សម័យទំនើបសព្វថ្ងៃកូនចៅ ច្រើនមានសិទ្ធិរើសគូជីវិតដោយខ្លួនឯង ដោយម៉ែឪ ពុំបានបង្ខិតបង្ខំគេទេ គ្រាន់តែណែនាំខ្លះៗប៉ុណ្ណោះ។ គេលែងប្រើពាក្យថា នំមិនធំជាងនាទ្បិ ទៀតហើយ។
តែទោះជាយ៉ាងណាក៏បុគ្គលត្រូវគិតគូរឱ្យបានវែងឆ្ងាយបន្តិចមើលគេមើលឯង មើលឆ្វេងមើលស្តាំផង កុំគ្រាន់តែឃើញនុយត្របាក់ភ្លាម ដែលមិនសម នាំឱ្យវេទនាខ្លួន។ តាមរយៈសៀវភៅរៀបរៀងដោយភិក្ខុ វជិរប្បញ្ញោ គូ សុភាព ស្តីពីយល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍ជាការប្រែសម្រួលពីព្រះពម៌ ដែលជាពាក្យទូន្មានសម្រាប់ជាគតិត្រិះរិះពិចារណាក្នុងផ្នែកមួយនិយាយអំពីការរើសគូស្រកររបស់បុរសបានបង្ហាញនូវចំណុចសំខាន់ៗពីរធំៗដូចខាងក្រោម៖
បុរសមិនគួរស្រឡាញ់ស្ត្រី៥ប្រភេទ
១.ស្រ្តីមានសម្រស់ឆើតខ្លាំង
ព្រោះគេក៏ចង់បានឯងក៏ចង់បាន បើបានមកហើយក៏លំបាកការពារថែរក្សា។ ស្រ្តីខ្លះល្អតែរូបតែចិត្តគំនិតមិនកើតយកជាការមិនបាន ពូកែតែងខ្លួនលាបក្រេម ផាត់ម្សៅពោរៗ ប្តីប្រឹងលៀនភ្នែកយកមកផ្គាប់ចិត្តប្រពន្ធខ្លាចគេបែកចិត្ត។
២.ស្រ្តីមានបុរសស្រឡាញ់ច្រើន
កុំប៉ះពាល់របស់គេក្រែងមានរឿងមិនដឹងខ្លួនស្នេហាត្រីកោណ មិនសូវល្អទេច្រើនស្លាប់ខ្លួនបើជ្រុលស្រឡាញ់សុំដកពាក្យវិញឱ្យឆាប់កុំឱ្យលង់ខ្លួនទាន់។
៣.ស្ត្រីពូកែរាំច្រៀង
មិនមើលងាយអ្នករបាំទេ តែមានអ្នកខ្លះមិនល្អមែន មានប្រុសពពាក់ពពូន មិនដឹងមួយណាមួយណីជួនជាប្រពន្ធចុងគេកើតក្តីក្តាំត្រូវទឹកអាស៊ីតខ្លះក៏មាន។
៤.ប្រពន្ធគេ
មានប្តីហួងហែងរក្សាកុំប៉ះពាល់ កុំធ្វើសាហាយស្មន់មិនល្អឈ្មោះទេ។ បើប្តីគេដឹងស្លាប់ខ្លួនឥតអំពើ។ រាប់រក ទៅមក ឱ្យល្មមឱ្យសមភ្នែកគេកុំឱ្យគេចាប់ថ្នាក់បានក្រែងជាប់ទោស។
៥.ស្រ្តីស្រឡាញ់តែមាសប្រាក់
ពូកែអែបអបបោកប្រាស់យកលុយចាយ។
ស្រ្តី ៥ប្រភេទនេះ គួរជៀសវាងកុំសេពគប់យកជាភរិយា ព្រោះមិនអាចសាងសុភមង្គលបានទេ។
លក្ខណៈស្រ្តីគួរយកជាភរិយា
