ប្រភេទក្រុមឈាមរបស់មនុស្សមាន ៤ធំៗគឺ ប្រភេទក្រុមឈាម A ឈាម B ឈាម AB និងក្រុមឈាម O។ តាមការស្រាវជ្រាវវិទ្យាសាស្រ្តបង្ហាញថា លក្ខណៈ ឬអត្តចរិតជារួម នឹងបង្ហាញលើមនុស្សតាមប្រភេទក្រុមឈាមរបស់ពួកគេ។ ក្រឡេកមើលទៅប្រទេសជប៉ុនឯណោះ ពលរដ្ឋជប៉ុន មានជំនឿលើរឿងនេះខ្លាំងតាំងពីទសវត្សឆ្នាំ១៩៣០ ដោយហេតុថាមានការស្រាវជ្រាវផ្ទាល់របស់សាស្រ្តាចារ្យជំនាញ ទៅលើឧបនិស្ស័យរបស់មនុស្ស ទៅតាមក្រុមឈាម ពិសេសលើផ្នែកការងារ និងស្នេហា ហើយលទ្ធផលទូទៅដែលពួកគេបានឃើញគឺ ពិតដូចទៅនឹងទ្រឹស្តីវិទ្យាសាស្រ្ត។ ចង់ដឹងថាប្រភេទឈាមបង្ហាញពីអត្ថចរិតមនុស្សម្នាក់ៗ ប្លែកគ្នាតាមក្រុមឈាមដូចម្តេចខ្លះអានទាំងអស់គ្នា៖
១.អត្តចរិតមនុស្សប្រភេទក្រុមឈាម A
អ្នកដែលមានប្រភេទក្រុមឈាម A គឺជាមនុស្សឆាប់រំភើប ឆាប់រងប្រតិកម្ម មានភាពសហការល្ អអារម្មណ៍ជ្រាលជ្រៅ ជក់ចិត្តលើរឿងអ្វីមួយខ្លាំង ហើយក៏មានភាពឆ្លាតវៃផងដែរ។ តាមវិទ្យាសាស្រ្ត ពួកគេជាមនុស្សពូកែអត់ធន់ ស្មោះត្រង់ និងស្រលាញ់ក្តីស្ងប់សុខដូចនេះពួកគេមិនសូវជាចូលចិត្តចង់មានជម្លោះជាមួយនរណាទេ។ ប៉ុន្តែក្នុងពេលខ្លះពួកគេក៏ប្រតិកម្មខ្លាំងណាស់ដែរ។ ពួកគេ មិនចូលចិត្តបំពានច្បាប់ទម្លាប់ ដែលកំណត់ដោយសង្គមនោះទេ និងចូលចិត្តគោរពតាមវិន័យ។
***កត់សម្គាល់ផងដែរថា ពួកគេចំណាយពេលច្រើនក្នុងការសម្រេចចិត្ត និងព្រិតព្រៀងខ្លាំងក្នុងជីវិត ប៉ុន្តែមិនអាចធ្វើការងារច្រើនក្នុងពេលតែមួយបានទេ។ មានសណ្តាប់ធ្នាប់របៀបរៀបរយជាចំណូលចិត្តរបស់ពួកគេ ហើយមនុស្សក្នុងក្រុមឈាមនេះច្រើនងាយកើតស្រ្តែស ដោយសារកម្រិតអ័រម៉ូនស្រ្តែស(Cortisol) ច្រើនក្នុងខ្លួន។
២.អត្តចរិតមនុស្សប្រភេទក្រុមឈាម B
អ្នកសម្គាល់មើលថាពួកគេជាមនុស្សច្នៃប្រឌិត និងសម្រេចចិត្តលឿន។ ប៉ុន្តែពួកគេមិនពូកែខាងធ្វើអ្វីៗតាមលំដាប់ ឬឱ្យមានសណ្តាប់ធ្នាប់នោះឡើយ។ ពួកគេមានចំណង់ខ្លាំងលើអ្វីមួយពេលដែលគេចាប់អារម្មណ៍និងយកចិត្តទុកដាក់ផ្តោតលើរឿងនោះ។ ប៉ុន្តែក៏ដូចអ្នកក្រុមឈាមA ដែរ ពួកគេមិនសូវជាអាចធ្វើការងារច្រើនក្នុងពេលតែមួយនោះទេ។
