នៅក្នុងការរស់នៅលើពិភពលោកដ៏ទូលំទូលាយនេះ មនុស្សម្នាក់ៗតែងតែខិតខំប្រឹងប្រែងរកនិងសន្សំទ្រព្យ ដើម្បីក្លាយជាមនុស្សដែលពោរពេញដោយថាមពល អំណាច ទ្រព្យសម្បត្តិ និងភាពស្តុកស្តម្ភជាដើម។ ទ្រព្យដែលមនុស្សស្ទើរគ្រប់គ្នាតែងតែខ្នះខ្នែង ខិតខំសន្សំទុកក្នុងជីវិតនេះ ភាគច្រើនជាមាសប្រាក់ទំនុកចិត្ត និងចំណេះដឹងព្រោះពួកគេយល់ថាវាជាច្រកយ៉ាងសំខាន់ ដែលធ្វើឱ្យពួកគេក្លាយជាមនុស្សដែលមានសក្តានុពលខ្ពស់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សុខ ឡាក់ ស្ថាបនិកបណ្ណាល័យបញ្ញវន្ត បានលើកឡើងថា តាមការស្រាវជ្រាវគេរកឃើញថាទ្រព្យសម្បត្តិដែលមានតម្លៃច្រើនជាងគេបំផុតលើពិភពលោកស្ថិតនៅក្នុងផ្នូរខ្មោច។ ការដែលគេលើកឡើងបែបនេះគឺដោយសារតែ គេមើលឃើញថាគំនិតសំខាន់ៗ ដែលអាចបង្កើតលុយរាប់ពាន់លានដុល្លារត្រូវបានកប់ចោលជាមួយនឹងជីវិតមនុស្សពូកែៗជាច្រើនលើពិភពលោក។ មនុស្សម្នាក់ៗខិតខំប្រឹងប្រែងសិក្សារៀនសូត្រ បង្កើតបទពិសោធន៍ បង្កើតដំណោះស្រាយជីវិតនិងរុករកគំនិតថ្មីៗជាច្រើន ដើម្បីអភិវឌ្ឍជីវិតឱ្យក្លាយជាមនុស្សដែលមានប្រាក់ហូរហៀរ តែពួកគេមិនបានចែករំលែក ហើយបណ្តោយឱ្យប្រភពធនធានដ៏មានតម្លៃទាំងអស់នោះរលត់ទៅជាមួយជីវិតរបស់គាត់។
ស្ថាបនិកបណ្ណាល័យខាងលើ បានលើកឡើងផងដែរថា មានមហាសេដ្ឋីជាច្រើន ដែលមានគំនិតឈ្លាសវៃអាចបង្កើតទ្រព្យសម្បត្តិដ៏មហាសាលសម្រាប់មនុស្ស តែពេលខ្លះដោយសារតែពួកគាត់ផ្តោតការយកចិត្តទុកដាក់តែលើខ្លួនឯងខ្លាំងពេក គាត់បានបណ្តោយឱ្យខ្លួនឯងបាត់បង់ជីវិត ដោយនាំយកចំណេះដឹងទាំងអស់នោះទៅជាមួយផងដែរមិនបានចែករំលែកនោះឡើយ។ ហេតុនេះដើម្បីឱ្យការរស់នៅ ប្រកបដោយគុណតម្លៃសម្រាប់មនុស្សគ្រប់គ្នា និងជីវិតស្ថិតក្នុងការចងចាំជាអមតៈមនុស្ស ដែលមានសមត្ថភាពនានាគួរតែព្យាយាមចងក្រងឯកសារ ជាគំនិតឬជាទស្សនៈនៃការរស់នៅនានាដើម្បីទុកជាមរតកដ៏សំខាន់សម្រាប់មនុស្សជំនាន់ក្រោយ។
ការតែងនិពន្ធ ឬការចែករំលែកមិនមែនជារឿងលំបាកពេកទេ ប្រសិនបើយើងបើកចិត្តឱ្យទូលាយ ដើម្បីចែករំលែកនូវគំនិតដែលយើងបានជួបប្រទះនៅក្នុងជីវិត។ បច្ចុប្បន្ននេះ មានវិធីសាស្រ្តជាច្រើន ដើម្បីចែករំលែកព្រោះយើងមានទាំងបច្ចេកវិទ្យាទំនើបដើម្បីប្រើប្រាស់ និងមនុស្សពូកែ ដើម្បីជួយកត់ត្រាប្រកបដោយសិល្បៈរស់រវើក ក្នុងការបង្ហាញទៅកាន់ពិភពលោក។ ហេតុនេះ ប្រសិនបើមិនចង់ឱ្យគំនិត ដែលអាចបង្កើតទ្រព្យសម្បត្តិដ៏មហាសាលរបស់យើងត្រូវបានកប់ចោលទៅក្នុងផ្នូរខ្មោចបន្តទៀត សូមធ្វើការចែករំលែកតាមគ្រប់រូបភាព ដើម្បីបង្កើតជាឯកសារដ៏សំបូរបែបដើម្បីមនុស្សនានាបានសិក្សា។
ចំពោះអ្នកសិក្សាវិញ ប្រសិនបើចង់ឱ្យខ្លួនឯងទទួលបានគំនិតប្រកបដោយការអភិវឌ្ឍ និងទូលំទូលាយ ការចាប់យកប្រភពចំណេះដឹងនានា ដូចជាសៀវភៅជាដើមដើម្បីបំពេញចំណុចខ្វះខាតក្នុងជីវិត គឺជារឿងល្អបំផុត ព្រោះទម្រាំសរសេរបានសៀវភៅមួយក្បាលៗ អ្នកសរសេរត្រូវចំណាយថាមពល និងឆ្លងកាត់រឿងរ៉ាវជាច្រើន។ ហេតុនេះគ្រាន់តែអានស្នាដៃរបស់អ្នកដទៃដែលមានតម្លៃសម្រាប់ជីវិត ក៏អាចទទួលយកបានដោយងាយនូវការខិតខំប្រឹងប្រែងនិងបទពិសោធន៍ជីវិតប្រកបដោយសក្តានុពលរបស់គេមកប្រើប្រាស់ក្នុងជីវិត៕