ពេលខ្លះយើងអាចភ្លេចខ្លួន ឬជាទម្លាប់ដែលស្លៀកពាក់ខោអាវក្នុងរឹបៗ ពិសេសខោក្នុង នៅក្នុងសភាពរឹបៗ នៅពេលយប់ បើតាមការឱ្យដឹងពីអ្នកជំនាញ បានបង្ហាញថាអាចបង្កជាបញ្ហមួយចំនួនដែរ។
តាមការលើកឡើងរបស់អ្នកជំនាញសុខភាពជាច្រើន បានលើកឡើងថាការស្លៀកខោអាវរឹបនៅពេលគេង នៅពេលដែលមានធាតុអាកាសក្តៅហប់ ឬសីតណ្ហភាពបរិស្ថាននៅកន្លែងគេងយើងក្តៅស្អុះស្អាប់ នោះពពួកបាក់តេរីអាចទៅប្រមូលផ្តុំនៅត្រង់កន្លែងដែលរាងកាយយើងបែកញើសច្រើន ពោលគឺត្រង់បរិវេណដែលស្លៀកខោអាវរឹប។ បញ្ហានេះ ត្រូវបានអ្នកជំនាញបានលើកឡើងដែរថាកើតឡើងលើបុរសៗ ខ្លាំងជាងស្រ្តី ទៅលើកត្តាលទ្ធភាពមានកូនរបស់បុរស។
បើតាមលោកវេជ្ជបណ្ឌិត Brian Steixner ប្រធានវិទ្យាស្ថានសុខភាពបុរស នៃសមាគមសិក្សាផ្នែកតម្រងនោម នៃរដ្ឋ New Jersey សហរដ្ឋអាមេរិកបានឱ្យដឹងថា សម្រាប់បុរសៗ ដែលស្លៀកខោក្នុងរឹបៗនោះនៅពេលគេង អាចធ្វើឱ្យប៉ះពាល់ទៅដល់គុណភាពមេជីវិត (ទឹកកាម) ហើយមូលហេតុនោះគឺត្រង់ថា ការស្លៀកខោក្នុងធ្វើឱ្យមានសីតណ្ហភាព ក្តៅត្រង់ប្រដាប់បន្តពូជនៅពេលយប់។ ហើយពិសេសគួរឱ្យសម្គាល់នោះគឺ ខោក្នុងរឹបធ្វើឱ្យស្បែករលាកហើយងាយឆ្លងមេរោគផ្សេងៗ។
ដោយឡែកសម្រាប់ករណីស្ត្រីវិញ តាមការបង្ហាញរបស់លោកស្រីវេជ្ជបណ្ឌិត Alyssa Dweck អ្នកជំនាញរោគស្ត្រីនៅឯមជ្ឈមណ្ឌលសុខភាព ក្នុងក្រុងញ៉ូវយក សហរដ្ឋអាមេរិកបានឱ្យដឹង ពីបញ្ហាស្លៀកខោក្នុងស្ត្រីនោះ គឺត្រង់ថាការស្លៀកខោក្នុងរឹបនាពេលគេងយប់ ករណីភាគច្រើនគឺបង្កឱ្យស្បែកបរិវេណប្រដាប់បន្តពូជរោល ហើយរលាក។
ជាមួយគ្នានោះលោកស្រីវេជ្ជបណ្ឌិត Dweck បានបន្ថែមថាសម្រាប់ស្ត្រីដែលគ្នាមានទម្លាប់ស្លៀកខោអាវទ្រនាប់នៅពេលគេងគួរចេះជ្រើសរើសប្រភេទខោអាវក្នុងជាជាតិកប្បាសណាមានសភាពស្រាលរលង់និងមិនឱ្យហប់ដល់រាងកាយ។
ទន្ទឹមនឹងនោះផងដែរ ការបង្ហាញពីអ្នកជំនាញសុខភាពខាងលើនេះរួមទាំងលទ្ធផលស្រាវជ្រាវជាច្រើន ក៏បានណែនាំបង្ហាញពីអត្ថប្រយោជន៍នៃការគេង ដោយគ្មានសំលៀកបំពាក់ជាប់ខ្លួន។ នេះក៏ដោយសារមូលហេតុថា វាបានជួយបន្ថយកម្តៅធ្វើឱ្យយើងឆាប់បានគេងលក់ ទទួលដំណេកស្កប់ស្កល់។ ការគេងនៅក្នុងកន្លែងត្រជាក់ស្ងួត និងស្អាត ដោយខ្លួនទទេ នឹងជួយកាត់បន្ថយកម្តៅដែលមានប្រយោជន៍ល្អដល់រាងកាយ ពិសេសនៅអំឡុងពេលសីតណ្ហភាពក្តៅ៕