***កត់សម្គាល់ផងដែរថា មនុស្សក្រុមឈាម B ជាអ្នកគិតស៊ីជម្រៅ និងដាច់អហង្ការចំពោះមនុស្សគ្រប់គ្នាហើយមិត្តភក្តិពួកគេច្រើនតែជាមិត្តភក្តិល្អ និងជាមនុស្សទុកចិត្តបានប៉ុណ្ណោះ។ ក្រុមមនុស្សឈាម B ច្រើនជួបការរើសអើងច្រើន ដោយសារអត្តចរិតអាត្មានិយម និងមិនសូវសហការ។ ដូចនេះសង្គមច្រើនមើលពួកគេក្នុងផ្លូវអវិជ្ជមាន ច្រើនជាងចំណុចល្អរបស់ពួកគេ ជាហេតុនាំឱ្យពួកគេមិនសូវមានមិត្តភក្តិច្រើនទេ។
៣.អត្តចរិតមនុស្សប្រភេទក្រុមឈាម AB
អ្នកមានក្រុមឈាម AB គឺមានន័យថាពួកគេប្រៀបដូចនឹងការបញ្ចូលអត្តចរិតក្រុមអ្នកឈាម A និង B បញ្ចូលគ្នា។ ពួកគេច្រើនសម្គាល់ថាជាមនុស្សស្មុគស្មាញ ពិបាកយល់ពីពួកគេពេលខ្លះដូចអ្នកក្រុមឈាម A ហើយពេលខ្លះដូចអ្នកក្រុមឈាម B ។ ពួកគេច្រើនព្យាយាមលាក់អត្តចរិតពិតពួកគេ ពីអ្នកមិនធ្លាប់ស្គាល់គ្នា ហើយអ្នកចង់ស្គាល់ពួកគេច្បាស់ ទាល់តែត្រូវចំណាយពេលខ្លះ ទើបអាចសម្រេចថាពួកគេជាមនុស្សបែបណា។
***កត់សម្គាល់ផងដែរថា ក្រុមឈាម AB ជាប្រភេទឈាមដែលកម្រមិនសូវមាន នៅទូទាំងពិភពលោក។ពួកគេច្រើនជាមនុស្សមានគេចាប់អារម្មណ៍ច្រើន និងងាយស្រួលក្លាយជាមិត្តភក្តិនរណាម្នាក់ ប៉ុន្តែពួកគេប្រុងប្រយ័ត្ នម៉ត់ចត់ខ្លាំង ពេលដោះស្រាយបញ្ហាជាមួយនរណាមួយ និងជាមនុស្សសម្រេចដាច់ណាត់ផងដែរ។ ហើយអ្វីដែលពិសេសទៀតនោះគឺ ពួកគេច្រើនពូកែខាងវិភាគ និងត្រិះរិះជាទេព្យកោសល្យពីធម្មជាតិរបស់ពួកគេ។
៣.អត្តចរិតមនុស្សប្រភេទក្រុមឈាម O
អ្នកមានក្រុមឈាម O ច្រើនតែជាមនុស្សហ៊ានធ្វើ ចូលចិត្តចេញដើរហើរខាងក្រៅ និងរៀនពីបទពិសោធថ្មីៗប្លែក។ ពួកគេច្រើនមានទម្លាប់បង្កើតគោលដៅ ឬដាក់លក្ខខណ្ឌខ្ពស់សម្រាប់ខ្លួនឯង និងធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចក្តីសុបិន្តនោះ។ ពួកគេជាមនុស្សដែលមានភាពដឹកនាំក្នុងខ្លួន ហើយអ្វីៗជាឧបសគ្គច្រើនមិនអាចរារាំង ឬឆាឆៅ ចិត្តសម្រេចគោលដៅគេឡើយ ដែលច្រើនធ្វើឱ្យពួកគេក្លាយជាមនុស្សគិតតែពីខ្លួនឯងដោយមិនដឹងខ្លួន។
***កត់សម្គាល់ផងដែរថា ក្រុមមនុស្សឈាម O ជាមនុស្សអាចសម្របខ្លួនបានល្អ ជាមួយស្ថានភាពប្រែប្រួលផ្សេងៗ។ ពួកគេចេះបត់បែន និងដោះស្រាយបញ្ហាក្នុងស្ថានការណ៍តឹងតែង បានល្អជាងប្រភេទក្រុមឈាមដទៃ។ ចំណុចពិសេសៗបន្ថែមនៃអត្តចរិតពួកគេដូចជា ភាពជឿជាក់ ប្រុងប្រយ័ត្ន ឯករាជ្យ ទុកចិត្តបាន និងលះបង់ផងដែរ៕
ប្រភព៖