ការងារណាក៏មានតម្លៃដែរ ដោយសារតែវាចេញពីញើសឈាមរបស់យើងពិតប្រាកដ និងស្របច្បាប់របស់សង្គម។ ជាក់ស្ដែងណាស់ សព្វថ្ងៃនេះមនុស្សទូទាំងពិភពលោកទៅហើយ ដែលបានទទួលរងឥទ្ធិពលពីការរាតត្បាតនៃជំងឺកូវីដ១៩ មិនថាជា វិបត្តិផ្លូវចិត្ត សុខភាព និងប្រាក់ចំណូល។ 

អ្នកខ្លះត្រូវបាត់បង់ការងារដោយសារមូលហេតុជាច្រើន ដែលជាការបង្ហាញថា ចាប់ពីពេលនេះតទៅការងារពេញម៉ោង អាចជាការងារដែលមិនអាចតបស្នងសេចក្តីត្រូវការររបស់យើងបានមួយរយភាគរយទៀតទេ។ ដូច្នេះដើម្បីរក្សាជីវភាពឱ្យគង់វង្ស យើងសូមធ្វើការណែនាំការងារបន្ថែមទាំង ៥ យ៉ាងនៅក្បែរខ្លួនអ្នកដែលអាចបង្កើនចំណូលយ៉ាងនឹកស្មានមិនដល់។

១.​ លក់អីវ៉ាន់តាមអនឡាញ

ការធ្វើការងារពេញម៉ោងសម័យនេះ មិនមានស្ថេរភាពដូចសម័យមុនទេដោយសារតែវិបត្តិសេដ្ឋកិច្ចផង ការរាតត្បាតនៃមេរោគផងធ្វើឱ្យក្រុមហ៊ុន និងអាជីវកម្មមួយចំនួនបានក្ស័យធុនត្រូវបិទទ្វារជាបន្តបន្ទាប់។ ជាហេតុធ្វើឱ្យបុគ្គលិករង់ចាំប្រាក់ខែ ដូចជាយើងរាល់គ្នាសម្របខ្លួនស្ទើរតែមិនទាន់ ដូច្នេះការលក់ឥវ៉ាន់តាមអនឡាញក៏ជាអាជីពមួយផ្សេងទៀតដែលមនុស្សជាច្រើនអាចធ្វើបាននៅពេលនេះ។

អ្នកខ្លះគ្រាន់តែលក់ឥវ៉ាន់តាមអនឡាញ អាចរកប្រាក់កម្រៃបានច្រើនជាងប្រាក់ខែទៀតក៏មាន។ ចំណែកឯផលិតផលដែលគេនិយមយកមកលក់តាមអនឡាញ​មានដូចជា ខោអាវ​ថ្មី ខោអាវជជុះ ទឹកអប់នាឡិកា ជាដើម។

២.​ ដឹកម្ហូប Delivery

នៅតាមហាងលក់ម្ហូបបច្ចុប្បន្ននេះ បានសម្របខ្លួនតាមបរិបទសង្គម មិនមែនរង់ចាំឱ្យភ្ញៀវមកដល់កន្លែងទៀតទេពួកគេបានបន្ថែមមុខងារម្យ៉ាងទៀត គឺសេវាកម្មដឹកជញ្ជូនអាហារដល់ទីកន្លែងអតិថិជន។ ជាពិសេសក្នុងកំឡុងពេលរាតត្បាតនៃវីរ៉ុសកូវីដ ១៩ នេះមនុស្សម្នាមិនអាចចេញមកទទួលទាន នៅក្នុងហាងបានទេធ្វើឱ្យសេវាកម្មមួយមុខនេះកាន់តែទទួលបានការគាំទ្រ។ ក្នុងពេលជាមួយគ្នានេះដែរ​ មនុស្សជាច្រើនត្រូវបានផ្អាកពីការងារប៉ុន្តែក៏មានឱកាសរកប្រាក់ចំណូលតាមរយៈប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនបម្រើសេវាកម្មដឹកម្ហូបអាហារ។​

