ជីវិតដែលពោរពេញដោយក្ដីរីករាយ នរណាៗក៏ចង់បានដែរ ក៏ប៉ុន្តែក្ដីសុខអាចកើតឡើងបានអាស្រ័យលើខ្លួនអ្នក ថាអ្នកចេះប្រើជីវិតឲ្យបានល្អបំផុតឬនៅ។ ជីវិតរបស់មនុស្សម្នាក់ៗគឺខ្លីណាស់ ពីមួយឆ្នាំទៅមួយឆ្នាំ លឿនដូចជាកុហក ដូច្នេះត្រូវតែប្រើជីវិតឲ្យមានន័យ។
តើគួរកាត់បន្ថយ ឬត្រូវបន្ថែមអាកប្បកិរិយាដូចម្ដេចខ្លះ ដើម្បីធ្វើជីវិតកាន់តែស្រស់ស្រាយ និងមានក្ដីសុខច្រើនជាងមុន?
១.ពេញចិត្តអ្វីដែលខ្លួនមាន
រៀនឲ្យតម្លៃ ថែរក្សា និងពេញចិត្តចំពោះអ្វីដែលជីវិតកំពុងមាន ដូចជារូបរាង សម្រស់ ក្រុមគ្រួសារ ការងារ មិត្តភក្ដិ និងទ្រព្យសម្បត្តិ ដើម្បីឲ្យអ្នកចេះទទួលស្គាល់ និងឲ្យតម្លៃទៅលើជីវិតរបស់អ្នក ដោយមិនយកខ្លួនឯងទៅប្រៀបធៀបនិងជីវិតអ្នកដទៃ។
២.ជូនកាដូដល់ខ្លួនឯង
ជូនខ្លួនឯងទៅកន្លែងកម្សាន្តនានាដែលចង់ទៅ ទិញកាដូឲ្យខ្លួនឯង ដែលធ្វើឲ្យអ្នកមានអារម្មណ៍ពិសេស ស្រស់ស្រាយ។ មួយវិញទៀតអ្នកអាចទៅដើរលេង មើលកុន និងញ៉ាំអាហារឆ្ញាញ់ៗ តាមចណូលចិត្ត ឬអាចសាកអ្វីដែលថ្មី ដើម្បីកាន់តែមានអារម្មណ៍ប្លែក។
៣.រាប់អានមិត្តភក្ដិឲ្យបានច្រើន
មានមិត្តច្រើនប្រសើរជាងមានសត្រូវ ដូច្នេះត្រូវព្យាយាមបង្កើនមិត្ត និងបន្ថយសត្រូវ។ មិត្តចាស់ៗក៏ត្រូវតែរក្សាចំណងមិត្តភាពឲ្យបានល្អ នឹងព្យាយាមរកពេលវេលាខ្លះ ដើម្បីបានទំនាក់ទំនងគ្នា ចំណែកឯមិត្តថ្មី ត្រូវបង្កើនភាពស្និតស្នាល និងស្វែងយល់ពីគ្នាឲ្យបានច្រើន។
៤.កុំទម្លាប់ចាំស្អែកចាំធ្វើ
ត្រូវទម្លាប់ខ្លួនឯង កុំឲ្យទុកគម្រោងការងារចោល ដោយព្យាយាមបង្កើតពាក្យដោះសាឲ្យខ្លួនឯង ថារវល់នេះ រវល់នោះមិនចេះឈប់។ ត្រូវតែរៀនគិតភ្លាម និងអនុវត្តភ្លាមៗ ដោយមិនចាំបាច់ទុកដល់ស្អែកឡើយ។ ធ្វើបែបនេះជារឿយ អ្នកនិងមានអារម្មណ៍ថាខ្លួនឯងមានប្រយោជន៍ ហើយថែមទាំងស្រស់ថ្លាក្នុងចិត្តទៀតផង។
៥.យកស្នេហាឲ្យក្លាយជាប្រយោជន៍
ចំពោះអ្នកដែលមានស្នេហា ការធ្វើបែបនេះមិនមែនមានន័យថា អ្នកប្រើប្រាស់ស្នេហារបស់គេមកជាប្រយោជន៍ផ្ទាល់ខ្លួនទេ។ ប៉ុន្តែគឺចង់ឲ្យអ្នកកុំងប់ងល់ជាមួយស្នេហាខ្លាំងពេក ដោយមិនចេះយកស្នេហាមកធ្វើឲ្យជីវិតអ្នកកាន់តែស្រស់ស្រាយជាងមុន។ ទំនាក់ទំនងត្រូវចេះរក្សា និងបង្កើតពេលវេលាល្អៗឲ្យគ្នា ពិភាក្សា និងគិតពីជីវិតអនាគតរីករាយខ្លះដែលត្រូវមាននៅពេលខាងមុខ។
គន្លឹះ៥ចំណុចនេះ ត្បិតតែមើលទៅសាមញ្ញៗពិតមែន ប៉ុន្តែអាចកែប្រែជីវិត ដែលកង្វល់មកជាមានក្ដីសុខ និងស្រស់ស្រាយជាងពេលកន្លងមកបាន។ អ្នកកាន់តែយល់ដឹង ជីវិតនឹងកាន់តែប្រសើរឡើង ដោយមិនដឹងខ្លួន៕