ពេលវេលាជាមួយគ្រួសារក៏ក្លាយជាសុភមង្គលមួយ បើអ្នកអាចដឹកនាំសមាជិកក្នុងក្រុមគ្រួសារឱ្យចូលរួម និងចំណាយពេលវេលាជាមួយពួកគេ។ ក្នុងពេលវេលាមួយ អ្នកនឹងគ្រួសារ នឹងបានសុភមង្គលមួយដោយសមាជិកគ្រប់គ្នាយល់ពីទិសដៅរួមសាមគ្គីភាព និងតម្លៃឱ្យគ្នាទៅវិញទៅមក ព្រមទាំងអនុស្សាវរីយ៍ល្អៗ។ ខាងក្រោមនេះជាចំណុចខ្លះដែលត្រូវបានលើកឡើង ហើយអ្នកអាចបង្កើតវាជារូបរាងបាន មានដូចជា៖

. មានពេលញ៉ាំអាហាររួមគ្នា និងស្តាប់ពីសុខទុក្ខ

ពេលវេលាញ៉ាំអាហាររួមគ្នា អាចថាជាពេលល្អមួយសម្រាប់អ្នកទាំងអស់គ្នាក្នុងក្រុមគ្រួសារបានជួបជុំគ្នា សម្រាកញ៉ាំអាហារ និងមានពេលខ្លះចែករំលែកសុខទុក្ខផ្ទាល់ខ្លួន។ អ្នកច្នៃពេលវេលានេះឱ្យមានបរិយាកាសរីករាយ ដោយមានការនិយាយ និងស្តាប់ពីសុខទុក្ខគ្នាទៅវិញទៅមកដោយមិនមានការបញ្ចេញមតិយោបល់។ ចំណុចនេះក៏តម្រូវឱ្យអ្នកមានសិល្បៈក្នុងការសម្របសម្រួលបរិយាកាសនេះ និងច្នៃវាឱ្យក្លាយជាបរិយាកាសជជែកដោយស្និទ្ធស្នាល និងទំនុកចិត្តក្នុងគ្រួសារ។

២. ទម្លាប់អានពីមនុស្សធំក្នុងផ្ទះ

មនុស្សធំនឹងក្លាយជាគំរូសកម្មភាពមិនថាក្មេងៗនៅក្នុងផ្ទះ ឬក្រៅផ្ទះ។ ដូចនេះទម្លាប់នៃការអានស្រាវជ្រាវចំណេះដឹង ក៏ប្រៀបដូចជាការនាំក្មេងៗឱ្យចេះឆ្ងល់ ស្រាវជ្រាវ ឬចូលរួមអាន ឬមួយអ្នកអាចចំណាយពេលខ្លះដឹកនាំពួកគេអានសៀវភៅក៏ជាហេតុមួយនាំឱ្យក្មេងៗចេះចាប់ផ្តើមស្រលាញ់ការអាន និងស្វែងរកចំណេះដឹងផ្សេងៗជាដើម។

៣. ធ្វើកិច្ចការផ្ទះរួមគ្នា

ចូលរួមធ្វើកិច្ចការងារផ្ទះជាការអភិវឌ្ឍនូវការងារជាក្រុមនៅក្នុងគ្រួសារ និងបង្កើតទំនាក់ទំនងល្អក្នុងចំណោមសមាជិកគ្រួសារ។ ចំណាយពេលធ្វើការងារផ្ទះរួមគ្នាក៏បង្ហាញពីទំនួលខុសត្រូវ និងការចូលរួមរបស់សមាជិកម្នាក់ៗដែលមានតួនាទីក្នុងគ្រួសារប្រៀបដូចជាប្រទេសមួយ។ ដូចនេះអ្នកអាចបំផុសគំនិតសកម្មភាពទាំងនេះសម្រាប់ការចូលរួមនៃបរិយាកាសគ្រួសារ។

៤. ដឹកនាំសកម្មភាពកីឡានិងមានជាកម្មវិធីផ្សេងៗ

មែនហើយកាលវិភាគល្អៗសម្រាប់គ្រួសារគួរតែមានសម្រាប់ពេលវេលាជួបជុំ។ អ្នកអាចលើកស្នើគំនិតឱ្យមានសកម្មភាពខាងក្រៅផ្ទះដែលមានកម្មវិធីកីឡាគ្រួសារ ដំណើរកម្សាន្ត ឬទៅទស្សនាស្រាវជ្រាវអំពីទីកន្លែងណាមួយដែលសកម្មភាពទាំងនេះ គឺអ្នកសុទ្ធតែអាចធ្វើបានទៅតាមលទ្ធភាពហើយថែមទាំងបង្កើតនូវបទពិសោធ និងពេលវេលាល្អៗជាមួយគ្រួសារអ្នក។ បន្ថែមពីនោះអ្នកក៏អាចស្តាប់ពីមតិយោបល់ បានពីគ្រប់សមាជិកគ្រួសារ ក៏ដូចជាគំនិតនិងមតិយោបល់ពីពួកគេមកសម្រេចជារួមផងដែរ។

៥. បង្កើតទម្លាប់ល្អៗ

សមាជិកម្នាក់ៗតែងមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមកដូចនេះទម្លាប់ល្អៗក៏ប្រៀបដូចជាការផ្សាយគំរូល្អទៅដល់សមាជិកក្នុងគ្រួសារ មិនថាក្មេងៗឬមនុស្សធំ។ គំរូល្អមានដូចជា ការនាំក្មេងៗធ្វើកិច្ចការសាលា បង្រៀនពួកគេរៀបចំផ្ទះសម្បែងបានស្អាតសណ្តាប់ធ្នាប់ ការជួយកិច្ចការងារចាស់ៗជាដើម។ រឿងទាំងនេះ​ក៏សុទ្ធតែអ្នកអាចធ្វើបាននិងអាចក្លាយជាទម្លាប់ជាប់ខ្លួនរហូត ដូចនេះអ្នកអាចឆ្លៀតបង្កើតបរិយាកាសនេះបាន៕