ការគេងមិនលក់ ការផ្លាស់ប្តូរកាលវិភាគគេង និងគេងមិនទៀងទាត់របស់អ្នកអាចនាំឱ្យមានការរំខាន ហើយអាចបង្កើតឱ្យមានសុបិនអាក្រក់។ ប្រសិនបើអ្នកមិនបានគេងលក់ស្កប់ស្កល់នោះទេ វានឹងក្លាយជាទម្លាប់ ព្រោះសុបិនអាក្រក់នឹងរារាំងអ្នកមិនឱ្យគេងលក់ស្រួលផងដែរ។ ខាងក្រោមនេះជាទម្លាប់ទាំង ៦ យ៉ាងដែលអាចធ្វើឱ្យដំណេករបស់អ្នកប្រសើរឡើង និងជួយឱ្យអ្នកគេចផុតពីការយល់សប្តិអាក្រក់។
១. ធ្វើអនាម័យ មុនពេលចូលគេង
គួរកត់សម្គាល់ថា ការយល់សប្ដិអាក្រក់មិនមែនសុទ្ធតែមកពីអារម្មណ៍នោះទេ តែវាគឺជាផ្នែកមួយនៃកង្វះអនាម័យរបស់អ្នក។ រាងកាយរបស់អ្នកនឹងត្រូបានរំខានដោយភាពកខ្វក់ដែលធ្វើឱ្យអ្នកមានអារម្មណ៍ ថប់ដង្ហើម ស្អុះស្អាប់ រមាស់ និងអស់កម្លាំងជាដើម ដែលទង្វើស្ទើរតែរាល់ថ្ងៃបែបនេះកំពុងតែបង្កើតជាទម្លាប់អាក្រក់ ហើយឈានឱ្យមានសុបិនអាក្រក់ផងដែរ។
២. ជៀសវាងលេងទូរសព្ទ មុនចូលគេង
យ៉ាងហោចណាស់ មួយម៉ោងមុនពេលចូលគេង អ្នកគួរតែយកទូរសព្ទរបស់អ្នកទុកឱ្យឆ្ងាយពីខ្លួន ព្រោះពន្លឺ និងសារធាតុវិទ្យុសកម្មអាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល និងសតិអារម្មណ៍នៃការគេងរបស់អ្នក។ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលធ្វើបានតាមដំបូន្មាននេះ? ម្យ៉ាងទៀតពន្លឺពណ៌ខៀវដែលបញ្ចេញពីឧបករណ៍ឌីជីថលរបស់អ្នកនឹងទៅរំខានដល់ការផលិតមេឡូទីនដែលជាអរម៉ូនគ្រប់គ្រងការគេងរបស់អ្នក។
៣. មិនគួរទទួលទានសារជាតិកាហ្វេអ៊ីន មុនចូលគេង
ប្រសិនបើអ្នកកំពុងជួបប្រទះរឿងសុបិនអាក្រក់ វាជាការសំខាន់ណាស់ដែលអ្នកត្រូវជៀសវាងឱ្យបាននូវការទទួលទានកាហ្វេក្តៅ ឬតែក្ដៅ បន្ទាប់ពីម៉ោង ២ រសៀលតទៅ។ សូមចងចាំថា ជាតិកាហ្វេអ៊ីនគឺជាភ្នាក់ងាររំញោច វាអាចបណ្តាលឱ្យមានការរំខានដល់ដំណេក ហើយខួរក្បាលរបស់អ្នកអាចកាន់តែសកម្ម នៅពេលដែលអ្នកព្យាយាមគេង ដែលជាហេតុនាំឱ្យមានសុបិនអាក្រក់។
៤. ធ្វើចិត្តឱ្យស្ងប់ មុនពេលចូលគេង
ដំណើរការអារម្មណ៍របស់យើងម្នាក់ៗគឺខុសគ្នា ហើយមិនមែនសុទ្ធតែវិជ្ជមានទាំងអស់នោះទេ។ នៅពេលដែលអ្នកចូលគេង អ្នកគួរតែដាក់គំនិតដ៏អាប់អួរទាំងនោះចោលមួយឡែកសិន ហើយរៀបចំខ្លួនអ្នកសម្រាប់ការចូលគេង មិនដូច្នោះទេ អ្នកអាចនឹងសុបិនឃើញរឿងរ៉ាវទាំងនោះ។ ដូច្នេះគួរតែអភិវឌ្ឍទម្លាប់នៅពេលយប់ដែលនឹងជួយឱ្យចិត្ត និងរាងកាយរបស់អ្នកស្ងប់ចិត្ត អ្នកអាចស្តាប់តន្ត្រី បិទភ្លើងធ្វើសមាធិ អុជទៀនដែលមានក្លិនក្រអូប ឬអានសៀវភៅ។
៥. កំណត់កាលវិភាគគេងឱ្យបានទៀងទាត់
ជ្រើសរើសពេលវេលាចូលគេង និងភ្ញាក់ពីគេងតាមទម្លាប់របស់អ្នក ហើយត្រូវប្រាកដថា អ្នកបានអនុវត្តវាយ៉ាងខ្ជាប់ខ្ជួន សូម្បីតែនៅចុងសប្តាហ៍ក៏ដោយ។ នៅពេលដែលអ្នកកំណត់ពេលវេលាភ្ញាក់ និងពេលវេលាគេងបានថេរ រាងកាយរបស់អ្នកនឹងមានទម្លាប់គេងលក់ស្រួល។
៦. ងូតទឹកក្តៅមុនពេលចូលគេង
នៅពេលដែលអ្នកងូតទឹកក្តៅយ៉ាងហោចណាស់ ៩០នាទី មុនពេលចូលគេង វានឹងធ្វើឱ្យសីតុណ្ហភាពរាងកាយរបស់អ្នកធ្លាក់ចុះ និងជាសញ្ញាប្រាប់រាងកាយថាដល់ពេលគេងហើយ។ ការងូតទឹកឱ្យបានមួយទៅពីរម៉ោង មុនពេលចូលគេង អាចរំញោចប្រព័ន្ធកម្តៅរបស់រាងកាយ និងសីតុណ្ហភាពស្នូលឱ្យធ្លាក់ចុះ ដែលនាំឱ្យមានការកើនឡើងនៃការផលិតមេឡានីនជួយឱ្យអ្នកគេងលក់ស្រួល៕