ទូរសព្ទកាន់ប្រើរាល់ថ្ងៃ ចៀសមិនបាន តែបើភ្លេចខ្លួន គ្នាយើងដឹងហើយថា ទាំងអេក្រង់ និងតួទូរសព្ទសុទ្ធតែជាកន្លែងប្រមូលផ្តុំដោយមេរោគផ្សេងៗ ដែលយើងមិនដឹង។ ស្របពេលដែលហានិភ័យពី COVID-19 ពុំទាន់ស្រាកស្រាន្ត ចំណុចមួយចំនួនដែលណែនាំដោយក្រុមអ្នកជំនាញនៅមន្ទីរពិសោធផ្នែកកម្ចាត់មេរោគ បានណែនាំជាគន្លឹះដូចខាងក្រោម៖
១. បើអាចចៀសបាន ពីទីកន្លែង ឬមធ្យោបាយសាធារណៈ គួរចៀស
ចំណុចក្រើនរំលឹកសំខាន់ ដែលអ្នកជំនាញណែនាំនោះគឺ គួរចៀសវាង ការចុចទូរសព្ទញឹកញាប់នៅទីកន្លែងសាធារណៈ ឬនៅទីកន្លែងធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនរួមមួយចំនួន។ ប្រការនេះ ព្រោះថា នៅទីកន្លែងសាធារណៈ អ្នកអាចកាន់ ឬប៉ះពាល់វត្ថុមួយចំនួន ដែលមានមេរោគ រួចមកកាន់ទូរសព្ទដោយមិនបានចាប់អារម្មណ៍ ដែលជាផ្នែកមួយនៃហានិភ័យផងដែរ ពិសេសនៅលើអេក្រង់ទូរសព្ទដែលជាកន្លែងប៉ះពាល់ច្រើន និងជាបណ្តុំនៃមេរោគ។
២. ប្រើទូរសព្ទនៅបន្ទប់ទឹក ក៏គួរគប្បីចៀសវាង
ក្នុងការសិក្សាស្រាវជ្រាវមួយនៅឆ្នាំ២០១៨ បានរកឃើញថា វត្ថុដែលយកចេញចូលបន្ទប់ទឹក គឺមានបាក់តេរី និងមេរោគតោងជាប់ ដែលល្មមអាចបង្កបញ្ហាជាជំងឺផ្សេងៗដល់អ្នកប្រើ។ ដូចនេះការ ចេញទៅប្រើទូរសព្ទខាងក្រៅទីកន្លែងបន្ទប់ទឹក ជាជម្រើសប្រសើរ។
៣. នៅកន្លែងផ្ទះបាយ កំពុងធ្វើម្ហូបក៏គួរចៀសវាងដែរ
ពេលអ្នកកាន់ទូរសព្ទមើលវីដេអូបណ្តើរ ចុចបណ្តើរ ហើយទៅកាន់គ្រឿងសាច់ឆៅមិនទាន់ចម្អិន និងក្រោយពេលចម្អិន ហានិភ័យមេរោគច្រើននៅលើអេក្រង់ទូរសព្ទ ឆ្លងទៅម្ហូប និងប៉ះពាល់ដោយប្រយោលទៅក្នុងរាងកាយរបស់អ្នក។ ជម្រើសល្អនោះគឺទុកទូរសព្ទក្នុងហោប៉ៅសិន និងលាងសម្អាតដៃឱ្យបានស្អាត ទាំងមុន និងក្រោយពេលចម្អិន។
៤. ការពារទូរសព្ទចៀសឆ្ងាយពីមេរោគ នៅកន្លែងហាត់ប្រាណ (Gym)
កន្លែងហាត់ប្រាណ ឧបករណ៍ហាត់ប្រាណ ជាទីកន្លែងមនុស្សប្រើប្រាស់ច្រើននាក់ ដូចនេះ បាក់តេរី មេរោគផ្សេងៗ នឹងតោងជាប់ ប្រសិនបើទីកន្លែងនោះ ពុំបានសម្អាត អនាម័យបានត្រឹមត្រូវ។ ដូចនេះការទុកទូរសព្ទក្នុងកាបូប កាតាបអ្នកឱ្យត្រឹមត្រូវ ជាជម្រើសដ៏ប្រសើរ។
បន្ថែមពីគន្លឹះខាងលើ ការជូតសម្អាតទូរសព្ទយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ ក៏ជាចំណុចសំខាន់មួយផងដែរ ដែលក្រុមអ្នកជំនាញបានណែនាំ៕