រដូវត្រជាក់បានមកដល់ បញ្ហាដែលតែងតែកើតឡើងចំពោះប្រជាពលរដ្ឋគឺបញ្ហាស្បែក និងអាការៈនៃជម្ងឺផ្ដាសាយជាដើម។ដូច្នេះបងប្អូនប្រជាពលរដ្ឋក៏គួរតែបានជ្រាបនូវគន្លឹះថែរក្សាសុខភាពខ្លះៗ ដើម្បីជៀសវាងពីជម្ងឺនានា នៅក្នុងរដូវកាលត្រជាក់។ បន្ទាប់ពីអានអត្ថបទនេះ អ្នកទាំងអស់គ្នានឹងទទួលបានចំណេះដឹងខ្លះៗក្នុងការថែរក្សាសុខភាពនៅរដូវរងា៖

ការទទួលទានទឹក និងបរិភោគអាហារជំនួយរាងកាយ នៅក្នុងរដូវត្រជាក់បែបនេះ ការថែរក្សាខ្លួនឱ្យមានសុខភាពល្អអាចមានផលពិបាកបន្ដិចសម្រាប់អ្នកទាំងអស់គ្នា។ ប៉ុន្តែការទទួលទានទឹកក្ដៅឧណ្ឌៗ អាចជួយឱ្យសីតុណ្ហភាពនៅក្នុងខ្លួនមានលំនឹងល្អ រួមផ្សំជាមួយការបរិភោគបន្លែផ្លែឈើមួយចំនួនដូចជា 

·       ផ្លែក្រូច: មានវីតាមីនC ខ្ពស់ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយការពារស្បែកពីកាំរស្មីUV។

·       ការ៉ុត: មានវីតាមីនA ដែលជួយពង្រឹងភាពស៊ាំ ជួយការពារប្រឆាំងនឹងការឆ្លង និងជួយឱ្យសួតមានសុខភាពល្អ ហើយស្បែកមានសំណើមសភ្លឺថ្លាពីខាងក្នុង ។

·       ស៊ុត: ជារៀងរាល់ព្រឹកអ្នកគួរតែទទួលទានស៊ុតដើម្បីជួយរក្សាទម្ងន់រាងកាយឱ្យស្រឡូនស្អាត ហើយអាចជួយការពារអ្នកពីជម្ងឺជាច្រើនបន្ថែមទៀត។

·       ខ្ញី: មានសារធាតុអុកស៊ីតកម្មដល់ល្អដើម្បីជួយប្រព័ន្ធការពាររាងកាយរបស់អ្នកតាមរយៈការកាត់បន្ថយរ៉ាឌីកាល់សេរីនៅក្នុងខ្លួន។

ការអនាម័យខ្លួនប្រាណ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ស្លៀកសម្លៀកបំពាក់ក្រាស់ៗ។ ជាពិសេសគឺការងូតទឹក នៅក្នុងបរិយាកាសត្រជាក់បែបនេះមិនមែនជាពេលដែលអ្នកត្រូវខ្លាចទឹកទេ ព្រោះការងូតទឹកមានសារៈសំខាន់ណាស់ដើម្បីផ្លាស់ប្ដូរកម្ដៅនៅក្នុងខ្លួនរបស់យើង ដើម្បីជួយកុំឱ្យអ្នកឈានទៅរកការផ្ដាសាយ គ្រុនរងាជាដើម។ ប៉ុន្តែគួរជៀសវាងការស្លៀកពាក់ខោអាវតឹងៗ ព្រោះវាធ្វើឱ្យរំខានដល់ចរន្តឈាម។

បើទោះបីជាបច្ចុប្បន្នមានឡេការពារស្បែកជាច្រើនត្រូវបានណែនាំ ក៏អ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការជ្រើសយកផលិតផលសមស្របជាមួយអាកាសធាតុ និងស្បែករបស់យើង។ ហើយអ្នកគួរតែជ្រើសយកផលិតផលដោយមានការណែនាំបានត្រឹមត្រូវពីអ្នកជំនាញស្បែក ដើម្បីការពារកុំឱ្យសុខភាពស្បែកប្រែជាខូច ឬក៏មានបញ្ហាដល់ជីវិត៕