយកចិត្តទុកដាក់និងជំរុញឱ្យសិស្សចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា (STEM) និងជំនាញទន់ ដូចជា​ជំនាញក្នុងការដោះស្រាយបញ្ហា ជំនាញ​ក្នុងការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ និងជំនាញសហគ្រិនភាពជាដើម។ ជំនាញទាំងអស់នេះអាចនឹងធ្វើឱ្យយុវជនកាន់តែមានសមត្ថភាពខ្ពស់ ទាំងកម្រិតវិជ្ជាជីវៈ និងផ្នត់គំនិតអត្តចរិតសម្រាប់ឆ្លើយតបជាមួយនឹងទីផ្សារការងារនៅពេលអនាគត៕