កៅ សេងហួរ ដែលអ្នកស្ថិតក្នុងវិស័យផលិតភាពយន្តគំនូរជីវចលខ្មែរស្គាល់ថា មួយហួរ ជាយុវវ័យ LGBT (អ្នកដែលស្រឡាញ់ភេទដូចគ្នា) ម្នាក់ដែលទទួលបានពានរង្វាន់លេខមួយ របស់កម្មវិធីប្រកួតគំនូរជីវចល Digicon6 បែប Animation របស់ទទូរទស្សន៍ជាតិ ទទក ឆ្នាំ ២០១៩ហើយបច្ចុប្បន្នជាយុវវ័យកំពុងមានការងារដ៏ល្អ ក្នុងក្រុមហ៊ុនធំមួយនៅរាជធានីភ្នំពេញ។
កាលពីឆ្នាំ ២០១៩ មួយហួរ បានផលិតរឿងគំនូរខ្លីមួយចំណងជើង ថា «ពណ៌» ដែលជាភាពយន្តខ្លីនិយាយអំពីបញ្ហារើសអើងក្នុងសង្គម ទៅកាន់ក្រុមមនុស្ស LGBT ហើយបានជាប់ពានរង្វាន់លេខមួយ ពីកម្មវិធីព្រមជាមួយឱកាសទៅកាន់ប្រទេសហុងកុង និងបានចូលរួមកម្មវិធីចែករំលែកផ្សេងៗរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ពីបញ្ហាសិទ្ធិមនុស្ស និងបញ្ហា LGBT នេះ។ ជាមួយជំនាញ និងសមត្ថភាពកម្រក្នុងប្រទេស មួយហួរ ទទួលបានការងារល្អនិងប្រាក់បៀរវត្សន៍សមរម្យ និងកេរ្តិ៍ឈ្នោះល្អក្នុងវិស័យច្នៃប្រឌិតនេះ នាងប្រាប់ទៀតថា នាងនឹងបន្តការងារផលិតគំនូរជីវចលរបស់ខ្លួន ថែមទាំងខិតខំឱ្យក្លាយជា Creative Director ម្នាក់ក្នុងវិស័យភាពយន្តរបស់ប្រទេសកម្ពុជា។
ពិតជាគួរឱ្យកោតសរសើរដល់យុវជន មួយហួរ ណាស់មែនទេ ពេលបានដឹងពីដំណើរជោគជ័យរបស់ មួយហួរ បច្ចុប្បន្ននេះតែខាងក្រោយនៃភាពជោគជ័យ មួយហួរធ្លាប់ជាសិស្សបាតតារាង ធ្លាប់ទទួលបានការរើសអើងរងពាក្យសម្ដីចំអកឡក់ឡើយ និងការបង្អុះបណ្អាប់។ ពិសេសភាពក្រីក្រ ជារនាំយ៉ាងក្រាស់ដែលមួយហួរ បានឆ្លងកាត់ ពុះពារ និងហែលឆ្លងតាំងពីក្មេង រហូតដល់ពេញរូបពេញរាងក្នុងសង្គមមួយដែល LGBT ជាមនុស្សប្លែកពីមនុស្សទូទៅពេកពិបាកជ្រៀតចូលក្នុងសង្គមទូទៅណាស់។ នេះបើតាមការលើកឡើងរបស់ មួយហួរ។
ឆ្នាំ២០២០នេះ មួយហួរ មានវ័យ ២៣ ឆ្នាំ នាងជាកូនទី២ ក្នុងគ្រួសារមួយនៅខេត្តបាត់ដំបង ហើយក៏ជាក្មេងម្នាក់ដែលស្គាល់ខ្លួនឯងថាជា LGBT តាំងតែពីក្មេង ហេតុនេះ នាងយល់ច្បាស់ថា ខ្លួនមានបញ្ហាអ្វីខ្លះក្នុងសង្គម តែផ្ទុយពីការបាក់ទឹកចិត្ត ឬប្រព្រឹត្តអ្វីខុសក្នុងសង្គម នាងបានផ្លាស់ប្ដូរវាសនារបស់ខ្លួនតាមរយៈការរៀនសូត្រ និងរៀនជំនាញផលិតគំនូរជីវចលនៅសាលា ហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង។
