សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ជាតិទឹកក្នុងរាងកាយប្រចាំថ្ងៃគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ដែលរាងកាយមនុស្សពេញវ័យជាមធ្យមត្រូវការប្រហែលទឹកប្រហែល២លីត្រ/១ថ្ងៃ។ ជាមួយគ្នានេះការញ៉ាំទឹកក៏មានគ្នាយើងខ្លះចូលចិត្តទឹកត្រជាក់ ខ្លះក៏ចូលចិត្តទឹកក្តៅឧណ្ហៗ ឬច្នៃជាភេសជ្ជៈឆុងផ្សេងៗ។ តាមរយៈការញ៉ាំទឹកដែលជាតម្រូវការប្រចាំថ្ងៃសម្រាប់សុខភាពនេះ អ្នកជំនាញសុខភាពពីប្រទេសឥណ្ឌា ក៏បានចែករំលែកពីអត្ថប្រយោជន៍មួយចំនួន នៃការញ៉ាំទឹកក្តៅឧណ្ហៗដែលជួយទៅដល់សុខភាពបានច្រើនយ៉ាង៖
១.ជួយសម្រកទម្ងន់៖ ចាប់ផ្តើមថ្ងៃថ្មីដោយញ៉ាំទឹកក្តៅឧណ្ហៗលាយជាមួយទឹកឃ្មុំ ជាវិធីពិសេសមួយជួយរក្សាមេតាប៉ូលីស (ប្រតិកម្មរំលាយអាហារ) ដែលជួយដល់ការសម្រកទម្ងន់របស់យើង។
២.ជួយបន្ថយការឈឺចាប់ពេលមករដូវ៖ អំឡុងពេលបងប្អូនមកលេង(មករដូវ)នារីៗគ្នាយើង អាចញ៉ាំទឹកក្តៅឧណ្ហៗ នៅមុនពេលចូលគេងនឹងឃើញពីប្រសិទ្ធិភាពល្អ ព្រោះវាជួយសម្រួលទៅដល់សាច់ដុំពោះដែលឈឺចាប់ពេលមករដូវម្តងៗ។
៣.សម្រួលការរំលាយអាហារ៖ ទឹកក្តៅឧណ្ហៗមួយកែវលាយជាមួយទឹកឃ្មុំនិងក្រូចឆ្មារ ញ៉ាំពេលភ្ញាក់ពីគេងគឺជួយដល់រាងកាយ សម្រាប់ការរំលាយអាហារឱ្យបានសព្វល្អ ដោយសារទឹកក្តៅជួយដល់ការបំបែកវត្តមានជាតិខ្លាញ់ ដែលមានក្នុងអាហារដែលអ្នកបានញ៉ាំ។
៤.ទប់ស្កាត់ការទល់លាមក៖ បញ្ហាទល់លាមកកើតឡើងដោយសារកង្វះជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ព្យាយាមញ៉ាំទឹក ក្តៅឧណ្ហៗមុនពេលចូលគេង និងនៅពេលភ្ញាក់ពីគេងមិនត្រឹមជួយសម្រួលចលនាចរន្តឈាមក្នុងរាងកាយថែមទាំងសម្រួលត្រង់ផ្នែកពោះ ធ្វើឱ្យបញ្ហាទល់លាមកបានថមថយ។
៥.សម្រួលបញ្ហាឈឺកនិងច្រមុះ៖ ទឹកក្តៅឧណ្ហៗញ៉ាំពេញមួយថ្ងៃជាវិធីមួយសម្រួលលើបញ្ហា ឈឺក ក្អក និងស្លេស្ម។ ប្រសិទ្ធិភាពនៃការញ៉ាំទឹកក្តៅឧណ្ហៗ បានជួយសម្រួលដល់ប្រព័ន្ធដង្ហើមឱ្យមានភាពធូរស្បើយឡើងវិញពេលមានបញ្ហាទាំងនោះ។
៦.ជួយឱ្យគេងលក់ស្កប់និងជួយដល់ស្បែក៖ ញ៉ាំទឹកក្តៅឧណ្ហៗរៀងរាល់ថ្ងៃគឺប្រៀបដូចការបណ្តេញជាតិពុលពីរាងកាយ បន្ថែមពីនោះវាជួយឱ្យសាច់ដុំរាងកាយអ្នកបានសម្រាក ដែលនេះបានជួយដល់ការគេងឱ្យបានលក់ស្កប់ និងជួយដល់សុខភាពស្បែកអ្នកឱ្យបានស្រស់ថ្លាផងដែរ៕