១. ការសេពគប់ជាមួយមនុស្សល្អ ប្រៀបដូចជាការដើរចូលក្នុងហាងផ្កា។ នៅពេលចេញមកវិញ ជាប់មកជាមួយនូវក្លិនដ៏ក្រអូបប្រហើរ។ ការសេពគប់ជាមួយមនុស្សអាក្រក់ ប្រៀបដូចជាកន្ត្រកត្រីដែលស្អុយ បើមិនដកវាចេញទេ ត្រីនៅដែលក្នុងកន្ត្រកតែមួយនោះនឹងស្អុយដូចគ្នា។
២. ក្នុងជីវិតនេះ យើងត្រូវចេះសង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះថាខាងក្នុងរបស់មនុស្សអាចនឹងមិនរួសរាយ មិនល្អដូចមាត់គេនិយាយទាំងអស់ឡើយ។ ក៏បានន័យថា មិនមែនឱ្យតែអ្វីគ្រប់យ៉ាងដែលភ្លឺចែងចាំង សុទ្ធតែមាសនោះដែរ ហើយក៏មិនមែនមនុស្សគ្រប់គ្នាដែលមើលទៅរមទម្យ សុទ្ធតែជាមនុស្សល្អទាំងអស់ដែរ។
៣.ចូរកុំព្យាយាមឃាត់អ្នកណាម្នាក់ទុកក្នុងជីវិតរបស់អ្នក។ ហេតុផលគឺព្រោះថាប្រសិនបើពួកគេចង់នៅ មិនថាមានរឿងអ្វីក៏ដោយក៏ពួកគេនឹងមិនដើរចេញដែរ។ ប៉ុន្តែប្រសិនបើពួកគេចង់ទៅ ទោះអ្នកធ្វើអ្វីដើម្បីឃាត់គេ ក៏គេមិននៅដែរ។
៤.បើអ្នកបានប្រឹងអស់ពីសមត្ថភាពហើយ តែពួកគេនៅតែមើលមិនឃើញ មិនឱ្យតម្លៃ គួរតែបញ្ឈប់ទៅ។ ចូររស់នៅសម្រាប់អ្វីដែលសមនឹងតម្លៃរបស់អ្នក។ ជាមនុស្សស្រីចូរកុំពឹងផ្អែកតែលើសម្រស់តែមួយមុខ ព្រោះវានឹងមិនស្ថិតស្ថេរ អ្នកនឹងចាស់ទៅតាមវ័យ។ មនុស្សស្រីដែលមានបេះដូងសន្ដានចិត្តល្អ គឺជានារីដ៏ស្រស់ស្អាតពិតប្រាកដ។
៥. ពេលនៅរស់មនុស្សច្រើនគិតថា ស្អែកមានរយៈពេលវែង មិនខ្វះទេពេលវេលាដើម្បីធ្វើនេះ ធ្វើនោះរហូតភ្លេចបង្កើតរឿងល្អៗដាក់គ្នា គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាង។ ប៉ុន្តែការពិតគ្មានអ្នកណាមើលឃើញថ្ងៃស្អែកឡើយ ហើយក៏មិនអាចដឹងបានថានឹងមានអ្វីកើតឡើងដែរ។ ជីវិតយើងខ្លីណាស់ ដូច្នេះចូរធ្វើអ្វីដែលអ្នកសប្បាយចិត្តបង្កើតរឿងល្អដាក់មនុស្សជុំវិញខ្លួន និងគ្រួសារ ដើម្បីកុំឱ្យស្ដាយក្រោយនៅថ្ងៃណាមួយ។
៦.ហៅថាមនុស្សមានសំណាង មិនមែនសំដៅលើចំនួនមនុស្សដែលអ្នកស្គាល់ច្រើនប៉ុណ្ណានោះទេ តែសំដៅលើចំនួនមនុស្សដែលនៅស្គាល់អ្នក ពេលអ្នកមានទុក្ខទៅវិញទេ៕