គួរសង្កេតមើលលក្ខណៈអាកប្បកិរិយា អត្តចរិតឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តយកស្រ្តីណាមួយមកធ្វើជាភរិយា។ ស្រ្តីដែលគួរយកធ្វើភរិយាមានលក្ខណៈ ៧យ៉ាងដូចខាងក្រោម៖
១.មានវ័យប្រហាក់ប្រហែលគ្នា
កុំឱ្យខុសគ្នាឆ្ងាយពេកបើប្រពន្ធក្មេង ប្តីចាស់ចូលក្បួនបរា មិនសុខចម្រើនទេ។
២.យល់ចិត្តថ្លើមគ្នា
ស្រឡាញ់គ្នាព្រមព្រៀងគ្នាមានអធ្យាស្រ័យត្រូវគ្នា អាចរស់នៅជាមួយគ្នាកើត។
៣.ប្រព្រឹត្តតាមចិត្តគ្នា
គឺប្តីចង់ធ្វើចង់រកអ្វីជួយជ្រោមជ្រែងលើកទឹកចិត្តគ្នាទៅវិញទៅមក មិនអង្គុយចាប់កំហុសគ្នាទេ។
៤.ចង់បានទ្រព្យតាមគន្លងធម៌
បានដោយសុចរិតទៀងត្រង់ដោយកម្លាំងញើសឈាមរបស់ខ្លួនឯង មិនមែនជាស្រ្តីល្មោភលោភលន់ហួសហេតុនោះទេ។
៥.មានកូន
មិនមែនជាស្រ្តីអាអត់កូន។
៦.មានចរិយាមារយាទសមរម្យ
ចេះគោរពចាស់ទុំរៀមច្បង មិនតម្កើងឬកចើងម៉ើងឆ្មើងឆ្មៃមើលងាយអ្នកដទៃ។ មានសម្តីពិរោះពិសារ ផ្អែមល្ហែមចេះដឹងខុសត្រូវ គួរមិនគួរ។
៧.ចេះបម្រើប្តី
ដឹងទុក្ខធុរៈបម្រើបាយទឹក បោកគក់សម្លៀកបំពាក់បោសច្រាសទីដេកទីសំណាក់អាស្រ័យឱ្យបានស្អាតបាតជាដើម។
ស្រីល្អគ្រប់លក្ខណ៍មិនងាយរកបានទេដូចពាក្យធនញ្ជ័យនិយាយថា"នាងទាំងអស់នេះមិនមែនជាស្រីទេ សុទ្ធតែញី" មានន័យថាស្រ្តីមិនងាយអនុវត្តតាមក្រិតក្រមរបស់ខ្លួនឱ្យបានបរិបូណ៍ឡើយ។
តែបើអាចប្រតិបត្តិខ្លួនបានជាភរិយាល្អរមែងជាទីស្រឡាញ់ពេញចិត្តនៃស្វាមី។ ធ្វើយ៉ាងនេះបានប្តីមិនងាយបែកចិត្តផ្តេសផ្តាស់ទេ ព្រោះនឹកអាណិតប្រពន្ធដែលចេះដឹងមានមារយាទល្អ។
កំណត់សម្គាល់៖ សម្រាប់ខ្លឹមសារខាងលើនេះនឹងបានជាភ្លើងទៀនដ៏តូចមួយជួយបង្ហាញផ្លូវដល់មិត្តអ្នកអានគ្រប់រូបដើម្បីស្វែងរកអនាគតដ៏ភ្លឺស្វាងនិងមានសុភមង្គល។ សម្រាប់អ្នករៀបរៀង(លោកគ្រូ គូ សុភាព)មិនអះអាងថារាល់ខ្លឹមសារខាងលើសុទ្ធតែត្រឹមត្រូវនោះទេ ប៉ុន្តែប្រិយមិត្តអ្នកអានអាចពិចារណាដោយខ្លួនឯង។
ប្រភព៖សៀវភៅរៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ គូ សុភាពស្តីពី យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