បុគ្គលដែលមានសណ្ដានចិត្តល្អ ក្នុងពេលគ្រោះអាសន្នគឺមិនងាយរកនោះទេ តែក៏អាចផ្ដើមចេញពីអ្នក។

តើអ្នកមានទស្សនៈយ៉ាងណា លើបញ្ហានេះ?

ដោយអ្នកខ្លះមើលឃើញថា ប្រទេសមានទុក្ខលំបាក ពលរដ្ឋជួបការលំបាកនេះជាឱកាសធំ ដែលកម្រមានផលចំនេញណាងាយស្រួលរកបែបនេះ ជាពិសេស ក្នុងពេលដែលមានជម្ងឺរាតត្បាតក្នុងប្រទេស។ឯអ្នកជំនួញពិតប្រាកដ មិនងាយនឹងធ្វើទង្វើបែបនេះឡើយទោះជាគេមើលឃើញពីឱកាសចំនេញច្រើនជាងនេះ ឬជាការបត់បែនទាន់សភាពការណ៍វិវត្តិ ក៏គេយល់ថាវាជាទង្វើអសីលធម៌ មិនសមរម និងខុសពីសភាវគតិរបស់គេ។

ដំបូងជាការចំនេញ ក្រោយមកជាអំពើអសីលធម៌ និងទទួលបានការរិះគន់

ការចំនេញបែបនេះ ជាការវ័យឆ្លាតមើលឃើញពីស្ថានភាពចាំបាច់ ហើយងាយស្រួលបើទោះជាអ្នកមិនមានជំនាញឬនិស្ស័យក្នុងជំនួញពីមុនមក ក៏គេអាចធ្វើបាន តើនេះជាគំនិតអ្នកជំនួញឬ?ប្រាកដណាស់គេតែងនិយាយថា ធ្វើជំនួញគឺដើម្បីចំនេញ

ភាពជ្រួលច្របល់មួយរយៈខ្លីនេះ យើងឃើញថា ម៉ាស់ ជែលលាងដៃអាល់កុល ក្លាយជាវត្ថុកម្រក្នុងទីផ្សារ តម្លៃចាប់ផ្ដើមឡើងថ្លៃកប់ពពកហើយអ្នកលក់ក៏ចាប់ផ្ដើមផ្សាយលក់ព្រងព្រាត នៅតាមបណ្ដាញសង្គម សូម្បីពីមុនមកអ្នកមិនធ្លាប់ស្គាល់។កន្លែងខ្លះទៀតក៏អាចមានលក់ដូចជា តាមតៀមកាហ្វេតាមដងផ្លូវ ឬកន្លែងលក់ចាប់ហួយជាដើមដើម្បីបានផលចំនេញបន្ថែម ក៏ដូចទប់ទល់ការខាតបង់។

តើអ្នកគួរតែចាប់យកឱកាសនេះ ក្នុងពេលដែលសាធារណៈជនជួបទុក្ខឬទេ?

ជាការពិតណាស់ កាលណាភាពវឹកវរកើតឡើងក្នុងសង្គមការផលិត ការផ្គត់ផ្គង់ឲ្យបានតាមតម្រូវការ ពិតជាមានការស្មុគស្មាញដោយសារតែកម្លាំងពលកម្ម វត្ថុធាតុដើម ការបញ្ជាទិញ អាចមានការរាំងស្ទះនិងមិនគ្រប់គ្រាន់តាមការចង់បាន ដែលពេលខ្លះក៏ត្រូវបញ្ជាទិញពីក្រៅប្រទេស ការបិទការនាំចូលជាដើមឯអ្នករកស៊ីឱកាសនិយមក៏អាចនឹងស្ដុកទុករបស់ទាំងនោះក្នុងពេលខ្លី ផ្ដាច់ស្ដុកផងដែរ យ៉ាងណាក៏ដោយទោះជាជំនួញដើម្បីចំនេញ​ តែតម្លៃសូមឲ្យមានភាពសមរម អាចទទួលយកបាន លើទីផ្សារ។

នេះក៏ទាមទារឲ្យ រដ្ឋចេញមុខ មានវិធានការច្បាស់លាស់លើព័ត៌មានបំពុលសង្គម បង្កឲ្យមានភាពចលាចលក្នុងសង្គម ទប់ស្កាត់ការនាំចេញវត្ថុចាំបាច់ទាំងនោះនិងធានាលើការផលិត ការផ្គត់ផ្គង់បានគ្រប់គ្រាន់ បានយូរអង្វែង ជាដើមក្នុងស្ថានភាពមានជម្ងឺរាតត្បាតក្នុងប្រទេស ទើបស្ថានភាពអាចងាកមកធម្មតាវិញបានឬក៏ធូរស្រាលឡើង។

ជាទស្សនៈ អ្នករកស៊ីពិតប្រាកដការដែលរកចំនេញក្នុងពេលវេលាមិនសមស្រប ក្នុងស្ថានភាពដែលប្រទេសជាតិវឹកវរប្រជាជនមានបញ្ហា គឺជាអំពើដែលពិបាកនឹងធ្វើទៅរួច និងខុសស្រឡះពីសភាវគតិរបស់ខ្លួន។ ផ្ទុយមកវិញអ្នករកស៊ីឬអ្នកជំនួញបែបនេះ ច្រើនតែខិតខំរកទិញសម្ភារៈ ជាម៉ាស់ ទឹកលាងដៃ ដើម្បីផ្ដល់ជូនដល់ប្រជាជនឬអ្នករងគ្រោះដែលត្រូវការចាំបាច់ដោយមិនគិតកម្រៃឬក្នុងតម្លៃធម្មតា ឬធ្វើកម្មវិធីអប់រំផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋចេញមុខទប់ស្កាត់ព័ត៌មានខុសការពិត ជំនួសឲ្យការគេងចំនេញនៅនឹងមុខប្ដូរជាអំពើមនុស្សធម៌ទៅវិញ។

ការរកស៊ីចំនេញដោយអសីលធម៌ខាងលើ ជាអ្នកជំនួញឳកាសនិយមពុំមិនមែនជាអ្នកជំនួញពិតប្រាកដនិងយូរអង្វែង។ អ្នកជំនួញបែបនេះ ពិតជារបរមួយដែលកាក់កបខ្លាំងក្នុងកាលៈទេសៈនេះតែយើងក៏នឹងមិនសូវឃើញមុខគាត់ទេ ក្នុងពេលប្រទេសជាតិ ស្ថិតក្នុងភាពសុខសាន្ត៕

#អត្ថបទអ្នកសិក្សា