ក្រោយពី មួយហួរ បញ្ចប់ថ្នាក់ទី ១២ នាងសម្រេចចិត្តជ្រើសរើសមករៀននៅសាលាហ្វាពន្លឺសិល្បៈ ព្រោះតែស្រលាញ់សិល្បៈគំនូរ ហើយក៏មិនមានគំនិតណាមួយទៅរៀនជំនាញផ្សេង ជាមួយនិងជីវភាពក្រីក្រ ដែលម្ដាយនាងជាស្រ្តីមេម៉ាយ និងមានបន្ទុកកូនរហូតដល់ទៅ ៣នាក់។
មួយហួរ បន្តថា ដើមឡើយ នាងជាសិស្សបាតតារាងនៅសាលាហ្វា ហើយគ្រូជាច្រើនស្ទើរតែអស់សង្ឃឹមព្រោះតែនាងមិនបានមករៀនទៀងទាត់ក្នុងឆ្នាំទី មួយដោយសារនាងត្រូវដើរធ្វើការពេលយប់ ជាអ្នករត់តុកតាមកម្មវិធីនានាដើម្បីយកលុយមករៀនជំនាញ។ នាងត្រូវអត់ធ្មត់ និងរងការលំបាកគ្រប់បែបយ៉ាងក្នុងវ័យក្មេង ហើយរក្សាការសិក្សារបស់ខ្លួនទាំងរដាប់រដួស ដែលស្ទើរតែបោះបង់ម្តងៗ តែគំនិតមួយកើតឡើងថា បើនាងមិនខិតខំមួយជីវិតនេះនាងមិនអាចរស់ផុតពីការមើលងាយរបស់អ្នកដទៃឡើយហើយក៏មិនអាចមានថ្ងៃនេះដែរ។
ជីវិតរបស់អ្នកLGBT ភាគច្រើនគឺស្រដៀងៗគ្នាជាមួយមួយហួរ ដែលរងការរើសអើងនិងភាពព្រួយបារម្មណ៍ពីជីវភាពនាពេលអនាគត តែជាក់ស្ដែងការដែលមិនបោះបង់ទំនុកចិត្ត និងការប្រឹងប្រែងមិនត្រូវខ្វល់នឹងពាក្យអ្នកមោះសារទាំងឡាយ ហើយអ្វីដែលមួយហួរធ្វើគឺ ផ្តោតលើការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាជាងផ្តោតលើសម្ដីរបស់អ្នកដទៃ ហើយជាលទ្ធផលគឺនាងទទួលបានការទទួលស្គាល់ថា LGBT មិនមែនជាបញ្ហាទេតែ LGBT ជាធនធានមនុស្សដែលសង្គមត្រូវការដូចគ្នាស្មើរគ្នានឹងប្រភេទមនុស្សដទៃដូចគ្នា។
ចុងក្រោយ មួយហួរ លើកឡើងថា៖ «ទីមួយ យើងគួរតែជ្រើសរើសអ្វីដែលខ្លួនស្រលាញ់ ហើយព្យាយាមរៀនសូត្រ ឱ្យមានជំនាញ ហើយក្នុងសង្គមជាក់ស្ដែង LGBT មិនមែនជាបញ្ហា តែយើងត្រូវមានជំនាញផ្ទាល់ខ្លួន ដើម្បីរស់ឱ្យបានល្អហើយធ្វើអ្វីដែលសង្គមឱ្យតម្លៃទៅ ខ្ញុំជឿថាមិនខ្វះទេអ្នកគាំទ្រនឹងជួយឱ្យយើងឱ្យមានការងារ និងឱកាសជាច្រើនក្នុងជីវិតនេះ ខ្ញុំជឿជាក់ចឹង»៕