១.យករឿងប្ដីប្រពន្ធទៅរអ៊ូប្រាប់ពួកម៉ាក

មិនថាមានអ្វីកើតឡើងក្នុងជីវិតអាពាហ៍ពិពាហ៍ វាគួរតែជារឿងត្រឹមតែប្ដីនិងប្រពន្ធបានហើយ។ ជាពិសេស រាល់ពេលមានបញ្ហាមើលមុខគ្នាមិនត្រង់ ឬខ្នក់ចិត្តនឹងគ្នារឿងអ្វីអ្នកទាំងពីរត្រូវតែនិយាយគ្នាឱ្យច្បាស់លាស់ និងដោះស្រាយដោយខ្លួនឯង។ អ្នកមិនគួរយករឿងទាំងអស់នេះទៅប្រាប់អ្នកដទៃដូចជា មិត្តភ័ក្ដិឬពេលខ្លះសូម្បីតែគ្រួសារម្ខាងៗក៏ដោយ ព្រោះវាជារឿងផ្ទាល់ខ្លួន។ ហេតុផលមួយចំនួនដែលធ្វើឱ្យជីវិតប្ដីប្រពន្ធមួយចំនួន កាន់តែលែងត្រូវគ្នាលើសដើមគឺដោយសារតែ ការផ្ដល់យោបល់ចុះឡើងពីអ្នកដទៃទាំងនោះ រហូតធ្វើឱ្យអ្នកទាំងពីរមិនអាចដោះស្រាយបានហើយកាន់តែកើតចិត្តក្ដៅនឹងគ្នាកាន់តែខ្លាំង។

២. រវល់តែជាមួយទូរស័ព្ទ

ប្រសិនបើអ្នកនិងប្ដីឬប្រពន្ធរបស់អ្នកកំពុងគេងលើគ្រែតែមួយ តែបែរជាមានម្នាក់រវល់ចុច ឬលេងតែទូរសព្ទមិននិយាយស្ដីអ្វីសោះ ហើយរឿងបែបនេះកើតឡើងជាញឹកញាប់ ចូរបញ្ឈប់ជាបន្ទាន់។ ហេតុផលព្រោះថា ទង្វើបែបនេះយូរទៅនឹងអាចប៉ះពាល់ដល់ទំនាក់ទំនងនិងជីវិតប្ដីប្រពន្ធរបស់អ្នកនៅថ្ងៃណាមួយ ដោយសារតែការលែងអើពើ លែងយកចិត្តទុកដាក់ ដោយជក់តែលើសម្ភារៈក្រៅខ្លួន រហូតពេលខ្លះធ្វើឱ្យកើតចិត្តប្រចណ្ឌគ្នាទាំងគ្មានមូលហេតុជាដើម។

៣. និយាយស្ដីមិនចេះគិត

ឧទាហរណ៍ថា នៅពេលអ្នកសុំឱ្យស្វាមីជួយសម្អាតផ្ទះ ហើយគាត់ក៏ព្រមធ្វើដែរប៉ុន្តែអ្នកបែរជានិយាយទៅកាន់គាត់ភ្លាមៗថា “ធ្វើឥលូវទៅ!” នោះវានឹងធ្វើឱ្យអារម្មណ៍ល្អនឹងការជួយការងារផ្ទះអ្នកប្រែជាលែងល្អទៅវិញ ដោយសារតែវាប្រៀបដូចជាការបញ្ជា ជំនួសឱ្យការជួយគ្នាទៅវិញទៅមក។ ដូច្នេះអ្នកទាំងពីរគួរគិតឱ្យបានល្អសិន មុននឹងហាមាត់និយាយទៅកាន់គ្នា ដើម្បីកុំឱ្យប៉ះពាល់ផ្លូវអារម្មណ៍និងរក្សាភាពផ្អែមល្ហែមនឹងគ្នាបាន។

៤. ចូលចិត្តធ្វើអ្វីតែឯងៗ

ការមានពេលវេលាធ្វើអ្វីដែលខ្លួនពេញចិត្តតែម្នាក់ឯង ដោយគ្មានអ្នកមករំខានគឺជាក្ដីសុខមួយ។ ប៉ុន្តែសម្រាប់ជីវិតប្ដីប្រពន្ធ អ្នកគួរចេះបង្កើតពេលវេលាធ្វើអ្វីជាមួយគ្នាឱ្យបានច្រើនទើបជាការល្អ។ ឧទាហរណ៍ការមើលភាពយន្ត ស្ដាប់ចម្រៀងឬញ៉ាំអាហារឆ្ងាញ់ៗ បើបានធ្វើសកម្មភាពទាំងនេះជាមួយមនុស្សដែលយើងស្រលាញ់ នោះរឹតតែសប្បាយមួយកម្រិតទៀតនិងបង្កើតអនុស្សាវរីយ៍កាន់តែល្អ។

៥. មិនសូវអើពើរឿងលើគ្រែ

សម្ពាធការងារឬកូនៗ អាចនឹងធ្វើឱ្យពេលវេលាផ្ទាល់ខ្លួនរវាងប្ដីនិងប្រពន្ធត្រូវបានកាត់បន្ថយ លែងសូវបាននៅជាមួយគ្នា បង្កើតភាពផ្អែមល្ហែមដូចពីមុន។ ការសោះអង្គើយរឿងលើគ្រែបែបនេះ តែងតែធ្វើឱ្យប្ដីប្រពន្ធមានបញ្ហាជាមួយគ្នាជាញឹកញាប់ ហើយវាកើតឡើងទៅលើគ្រួសារភាគច្រើនតែម្ដង។ ដូច្នេះអ្នកគួរគ្រប់គ្រងពេលវេលាឱ្យបានល្អជាងនេះ ដើម្បីធ្វើយ៉ាងណារក្សាជីវិតអាពាហ៍ពិពាហ៍មួយនេះ ឱ្យនៅល្អនិងផ្អែមល្ហែមដូចទើបនឹងរៀបការថ្មីថ្មោង៕