គ្រួសារដែលមានន័យ ជារួមគឺជាកន្លែងផ្តល់កក់ក្តៅ ទំនុកចិត្ត សាមគ្គីភាព និងរីកចម្រើនលូតលាស់ជាមួយគ្នាហើយដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ ទន្ទឹមនឹងនោះគ្រួសារមួយដែលកក់ក្តៅកើតឡើងបានក៏ដោយសារផ្តើមពីមនុស្សពីរនាក់ គឺបុរស និងនារីដែលនៅជាមួយគ្នា ជាអ្នកបង្កើតវាឡើង ហើយផ្តើមសុភមង្គលក៏ដោយសារអ្នកទាំងពីរ ចេះបង្កើតវាឡើងនិងចេះថែរក្សាវាឱ្យគង់វង្សរហូតទៅ ដែលពេលខ្លះចំណុចបង្កើតជាក្តីសុខសុភមង្គលនោះអាចផ្តើមពីចំណុចមួយចំនួនដូចជា៖
១. ផ្ទះ
ចំណុចនេះសម្តៅទៅលើគម្រោងផ្សេងៗដែលអ្នកអាចច្នៃផ្ទះអ្នក ឬផ្ទះគ្រួសារដែលមានស្រាប់ ឬផ្ទះនឹងទិញសម្រាប់ថ្ងៃខាងមុខ។ ការផ្តោតលើគម្រោងផ្សេងៗលើផ្ទះនេះក៏ព្រោះថាផ្ទះជាកន្លែងដែលភ្ជាប់ទំនាក់ទំនងមិនអាចខ្វះបានរវាងអ្នកនិងគ្រួសារមិនថាគូស្វាមីភរិយា អ្នក ឬសមាជិកគ្រួសារ។
អ្នកអាចពិនិត្យមើល នូវទីតាំង ពេលវេលាកម្លាំង និងថវិកា និងអាចធ្វើបញ្ជីសកម្មភាពដែលអ្នកអាចរួមគ្នាជាមួយគ្រួសារធ្វើគម្រោងនោះជាមួយគ្នាឧទាហរណ៍អ្នកអាចរៀបចំដាក់តាំងគំនូរក្នុងផ្ទះឱ្យបានស្អាតឬមួយសមាជិកណាម្នាក់ដឹកនាំរៀបចំសួនផ្កា និងរៀបសួនបន្លែនៅផ្ទះជាដើមដែលនេះមិនត្រឹមបង្កើតអនុស្សាវរីយ៍ល្អៗ ព្រមទាំងជួយឱ្យអ្នកនិងសមាជិកគ្រួសារមានពេលវេលានៅជាមួយគ្នា បង្កើតពេលវេលាល្អជាមួយគ្នាច្រើន។
២. ហិរញ្ញវត្ថុ
សម្រាប់គូស្វាមីភរិយាអ្នកអាចគិតគូររឿងនេះជាមួយគ្នា ព្រោះថា គម្រោងអនាគតផ្សេងៗអ្នកទាំងពីរតជាអ្នករួមដំណើរជីវិតជាមួយគ្នាហេតុនេះការវិនិយោគ និងសន្សំថវិការួមគ្នា ជារឿងមួយដែលអ្នកអាចធ្វើបានជាមួយដៃគូជីវិត។នេះមិនត្រឹមតែជួយគាំទ្រគ្នាផ្នែកហរិញ្ញវត្ថុឱ្យបានរីកចម្រើនតែមួយមុខនោះទេ អ្នកនិងដៃគូក៏មានឱកាសបង្កើតពេលវេលាល្អៗ អនុស្សាវរីយ៍ល្អៗ បង្កើតសុភមង្គលក្នុងគ្រួសារ តាមរយៈការប្រើប្រាស់ប្រភពថវិការួមគ្នានោះ។
៣. មានពេលពិភាក្សាទុក្ខលំបាកក្នុងចិត្ត មកដោះស្រាយ