៣. លក់នំដុត ​Bakery

វាជាមុខរបរបន្ថែមមួយមុខទៀត ដែលមនុស្សជាច្រើនកំពុងចាប់អារម្មណ៍។ វាអាចបង្កើតប្រាក់ចំណូលមួយផ្នែកទៀត ប៉ុន្តែចំណូលច្រើនឬតិច ក៏អាស្រ័យលើថ្វីដៃនិងរសជាតិដែលធ្វើឱ្យអតិថិជនជាប់ចិត្ត ហើយត្រឡប់មកទិញម្តងទៀត។ ម្យ៉ាងវិញទៀត រសជាតិនិងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗខុសគ្នា ហេតុដូច្នេះហើយប្រសិនបើអ្នកកំពុងគិតថានឹងធ្វើវាជាអាជីពបន្ថែមអាចចាប់ផ្តើមលក់ជាមួយមិត្តភក្តិ មិត្តរួមការងារឬអ្នកជិតខាងឱ្យពួកគេបានភ្លក្សជាមុនសិនដើម្បីទទួលបានមតិយោបល់យកទៅកែប្រែឱ្យកាន់តែប្រសើរឡើង។

៤. ដាំបន្លែលក្ខណៈគ្រួសារដើម្បីលក់

ជឿថានេះធ្លាប់ជាការងារបំបាត់ភាពអផ្សុករបស់មនុស្សមួយចំនួនដែលស្រឡាញ់ធម្មជាតិ ប៉ុន្តែប្រសិនបើអ្នកធ្វើបានល្អក៏ជារកប្រាក់កម្រៃបានមួយច្រកទៀត។ ព្រោះការដាំបន្លែលក្ខណៈគ្រួសារ មិនត្រូវការដីធំទេថែមទាំងងាយស្រួលធ្វើនៅផ្ទះទៀតផង​ ឧបករណ៍ក៏មិនពិបាករកចំណែកឯវិធីសាស្រ្តវិញអាចរកបាននៅពាសពេញអ៊ីនធើណែត។ 

ទោះបីជាលក់មិនដាច់យ៉ាងហោចណាស់ក៏បានជួយកាត់បន្ថយថ្លៃអាហារបានដែរ​។ តែបើអ្នកមើលថែបានល្អ ទិន្នផលខ្ពស់អាចយកទៅលក់ធ្វើជាកម្រៃប្រចាំថ្ងៃបានមួយផ្នែកទៀតដូចជាដើម​ Sunflower Sprout ដែលជាបន្លែកំពុងពេញនិយមសម្រាប់អ្នកស្រឡាញ់សុខភាព។

៥. Bloggerឬ YouTuber

នេះអាចជាអាជីពក្នុងក្តីស្រម៉ៃរបស់មនុស្សជាច្រើនក្នុងពេលបច្ចុប្បន្ននេះ ព្រោះវាអាចបង្កើតចំណូលបានជាហូរហែរថែមទាំងមានសេរីភាពទៀតផង ដោយគ្រាន់តែបង្កើតមាតិកាផ្ទាល់ខ្លួនរបស់អ្នករួចចែករំលែកតាមរយៈបណ្តាញសង្គម។ Bloggerគឺជាអ្នកសរសេរអត្ថបទដែលផ្តោតលើការរៀបរាប់ពីភាពជាខ្លួនឯងរបស់អ្នកសរសេរដូចជា អ្នក Review ផលិតផល ឬការធ្វើម្ហូបជាដើម។ ប្រសិនបើមាតិការបស់អ្នកទទួលបានការគាំទ្រច្រើន នោះក្រុមហ៊ុនផ្សេងៗនឹងចាប់អារម្មណ៍ដាក់ការផ្សាយពាណិជ្ជកម្មជាមួយអ្នក។ 

ចំណែកឯ Vlogger​ ឬYoutuber គឺជាអ្នកដែលមានគំនិតច្នៃប្រឌិតរួចបង្ហាញចេញតាមរយៈវីដេអូឃ្លីប ដែលបង្ហោះក្នុង​​ Youtube។​ ចំណែកឯប្រាក់ចំណូលកើតចេញពីការមានអ្នកគាំទ្រច្រើន ក៏ធ្វើឱ្យអ្នកទទួលបានលុយពីការផ្សាយពាណិជ្ជកម្ម ឬទទួលបានប្រាក់ឧបត្ថម្ភពីម្ចាស់ផលិតផលដោយផ្ទាល់ ហើយអ្នកគ្រាន់តែផ្សព្វផ្សាយផលិតផលនោះឱ្យគេវិញ។