ការចែករំលែកចំណីអាហារញ៉ាំជុំគ្នា ឬមួយការចំណាយពេលញ៉ាំអាហារថ្ងៃត្រង់រួម សម្រាប់បុគ្គលិកនៅឯកន្លែងការងារ អាចជារឿងធម្មតា ប៉ុន្តែការសិក្សាធ្វើឡើងនៅសហរដ្ឋអាមេរិក និងនៅប្រទេសអ៊ីតាលី បានរកឃើញពីឥទ្ធិពលវិជ្ជមានដែលមានភាពល្អប្រសើរ លើប្រសិទ្ធិភាពការងារពីសកម្មភាពសាមញ្ញប្រចាំថ្ងៃនេះទៅវិញ។
នៅក្នុងការសិក្សាធ្វើឡើងដោយ សាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក បានផ្តោតលើទំនាក់ទំនងរវាងសកម្មភាពចែករំលែកការញ៉ាំចំណីជុំគ្នា និងប្រសិទ្ធិភាពការងាររបស់ក្រុមបុគ្គលិកធ្វើការរួមគ្នា។ ការស្រាវជ្រាវបានធ្វើទៅលើក្រុមបុគ្គលិកអ្នកពន្លត់អគ្គិភ័យជាង៥០កន្លែង ដែលបុគ្គលិកទាំងនោះភាគច្រើននិយមចែករំលែកអាហារញ៉ាំជុំគ្នា។ ក្រៅតែពីការញ៉ាំអាហារជាមួយក្រុមគ្រួសារ ពួកគេតែងមានយ៉ាងហោច១ពេល ញ៉ាំអាហារជាក្រុមនៅកន្លែងការងារ ហើយក៏មានការចែករំលែកចំណីអាហារក្រៅពេលញ៉ាំផងដែរ។
ជាលទ្ធផលនៃការតាមដានសិក្សាបានបង្ហាញថាពួកគេ (ក្រុមអ្នកពន្លត់អគ្គិភ័យ) មានអារម្មណ៍រីករាយច្រើននៅពេលញ៉ាំអាហារជុំក្រុមការងារ។ ប្រសិទ្ធិភាពការងារពួកគេរីកចម្រើន ដោយសារការមានពេលជជែក ចែករំលែកបទពិសោធ និងស្វែងយល់រួមគ្នា ក្នុងពេលញ៉ាំអាហារនោះ។ ទន្ទឹមនឹងនោះ ភាពស្និទ្ធស្នាល និងការយល់ចិត្តនៃក្រុមការងារ ក៏ត្រូវបានអ្នកស្រាវជ្រាវកត់សម្គាល់ថាកើតមាន ទាំងនៅពេលញ៉ាំអាហារ និងកើតមាននៅក្នុងពេលត្រឡប់ទៅបំពេញការងារវិញ ដែលធ្វើឱ្យលទ្ធផលក្រុមការងារមានភាពស៊ីចង្វាក់ល្អជាបន្តបន្ទាប់។
ក្រៅពីការសិក្សាខាងលើនេះ ទំនោរញ៉ាំអាហារជុំគ្នានៃក្រុមការងារក៏កើតមានច្រើនផងដែរ នៅលើទឹកដីអឺរ៉ុប ពិសេសនៅប្រទេសអ៊ីតាលី ដែលការសិក្សាមួយចំនួនសម្គាល់ឃើញថា មានបណ្តាក្រុមហ៊ុននិងស្ថាប័នជាច្រើនបានរៀបចំឱ្យមានកន្លែងសមរម្យ សម្រាប់ម៉ោងសម្រាកញ៉ាំកាហ្វេ ឬចំណីអាហារញ៉ាំជុំគ្នាដល់បុគ្គលិក។ ហើយគំរូរៀបចំកន្លែងសម្រាកញ៉ាំអាហារជុំគ្នានៅការិយាល័យសម្រាប់បុគ្គលិកធ្វើការ បានកើនឡើងខ្លាំងនៅទីក្រុងធំៗរបស់អ៊ីតាលី ដូចជាក្រុង Milan ក្រុងBologna និងរដ្ឋធានីRome ដោយហេតុគេសម្គាល់ឃើញពីប្រសិទ្ធិភាពផលិតភាពក្រុមការងារ និងសាមគ្គីភាពបុគ្គលិកបានរីកចម្រើននៅពេលពួកគេជួបជុំដោយបរិយាកាសការញ៉ាំអាហារជុំគ្នា ហើយយោងតាមលទ្ធផលសម្ភាសបុគ្គលិកជាច្រើនក៏បានបង្ហាញមតិយោបល់ផ្ទាល់ខ្លួនថា ការមានពេលញ៉ាំអាហារជុំគ្នាមិនថាពេលថ្ងៃត្រង់ ឬម៉ោងសម្រាក (Breaktime) គឺនាំឱ្យពួកគេមានអារម្មណ៍កក់ក្តៅជាមួយសមាជិកក្រុមការងារ ព្រមទាំងមានពេលស្វែងយល់ពីបទពិសោធ និងគំនិតគ្នាទៅវិញទៅមក។
តាមរយៈលទ្ធផលជាវិជ្ជមាននេះ លោក Kevin Kniffin សាស្រា្តចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Cornell ដែលបានដឹកនាំការស្រាវជ្រាវខាងលើនោះ បានលើកឡើងថាការមានឱកាសជុំគ្នាដោយមានអាហារញ៉ាំ ប្រៀបដូចជាស្នូលសំខាន់នៃការបង្កើនឱកាសទំនាក់ទំនងសមាជិកក្រុមការងារឱ្យស្គាល់ និងយល់ពីគ្នា។ ហើយពេលវេលានោះជាការបង្កើតនូវគុណភាពសម្ព័ន្ធភាពក្រុមការងារ (Team Building) ដ៏ល្អដើម្បីឆ្ពោះទៅរកប្រសិទ្ធិភាពគោលដៅការងាររួម៕