ពិតមែនហើយក្នុងរង្វង់គ្រួសារគឺតែងកើតមានបញ្ហាប៉ះពាល់តិចឬច្រើនខ្លះចៀសមិនផុត ប៉ុន្តែជំនួសវិញដោយការអធ្យាស្រ័យដោយការមានពេលវេលានៅជាមួយគ្នាលើកយកបញ្ហានោះនៅពេលសមរម្យមួយ មកជជែកពិភាក្សារកមើលដំណោះស្រាយរួមគ្នា។
ជាឧទាហរណ៍ក្នុងទិដ្ឋភាពជាក់ស្តែង ស្វាមីនិងភរិយាពេលមានបញ្ហាអាក់អន់ចិត្តនឹងគ្នាលើរឿងណាមួយគឺអាចយកមកនិយាយដោះស្រាយជាមួយគ្នាបាន ដោយហេតុថា អ្នកទាំងពីរប្រៀបដូចជាមនុស្សតែមួយជាអ្នករួមដំណើរជីវិតជាមួយគ្នារហូតទៅ ហើយនៅពេលលើកបញ្ហាដាក់លើកិច្ចសន្ទនានោះ អ្នកទាំងពីរអាចនៅជាមួយបរិយាកាសរីករាយ ដោយបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា ឬបន្ទាប់ពីពិភាក្សាស្រាយបញ្ហាចប់ អាចមានដំណើរកម្សាន្តជាលក្ខណៈគូស្នេហ៍ចេះបង្កើតភាពផ្អែមល្ហែមកក់ក្តៅ ផ្តល់ក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមកដែលអ្នកទាំងពីរពិតជាចង់បាន និងផ្តល់ឱ្យសម្រាប់មនុស្សដែលខ្លួនស្រលាញ់។
៤. សុខភាព
ជាគ្រួសារមួយសមាជិកអាចមើលថែគ្នាទៅវិញទៅមកបាន ដូចនេះហេតុអ្វីមិនបង្កើតបរិយាកាសល្អៗសម្រាប់សុខភាពដល់គ្រួសារ?ដែលការញ៉ាំ ធ្វើលំហាត់ប្រាណ និងសម្រាកឱ្យបានគ្រប់គ្រាន់ សកម្មភាពតូចៗទាំងនេះ អ្នកខ្លួនឯងផ្ទាល់អាចមើលថែសម្រាប់ខ្លួនឯង ហើយជាងនេះអ្នកអាចជ្រោមជ្រែងគ្រួសារឱ្យបង្កើតទម្លាប់ល្អសម្រាប់សុខភាពតាមរយៈសកម្មភាពទាំងនោះបានមិនថាញ៉ាំអាហារសុខភាព ធ្វើលំហាត់ប្រាណទាំងអស់គ្នា ឬរំលឹកសមាជិកគ្រួសារឱ្យឆាប់ចូលគេងជាដើម។
៥. ពេលវេលាល្អៗ
ពេលវេលាល្អៗនេះសម្តៅទៅលើការចេះផ្តល់ពេលវេលាមើលថែគ្រួសារអ្នក ព្រោះថាកិច្ចការការងារឬការរកស៊ីរវល់យ៉ាងណា អ្នកក៏គួរឆ្លៀតមើលថែ ផ្តល់ក្តីស្រលាញ់និងភាពកក់ក្តៅដល់គ្រួសារ ក្នុងនាមជាបង្គោលគ្រួសារ សមាជិកគ្រួសារឧទាហរណ៍ដូចជាស្វាមីមើលថែភរិយា មើលថែកូនៗ និងមើលថែគ្រប់សមាជិកគ្រួសារជាដើមដែលនេះជាភារកិច្ចតាមសភាពធម្មជាតិដែលមនុស្សគ្រប់រូបគួរមាន មិនអាចខ្វះបាន៕