កំពង់ស្ពឺ៖ ខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សាមានទីតាំងប្រសព្វមុំបីរវាងខេត្តកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សាជាតំបន់មួយដែលសំបូរទៅដោយព្រៃឈើក្រាស់ៗ ជ្រលងភ្នំខ្ពស់ៗ វាលស្មៅដ៏ខៀវខ្ចី និងផ្កាព្រៃស្រស់ស្អាតជាច្រើនប្រភេទ ជាពិសេសខ្នងផ្សារសំបូរទៅដោយសត្វព្រៃកម្រៗ ជាច្រើនប្រភេទ។
បន្ទាប់ពីបានឃើញបងប្អូនដែលចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងជាច្រើននាក់ បានទៅដល់ខ្នងផ្សា អ្នកសារព័ត៌មានរបស់ក្រមាប៉ុស្តិ៍បានធ្វើការសាកសួរពីចំណាប់អារម្មណ៍ខ្លះៗ ពីពួកគាត់។
កញ្ញា ចៅ សោភ័ណ ដែលជានារីម្នាក់ចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងដូចជា ដើរព្រៃ បោះតង់ ជិះម៉ូតូធំៗ និងលេងកីឡាប្លែកៗ បានប្រាប់ពីមូលហេតុ ក៏ដូចជាចំណាប់អារម្មណ៍ដែលគាត់បានទៅលេងនៅខ្នងផ្សាក្នុងអំឡុងពេលខែឧសភា ជាមួយនឹងក្រុមមិត្តភក្ដិ ហើយគាត់បានស្គាល់ខ្នងផ្សា ដ៏ស្រស់ស្អាតតាមរយៈការណែនាំពីមិត្តរបស់គាត់ ដែលបានទៅលេងនៅទីនេះមុនគាត់ប្រហែលជាងមួយអាទិត្យ។ គាត់បានចែករំលែកពីហេតុផលដែលខ្នងផ្សាមានភាពទាក់ទាញថា គឺដោយសារតែមានរូបភាពទាក់ទាញស្អាតៗ ចែករំលែកតាមប្រព័ន្ធផ្សព្វផ្សាយ ហើយមួយវិញទៀតអាចបណ្តាលមកពីស្ថានភាព និងចំណង់ចំណូលចិត្តរបស់អ្នកដែលចូលចិត្តសកម្មភាពបែបទ្បើងភ្នំ និងទទួលបានបរិយាកាសបរិសុទ្ធដូចនៅខ្នងផ្សា។
កញ្ញា ចៅ សោភ័ណ បានលើកឡើងថា៖ «ខ្ញុំចង់ហ្វឹកហាត់ការដើរទ្បើងភ្នំឲ្យបានរឹងមាំនិងដើម្បីផ្តល់ថាមពលឲ្យផ្លូវចិត្ត ជាពិសេសចង់ផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងធម្មជាតិជាទីស្រលាញ់។ ខ្ញុំចូលចិត្តវាលស្មៅខៀវខ្ចីធំល្វឹងល្វើយ មេឃ ពពក ព្រះអាទិត្យរះ ខ្យល់បរិសុទ្ធ និងទឹកក្នុងអូរត្រជាក់»។
កញ្ញា ស៊ុំ ឈាងម៉េង ដែលជាស្ថានិករបស់ហេ្វកបុកផេក We Adventure ដែលផេករៀបចំដំណើរកម្សាន្តបែបផ្សងព្រេងលក្ខណៈបោះតង់ ដើរព្រៃ ទៅសមុទ្រ បានប្រាប់ឲ្យដឹងថាគាត់បានស្គាល់ខ្នងផ្សាដោយសារតែមានហ្វេកបុកផេកផុសរូបស្រស់ស្អាតជាច្រើន ហើយគាត់ក៏បានបបួលមិត្តភក្តិមួយក្រុមធ្វើដំណើរផ្សងព្រេងទៅភ្នំដ៏ស្រស់ស្អាតនោះ។ គាត់បានទៅខ្នងផ្សាពីរលើកមករួចហើយ ហើយគាត់ក៏បានប្រាប់ពីមូលហេតុដែលបានទៅម្តងហើយ ម្តងទៀត គឺដោយសារតែទេសភាពនៅទីនោះស្រស់ស្អាត ហើយគយគន់ទេសភាពនៅទីនោះដោយមិនចេះណាយឡើយ ដោយសារតែទេសភាពនៅទីនោះ គឺវាមានការផ្លាស់ប្តូរទៅតាមពេលវេលា ជាពិសេស គឺវាលស្មៅពណ៌ខៀវខ្ចីដុះលាតសន្ធឹងពេញភ្នំ ពាសពេញដី និងមើលទៅហុំព័ន្ធដោយពណ៌បៃតងខ្ចី អមទៅដោយជ្រោះពពកវិលជុំវិញ មើលទៅស្រស់សាយ និងទាក់ចិត្តចង់ឲ្យទៅម្តងហើយម្តងទៀត។
កញ្ញា ស៊ុំ ឈាងម៉េង បានលើកឡើងថា៖ « នៅលើភ្នំខ្នងផ្សារខ្ញុំអាចអង្គុយមើលទេសភាពពពក ទេសភាពថ្ងៃរះ ថ្ងៃលិច ចែងចាំងដូចស្លឹកមាសជះមកលើរាងកាយមនុស្សគ្រប់គ្នា។ មួយវិញទៀត ខ្ញុំចូលចិត្តការដែលក្រោកពីព្រលឹមម៉ោង ៣-៤ ទៀបភ្លឺ ដើរកាត់វាលស្មៅពីខ្នងសំពៅ ទៅខ្នងផ្សា ដើរជាមួយនឹងផ្សែងចុះអព្ទយ៉ាងច្រើន ហោះហើរ ប៉ះនឹងខ្លួនខ្ញុំ វាប្រៀបបានទៅនឹងការដើរក្នុងក្តីសុបិនអញ្ចឹង»។
សម្រាប់អ្នកដែលមានបំណងចង់ទៅលេងខ្នងផ្សា គឺត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ។ ដែលត្រូវឆ្លងកាត់ស្ពានខេត្តកំពង់ស្ពឺប្រមាណជាង១គីឡូនិងចូលតាមផ្លូវស្តុបតេលា (ច្បារមន)។ បន្ទាប់មកបត់ទៅស្តាំប្រមាណជាង១គីឡូ នឹងបានឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ថាផ្លូវទៅឱរ៉ាល់។ អ្នកត្រូវតែបត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវលេខ៤៤) ប្រហែលជា ៥០គីឡូ អ្នកនឹងទៅដល់រង្វង់មូលឱរ៉ាល់ បន្ទាប់មកអ្នកអាចបន្តដំណើរទៅមុខតាមផ្លូវលំប្រមាណ ៣៥គីឡូ ដោយជិះកាត់តាម តេទឹកពុះ អ្នកនឹងទៅដល់ភូមិ រលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សា៕