មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា ពេលវេលាជារឿងមានតម្លៃបំផុតសម្រាប់ជីវិត តែពេលខ្លះនៅពេលដែលយើងមិនដឹងពីវិធីក្នុងការគ្រប់គ្រងពេលវេលាឱ្យបានល្អ វាធ្វើឱ្យយើងក្លាយជាមនុស្សដែលបណ្តែតបណ្តោយឱ្យរឿងល្អៗក្នុងជីវិតរសាត់អណ្តែតចេញទៅជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Stephen R. Covey អ្នកនិពន្ធសៀវភៅ ទម្លាប់ល្អទាំង៧យ៉ាងសម្រាប់បុគ្គលឆ្នើមបានបញ្ជាក់ថា វិធីសាស្រ្តល្អបំផុតក្នុងការត្រួតពិនិត្យឡើងវិញពីពេលវេលាប្រចាំថ្ងៃ ហើយច្នៃឱ្យក្លាយជាមនុស្សមានផលិតភាពការងារខ្ពស់ គឺការត្រួតពិនិត្យមើលពេលវេលាពេញមួយថ្ងៃឡើងវិញថា តើកន្លងមកយើងបានប្រើប្រាស់ពេលវេលារបស់យើងល្អកម្រិតណា?
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបានរំឮកថាកាលណាយើងគ្មានគោលដៅប្រចាំថ្ងៃ គ្មានគោលដៅប្រចាំសប្តាហ៍ និងគ្មានគោលដៅប្រចាំឆ្នាំ យើងនឹងក្លាយជាមនុស្សម្នាក់ដែលខ្ជះខ្ជាយពេលវេលាបំផុត ព្រោះយើងគ្មាបុព្វហេតុក្នុងការរស់នៅ។ ហេតុនេះអ្វីដែលអាចធ្វើបានគឺចាប់ផ្តើមកំណត់គោលដៅ ហើយធ្វើការវាស់វែងពេលវេលារបស់យើងឱ្យបានល្អដើម្បីធានាថាយើងរស់នៅក្នុងថ្ងៃនីមួយៗប្រកបដោយអត្ថន័យនិងគុណតម្លៃ។
ដំណាក់កាលនេះ ការចាប់ផ្តើមក្នុងមួយថ្ងៃយើងអាចសាកល្បងសួរខ្លួនឯងថា តើជារៀងរាល់ព្រឹក យើងបានធ្វើអ្វីខ្លះនិងចំណាយពេលប៉ុន្មានក្រោយក្រោយពេលភ្ញាក់ពីដំណេក? បន្តាប់មកពេលចូលធ្វើការងារតើយើងចំណាយពេលប៉ុន្មានដើម្បីធ្វើអ្វីខ្លះឱ្យកើតជាប្រយោជន៍។ អ្នកខ្លះគាត់អាចរកឃើញចម្លើយល្អសម្រាប់គាត់ដោយងើបឡើងជាមួយក្តីសង្ឃឹមនិងការរក្សាសុខភាព ខណៈមនុស្សមួយចំនួនទៀតភ្ជាក់ពីដំណេកជាមួយនឹងភាពយឺតយ៉ាវ ខ្ជះខ្ជាយនិងនឿយណាយដោយសារតែការចូលគេងយប់ជ្រៅពេក ក្រោយពីចំណាយពេលច្រើនពេកកាលពីយប់ក្នុងការលេងបណ្តាញសង្គម។
បន្ថែមពីលើនេះ សម្រាប់អ្នកធ្វើការងារក៏ដូចគ្នាមានមនុស្សជាច្រើនប្រភេទផ្សេងៗគ្នា។ នៅពេលទៅដល់ការិយាល័យសម្រាប់អ្នកដែលមានការត្រៀមខ្លួនបានល្អ គេច្រើនទៅដល់កន្លែងធ្វើការងារជាមួយបំណងច្បាស់លាស់ហើយបញ្ចេញសកម្មភាពយ៉ាងសកម្មបំផុតនៅក្នុងម៉ោងដំបូង ខុសពីអ្នកដែលប្រើពេលវេលាមិនបានល្អដែលត្រូវចំណាយពេលរាប់ម៉ោងក្នុងការគិតថាតើព្រឹកនេះត្រូវធ្វើអ្វី?
បន្ថែមពីលើនេះ យើងក៏គួរសួរខ្លួនឯងផងដែរថាតើពេលវេលាប៉ុន្មានម៉ោងទៀតនៅពេលរសៀល យើងបានធ្វើអ្វីខ្លះក្នងមួយថ្ងៃៗ? ហើយពេលចេញពីធ្វើការងារតើយើងចំណាយពេលវេលានោះដូចម្តេច។
ប្រសិនបើយើងបានចម្លើយយ៉ាងល្អិតល្អន់ ហើយយើងនឹងឃើញថាក្នុងជីវិតរបស់យើង មានពេលវេលាប៉ុន្មានឬសកម្មភាពអ្វីខ្លះដែលយើងធ្វើបានល្អ ហើយរឿងណាខ្លះដែលយើងធ្វើមិនបានល្អ។ ក្រោយទទួលបានចម្លើយច្បាស់លាស់ហើយ យើងអាចព្យាយាមបង្កើនទម្លាប់ប្រចាំថ្ងៃឱ្យបានល្អជាងមុន តាមរយៈការរៀបចំផែនការសកម្មភាពល្អៗដើម្បីជួសជុលភាពខ្ជះខ្ជាយរបស់យើង៕