គុណតម្លៃរបស់មនុស្សប្រុសនិយាយក្នុងន័យធៀបប្រៀបដូចទៅនឹងខ្លឹមឈើដែលជាផ្នែករឹងបំផុតស្ថិតក្នុងស្រទាប់របស់ឈើ ហើយចាត់ទុកជារបស់មានតម្លៃបំផុតនៃឈើ។ ដោយឡែក ខ្លឹមរបស់បុរសក៏ជាផ្នែករឹងបំផុតដែលស្ថិតក្នុងខ្លួនបុរសដែរ ហើយនោះក៏ជារបស់មានតម្លៃនិងជាទីពឹងនៃបុរស។ដូចនេះ តើអ្វីជាខ្លឹមឬគុណតម្លៃរបស់មនុស្សប្រុស?
១.ដំបូងគឺគោលដៅជីវិត ឬបុព្វហេតុជីវិត
សត្វដែលគ្មានម្ចាស់ ឬគ្មានគោលដៅច្បាស់លាស់ជាសត្វអនាថា ហើយមនុស្សដែលគ្មានគោលដៅក៏ជាមនុស្សឥតបានការដែរ។ កូនប្រុសត្រូវមានឆន្ទៈធំ ហើយបុរសដែលមានគោលដៅ ឬបុព្វហេតុច្បាស់លាស់ធ្វើឱ្យបុរសមានភាពច្បាស់លាស់ដូចគ្នាដែរ។ ក្នុងជីវិតអាពាហ៍ពិពាហ៍តើអ្នកណាដែលហ៊ានប្រគល់វាសនាជូនបុរសដែលគ្មានគោលដៅជីវិតច្បាស់លាស់ ហើយបើនិយាយពីការដឹកនាំវិញតើអ្នកណាហ៊ានដើរតាមមេដឹកនាំម្នាក់ដែលគ្មានគោលដៅនោះ?
២.ចំណេះដឹងនិងជំនាញ
បានក្លាយជាលក្ខណសម្បត្តិដ៏ចាំបាច់បំផុតមួយ។ តើអាចឱ្យបុរសមានលក្ខណៈពេញលេញដូចម្តេចទៅបើគេគ្មានទាំងចំណេះដឹង ឬជំនាញដ៏ពិតប្រាកដណាមួយផងនោះ? ចំណេះដឹងនិងជំនាញ បានជួយជីវិតគេឱ្យទទួលបានភាពល្អប្រសើរផ្នែកសេដ្ឋកិច្ច និងតម្លៃក្នុងសង្គម។ គេអាចក្លាយជាទីពឹងរបស់ខ្លួនឯងគ្រួសារ និងអ្នកដទៃបានដោយសារគេអាចប្រើប្រាស់នូវចំណេះដឹងនិងជំនាញក្នុងកិច្ចការងារផ្សេងៗ។
៣.អត្តចរិត
គឺជាចំណុចមិនអាចខ្វះបានសម្រាប់មនុស្សគ្រប់រូបមិនមែនសម្រាប់តែបុរសនោះទេ។ អត្តចរិត កើតចេញពីការគិតជំនឿជឿជាក់ និងសកម្មភាពដែលបង្ហាញចេញ។ បើគាត់គិតបានត្រឹមត្រូវគាត់នឹងមានជំនឿត្រឹមត្រូវហើយឈានទៅរកការប្រព្រឹត្តត្រឹមត្រូវដូចគ្នាដែរ។ ការបង្ហាញចេញនូវការចេះគោរពអ្នកដទៃការចេះយោគយល់អធ្យាស្រ័យមេត្តាធម៌ ភាពអត់ធ្មត់មានទំនួលខុសត្រូវចេះជួយអ្នកដទៃ ជាដើមគឺស្តែងឱ្យឃើញនូវអត្តចរិតល្អមួយរបស់មនុស្ស ដែលនេះជាគុណធម៌មិនអាចខ្វះបានរបស់បុរស។
៤.ចុងក្រោយមិនមែនភាពស្រស់សង្ហាទេប៉ុន្តែជា សុខភាព មាំមួន
រាងកាយរឹងមាំរហ័សរហួន ស្វាហាប់គឺជាខ្លឹមមួយរបស់បុរសគ្រប់រូបដែលពេលខ្លះទោះបីមុខមាត់មិនសូវស្អាត សម្បុរមិនសូវល្អរាងមិនសូវខ្ពស់ តែមើលទៅដូចជាសង្ហាគួរសមដែរ។ សុខភាពផ្លូវកាយមាំមួនមានទំនាក់ទំនងជាមួយសុខភាពផ្លូវចិត្តដែរ។ គ្មានបុរសល្អណាដែលមានរាងកាយស្គមកំព្រឹងខ្យល់បក់ចង់ដួល ហើយខ្លួនរុំរឹតដោយជំងឺរាប់សិបមុខធ្វើការគ្មានកម្លាំងកំហែង ឬបរុសណាដែលមានក្បាលពោះដុះស្អុយ ដើរស្ទើរមិនរួចទៅមុខស្ទើរមិនដល់នោះទេ។ ការចេះថែទាំសុខភាពបានល្អប្រសើរក៏បង្ហាញពីចរិតលក្ខណៈនៃមនុស្សដែលមានវិន័យផ្ទាល់ខ្លួន មានការប្តេជ្ញាចិត្ត និងចេះឱ្យតម្លៃលើខ្លួនឯង៕
ប្រភព៖លោក ឈុំ សីហាគ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក