ស្ថិតក្នុងស្ថានភាពដ៏អាក្រក់មួយដែលបង្ករឡើង ដោយជំងឺឆ្លងកូវីត១៩ ក្រសួងអបរ់ំបានសម្រេចផ្អាកគ្រឹះស្ថានសិក្សាម្តងហើយម្តងទៀតនៅតាមបណ្តាខេត្តមួយចំនួន ក៏ដូចជារាជធានីភ្នំពេញផងដែរ។ សិស្សនិស្សិតត្រូវបានផ្លាស់ប្តូរពីការសិក្សានៅឯសាលារៀនមកជាការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិចវិញ ដែលវាបានបង្ករជាផលវិបាកមួយចំនួនចំពោះពួកគេ ឬក៏ធ្វើការសិក្សារបស់សិស្សមួយចំនួនមានការធ្លាក់ចុះជាដើម។ ដូច្នេះយើងនឹងលើកយក គន្លឹះល្អៗទាំង៥ ក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ ដើម្បីឱ្យបានលទ្ធផលល្អក្នុងសម័យកូវីត ១៩ នេះ។
១) ត្រូវផ្តោតអារម្មណ៍ទៅលើម៉ោងរៀន
ការសិក្សាតាមប្រព័ន្ធអនឡាញ គឺមិនមានភាពងាយស្រួលដូចដែលអ្នកសិក្សានៅឯសាលាផ្ទាល់នោះទេ គឺទាមទារឱ្យអ្នកធ្វើការផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់ឱ្យបានខ្ពស់។ អ្នកត្រូវតែបែងចែកឱ្យដាច់ រវាងម៉ោងសិក្សានិងម៉ោងទំនេរផ្សេងៗ ពោលគឺនៅម៉ោងរៀន អ្នកត្រូវផ្តោតអារម្មណ៍ទៅលើថ្នាក់រៀនតែមួយមុខគត់។
ជៀសវាងការលេងទូរស័ព្ទ ឬមួយក៏ធ្វើអ្វីផ្សេងដែលមិនពាក់ព័ន្ធនឹងកិច្ចការក្នុងថ្នាក់។ អ្នកគប្បីយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់និងមានវត្តមានចូលរៀនឱ្យបានទៀងទាត់។ ប្រសិនបើមានចម្ងល់អ្វី អ្នកត្រូវតែក្លាហាន សួរទៅកាន់គ្រូដើម្បីឱ្យលោកពន្យល់អ្នកបន្ថែមឱ្យកាន់តែច្បាស់។
២) រៀបចំកន្លែងរៀនឱ្យបានសមស្រប
ថ្វីត្បិតតែជាការសិក្សាពីចម្ងាយ មិនមែននៅឯសាលាផ្ទាល់ក៏ពិតមែន ប៉ុន្តែអ្នកត្រូវតែជ្រើសទីធ្លាដែលល្អ សាកសមក្នុងការអង្គុយរៀន។ទីកន្លែងដែលអ្នកអង្គុយរៀនគួរតែស្ងប់ស្ងាត់ មានបរិយាកាសនិងខ្យល់ចេញចូលល្អនិងមានទីធ្លាធំទូលាយ។ វានឹងធ្វើឱ្យអ្នកផ្តោតអារ្មណ៍បានល្អ ក្នុងការមើលមេរៀននិងស្តាប់គ្រូពន្យល់បានច្បាស់។ ម៉្យាងវិញទៀតអ្នកគប្បីជៀសវាងទីកន្លែងណាដែលមានសំឡេងរំខាន និងរញ៉េរញ៉ៃ ពីព្រោះថាវានឹងធ្វើឱ្យអ្នកបែកអារម្មណ៍ក្នុងការស្តាប់គ្រូពន្យល់។
