នៅលើលោកយើងនេះ មនុស្សណាក៏ចង់ទទួលបានជោគជ័យ​មានភាពរីកចម្រើន មានការទទួលស្គាល់ និងមានភាពស្ងប់សុខក្នុងជីវិតដែរ។ ហេតុនេះហើយទើប​មនុស្សម្នាក់ៗខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងដើម្បីផ្លាស់ប្តូរជាវិជ្ជមាន​ម្តងមួយដំណាក់កាលៗ​ឥតឈប់ឈរ​។

ទោះជាយ៉ាងនេះក្តី ក្នុងចំណោម​អ្នកដែលខិតខំប្រឹងប្រែង​ទាំងអស់មិនមែនសុទ្ធតែអាចទទួលបាន​ភាពរីកចម្រើនទាំងអស់នោះទេ តែក៏មាន​អ្នកខ្លះជួបបញ្ហាជាច្រើនផងដែរលើវិថីជីវិត។ បញ្ហាត្រង់ថាពួកគេមិនដឹងចំណុចដែលត្រូវខំ ឬខំប្រឹងប្រែងមិនចំគោលដៅ។

លោកបណ្ឌិត សួន រ៉ានី អនុរដ្ឋលេខាធិការ​ក្រសួងមុខងារសាធារណៈបានលើកឡើងថា មនុស្សម្នាក់ៗ​សុទ្ធតែចង់ទទួលបានជោគជ័យ មានកិត្តិយសល្អនិងមានការទទួលស្គាល់ជាដើម។ ទោះជាយ៉ាងនេះក្តីដើម្បីឈានទៅដល់គោលដៅវិជ្ជមានទាំងអស់នោះមិនមែនជារឿងងាយស្រួលពេកនោះទេ វាទាមទារឱ្យ​មានការខិតខំប្រឹងប្រែងឱ្យ​បានត្រឹមត្រូវ ដើម្បីឈានដល់គោលដៅដែលខ្លួនចង់ទៅឱ្យដល់។

លោកបណ្ឌិតបញ្ជាក់ថា មនុស្សម្នាក់ៗមានថាមពលសំខាន់ៗចំនួនន៤ គឺ​ថាមពលសុខភាព ថាមពលចិត្ត ថាមពល​គំនិតនិងថាមពលឆន្ទៈ។ ហេតុនេះប្រសិនបើយើងពង្រឹងថាមពលទាំង៤នេះបានល្អ នោះយើងនឹងអាចឈានជើង​ឆ្ពោះទៅរកការអភិវឌ្ឍឥតឈប់ឈរ​ និងទទួលបានជោគជ័យ​ជាបន្តបន្ទាប់។

បើតាម​លោកបណ្ឌិតមនុស្សត្រូវការសុខភាពល្អ ព្រោះបើទោះបីជាមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយ បើសុខភាព​មិនល្អហើយរបស់ទាំងអស់នោះ ច្បាស់ជាមិនមានន័យនោះទេ។ ហេតុនេះ​ដើម្បីធ្វើឱ្យជីវិតប្រសើរឡើងគឺចាំបាច់ត្រូវមានសុខភាពល្អជាមុនសិន។ បន្ទាប់មក​ទៀត យើងត្រូវចេះប្រើប្រាស់ថាមពលផ្លូវចិត្តឱ្យបានល្អដើម្បីធ្វើយ៉ាងណាឱ្យយើងមានភាពនឹងនរគ្រប់កាលៈទេសៈឬអាចនិយាយបានថា យើងអាច​គ្រប់គ្រងខ្លួនឯងបានល្អនៅពេលជួបបញ្ហា។ បន្ថែមពីលើនេះ មនុស្សក៏ត្រូវការថាមពលគំនិតដើម្បីអភិវឌ្ឍផែនការសកម្មភាពសំខាន់ៗ សម្រាប់គ្រប់កិច្ចការងារទាំងអស់។ 

កាលណាយើងមានគំនិតត្រូវ ច្បាស់ណាស់ថា​ យើងនឹងអាចបញ្ចេញសកម្មភាពត្រូវឬអាចនឹងធ្វើឱ្យជីវិតរបស់យើងសកម្មជាមួយនឹងភាពវិជ្ជមាន។ ចំណុចសំខាន់ចុងក្រោយគឺថាមពលឆន្ទៈ ព្រោះវាជាចំណុចសំខាន់បំផុតក្នុងការរក្សាគោលជំហរឱ្យនៅតែរឹងមាំមិនប្រែប្រួល៕