ក្នុងជីវិត គំនិតនិងទស្សនៈ អ្នកនឹងអាចពិចារណាឃើញនូវចំណុចពិតរួម ដែលអ្វីៗកើតឡើងបានបង្រៀនមកលើជីវិត។ដូចនេះ ចំណុចនៃការពិតខ្លះៗ ត្រូវបានបង្ហាញ សម្រាប់ទុកជាការពិចារណាក្នុងជីវិតរស់នៅប្រចាំថ្ងៃដែលចំណុចទាំងនោះ មិនថាយុវវ័យគឺអាចថ្លឹងថ្លែងពិចារណាមើលក្នុងទិដ្ឋភាពរស់នៅបាន៖
១. ជីវិតរស់នៅរបស់មនុស្សមានរយៈពេលខ្លី
ចំណុចនេះចង់ឆ្លុះបញ្ជាំងឱ្យឃើញថាដំណើរជីវិតមនុស្សយើងបើគិត គឺមានរយៈពេលខ្លីណាស់ក្នុងការបំពេញអត្ថន័យឱ្យជីវិតនោះ ដែលអត្ថន័យនៃជីវិតគឺសម្តៅទៅលើបំណងប្រាថ្នាការចូលរួមចំណែកជាប្រយោជន៍ដល់មនុស្សជាតិ ការជួយទុក្ខធុរៈអ្នកជុំវិញខ្លួននិងការមើលថែក្រុមគ្រួសារជាដើម។ ដូចនេះ ការធ្វើរឿងដែលមានប្រយោជន៍ រឿងត្រឹមត្រូវនិងផ្តល់ក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមក ជារឿងមួយដែលមនុស្សគ្រប់រូបគួរពិចារណា។
២. គឺរូបអ្នកផ្ទាល់កំណត់និយមន័យនៃជីវិតអ្នក
អ្នកអាចសាកល្បងពិចារណាថាគោលដៅរបស់អ្នក ជីវិតរស់នៅរបស់អ្នក គឺសុទ្ធសឹងផ្តើមចេញពីការកំណត់របស់អ្នកដោយផ្ទាល់ ព្រោះវាកើតចេញពីការសម្រេចចិត្តធ្វើនិងរស់នៅជាអ្នកផ្ទាល់ ពោលអ្នកផ្សេងៗ គ្រាន់តែផ្តល់យោបល់ទៅតាមការយល់ឃើញរបស់ពួកគាត់ប៉ុន្តែបុគ្គលម្នាក់ដែលសំខាន់បំផុត និងជាអ្នកកំណត់ជោគវាសនាអ្នកផ្ទាល់គឺរូបអ្នកនេះហើយ។
៣. រវល់តែមិនគួរភ្លេចរឿងសំខាន់ដែលត្រូវធ្វើ
ចំណុចនេះសម្តៅថាកិច្ចការរកស៊ី ការងារប្រចាំថ្ងៃគឺពិតជាត្រូវបំពេញ ប៉ុន្តែទន្ទឹមនឹងនោះការបំពេញតួនាទីសម្រាប់អ្នកមានគុណអ្នក មនុស្សជាទីស្រលាញ់អ្នកក៏មិនគួរភ្លេចពួកគេនោះដែរ។ នេះក៏ព្រោះថា អ្វីៗគឺមិនទៀងទាត់ហើយអ្នកអាចបំពេញតួនាទីនោះបានទោះតិច ឬច្រើនក្តី។
៤. បរាជ័យតែងកើតមានឡើងនៅមុនពេលមានឈ្មោះថាជោគជ័យ
អ្នកអាចសាកសួរអ្នកសម្រេចបានសមិទ្ធិផលជោគជ័យជាច្រើននាក់ ភាគច្រើនអ្នកនឹងអាចឃើញថា នៅពីក្រោយលទ្ធផលទាំងនោះគឺបានមកពីការជម្នះឧបសគ្គដែលមាន ការព្យាយាមម្តងហើយម្តងទៀត ទឹកភ្នែកពីការបរាជ័យនិងការក្រោកឡើងវិញមិនបោះបង់។
៥. ការគិតនិងការអនុវត្តជារឿងពីរផ្សេងគ្នា
សម្រាប់ចំណុចនេះគឺចង់សម្តៅទៅលើ ចំណុចនៃការគិតទុកមុនគឺមានភាពរលូន និងអាចដោះស្រាយបានក្នុងកាលៈទេសៈមួយចំនួនប៉ុន្តែសម្រាប់ការប្រព្រឹត្តជាក់ស្តែងពេលខ្លះ គឺនឹងអាចពើបប្រទះនឹងបញ្ហាចាក់ស្រេះ រឿងមិនអាចស្មានដល់ដែលតម្រូវឱ្យអ្នកសម្រប ឬព្រមទទួលនូវអ្វីដែលកើតឡើងនោះខ្លះ។
៦. អ្នកមិនគួររង់ចាំពាក្យសុំទោស ក្នុងការអភ័យទោសឡើយ
មែនហើយពេលខ្លះអ្វីៗមិនល្អដែលកើតឡើងពីមជ្ឈដ្ឋានខាងក្រៅមកលើរូបអ្នក ធ្វើឱ្យអ្នកឈឺចាប់ បើរឿងនោះអាចដោះស្រាយបានអ្នកអាចដោះស្រាយភ្លាមៗ។ ករណីដែលវាកន្លងផុតហើយ ហើយការរំលឹកពីវាធ្វើឱ្យអ្នកឈឺចាប់ម្តងទៀតអ្នកគួររៀនដោះលែងវា ពោលគឺអត់អោនទៅលើទង្វើដែលបានកើតឡើងនោះ ហើយអ្នកមានបទពិសោធល្អក្នុងការចៀសឆ្ងាយពីទង្វើមិនល្អនោះមិនអាចកើតមានជាថ្មី។
៧. អ្នកមានភារកិច្ចស្រលាញ់ មើលថែរូបអ្នក
ការមើលថែផ្តល់ក្តៅស្រលាញ់ដល់មនុស្សគ្រប់គ្នានោះ គឺអ្នកអាចធ្វើបានតាមលទ្ធភាពដែលមានហើយអ្នកក៏មានភារកិច្ចមួយផ្ទាល់ខ្លួនផងដែរនោះគឺការមើលថែរក្សាខ្លួនឯងឱ្យបានល្អប្រសើរ មិនថាការអភិវឌ្ឍសមត្ថភាពចំណេះដឹងការមើលថែរក្សាសុខភាពជាដើម ។ល។