៣) ធ្វើរាល់កិច្ចការដែលគ្រូបានដាក់ឱ្យ
រាល់កិច្ចការទាំងអស់ដែលគ្រូបានដាក់ឱ្យអ្នកត្រូវតែធ្វើឱ្យបានចប់សព្វគ្រប់ និងបញ្ជូនកិច្ចការទាំងអស់នោះ ទៅកាន់ពួកគាត់វិញតាមកាលបរិច្ឆេតឱ្យបានត្រឹមត្រូវតាមការកំណត់។ ម៉្យាងវិញទៀតអ្នកគួរតែរៀបចំឯកសារក៏ដូចជាសៀវភៅឱ្យបានគ្រប់គ្រាន់ សម្រាប់មុខវិជ្ជានីមួយៗនិងព្យាយាមរំឮកមេរៀនឡើងវិញឱ្យបានច្រើនដងតាមដែលអាចធ្វើទៅបាន។
៤) ត្រូវគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណេតឱ្យបានល្អ
ជាការពិតណាស់ការសិក្សាតាមរយៈប្រព័ន្ធអនឡាញ គឺពឹងផ្អែកលើប្រព័ន្ធអ៊ីនធឺណេតទាំងស្រុង មិនថាគ្រូ ឬសិស្សនោះទេ។ ដូច្នេះអ្នកគួរតែរៀបចំឱ្យបានមុនពេលថ្នាក់រៀនចាប់ផ្តើម និងត្រូវប្រាកដថាសេវាអ៊ីនធឺណេតរបស់អ្នក មានល្បឿនលឿនគ្រប់គ្រាន់ ក្នុងការចូលរៀនបាន។ ពីព្រោះថាប្រសិនបើមានបញ្ហារអាក់រអួលផ្សេងៗ វានឹងធ្វើឱ្យអ្នកមិនអាចស្តាប់គ្រូពន្យល់បានពេញលេញនោះឡើយ ពោលគឺមិនបានរៀននៅចំណុចមួយនៃមេរៀនតែម្តង។ ម៉្យាងវិញទៀតវាក៏អាចធ្វើឱ្យអ្នកបែកអារម្មណ៍និងខ្ជិលផងដែរ។
៥) ធ្វើការស្រាវជ្រាវបន្ថែម
ការស្រាវជ្រាវគឺជាគន្លឹះដ៏ល្អមួយ ដែលសិស្សនិស្សិតគួរតែអនុវត្តក្នុងបរិបតដែលកំពុង ធ្វើការសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិច។ វាពិតជាមានសារៈសំខាន់ណាស់ពីព្រោះថាវានឹងធ្វើឱ្យអ្នក ទទួលបានចំណេះដឹងថ្មីៗជាច្រើន នៅជុំវិញពិភពលោក។ ជាមួយគ្នានេះដែរការសិក្សាតាមប្រព័ន្ធអនឡាញ គឺអាចឱ្យអ្នកមានពេលវេលាទំនេរច្រើនក្នុងការសម្រាក។ ដូច្នេះអ្នកគួរតែធ្វើការសិក្សាស្រាវជ្រាវបន្ថែម លើមេរៀនទាំងឡាយនៅតាមគេហទំព័រនានាលើបណ្តាញអ៊ីនធឺណេត។
ជារួមមកវិញអ្នកគួរតែអនុវត្តគន្លឹះទាំង៥ខាងលើនេះពីព្រោះថាវានឹងជួយឱ្យអ្នកទទួលបានលទ្ធផលល្អ ក្នុងការសិក្សាតាមប្រព័ន្ធអនឡាញនាពេលបច្ចុប្បន្ននេះ។ម៉្យាងវិញទៀតអ្នកគប្បីយកចិត្តទុកដាក់និងខិតខំធ្វើការសិក្សាស្រាវជ្រាវបន្ថែមឱ្យបានច្រើនលើមេរៀនក៏ដូចជាចំណេះដឹងថ្មីៗនៅលើបណ្តាញអ៊ីនធឺណេត៕