ដើម្បីទទួលបានសេចក្តីសុខសុភមង្គល និងភាពរីកចម្រើនដោយភាពភាពវិជ្ជមាន មនុស្សជាច្រើនតែងតែនិយាយថា​ «​កុំប្រៀបធៀបជាមួយអ្នកដទៃ» តែមើលតាមស្ថានភាពពិតក្នុងជីវិតជាក់ស្តែង ពំនោលនេះមិនប្រាកដថាត្រឹមត្រូវទាំងអស់នោះទេ។

តាមពិតទៅការប្រៀបធៀប​ អាចនឹងធ្វើឱ្យជីវិតកាន់តែរីកចម្រើន ឬកាន់តែមានសេចក្តីសុខ ​ប្រសិនបើយើងចេះវិធីសាស្រ្តក្នុងការប្រៀបធៀប ប្រកបដោយភាពវិជ្ជមាន។ នៅថ្ងៃនេះ ក្រមាប៉ុស្តិ៍ នឹងលើកយកចំណុចសំខាន់ៗចំនួន ២យ៉ាង ដើម្បីធ្វើការប្រៀបធៀបជំរុញជីវិតឱ្យកាន់តែមានសេចក្តីសុខ។

១.ស្គាល់កន្លែងដែលយើងកំពុងនៅ

មនុស្សដែលតែងតែកើតទុក្ខ ភាគច្រើនកើតមកពីការប្រៀបធៀបខុស។ មានអ្នកខ្លះ ប្រៀបធៀបជាមួយនឹងអ្នកនៅក្រោមខ្លួនឆ្ងាយពេក ធ្វើឱ្យគេយល់ថា​គេជាមនុស្សអស្ចារ្យ គ្រប់គ្រាន់ និងមិនបាច់ប្រឹងប្រែងទាល់តែសោះ។ ស្ថានភាពបែបនេះ គេអាចនឹងមានសេចក្តីសុខ តែមិនសូវរីកចម្រើន។

មនុស្សខ្លះទៀតប្រៀបធៀបជាមួយនឹងរឿងមិនអាចទៅរួច រហូត​ធ្វើឱ្យគេ​កើតចិត្តលោភលន់ ហើយដេញតាមទ្រព្យរហូតដល់​កើតទុក្ខឥតឈប់ឈរ។ ហេតុនេះជាដំណោះស្រាយល្អ យើងគួរដឹងពីចំណុចដែលខ្លួនកំពុងតាំងនៅហើយ​ប្រើការប្រៀបធៀបឱ្យត្រូវកាលៈទេសៈ។

នៅពេលដែលយើងកំពុងកើតទុក្ខ យើងអាចធ្វើការប្រៀបធៀបជាមួយមនុស្សជាច្រើនដែលលំបាកជាងយើង ដើម្បីលើកទឹកចិត្ត ឱ្យយើងខិតខំប្រឹងប្រែងបន្ថែម ប្រកបដោយក្តីសង្ឃឹមតែនៅពេលស្ថានភាពចិត្តធម្មតា យើងគួរមើលទៅលើចំណុចដែលត្រូវកែលម្អនិងចំណុចគួរអភិវឌ្ឍបន្ថែម ដើម្បីឱ្យយើងទទួលបានលទ្ធផលល្អដូចអ្នកដែលនៅលើយើង។

២.មើលបរិយាកាសជុំវិញដោយល្អិតល្អន់

មានមនុស្សមិនតិចទេ នៅក្នុងសង្គមរបស់យើងដែលកំពុងដាក់គោលដៅ និងប្រៀបធៀបខ្លួនឯងជាមួយកំពូលមហាសេដ្ឋីធំៗក្នុងពិភពលោក។ ការធ្វើបែបនេះមិនខុសពីយកកង់អូសរថយន្ត​ដឹកទំនិញ ដែលជាប់ផុងនោះទេ។ ការធ្វើរឿងដែលមិនអាចទៅរួចនេះនឹងធ្វើឱ្យយើងកាន់តែខំ កាន់តែ​កើតទុក្ខ។

ជាដំណោះស្រាយ គឺចាំបាច់ត្រូវចេះមើល​ពី​ស្ថានភាពជុំវិញខ្លួនឱ្យបានល្អិតល្អន់ថា តើយើងកំពុងរស់នៅក្នុងសង្គមបែបណា? មានប្រជាជន​យល់ដឹងកម្រិតណា? ហើយ​យើងគួរបត់បែនបែបណាខ្លះ?  ហេតុនេះ ដើម្បីធានាថាយើងអាចរៀនពីអ្នកដទៃបានល្អ ឬអាចនិយាយបានថាដើម្បីប្រៀបធៀបត្រូវ យើងគួរប្រៀបធៀបខ្លួនឯងជាមួយមនុស្សជិតខ្លួន។ 

អ្នកខ្លះអាចរស់នៅក្នុងសង្គមជាមួយយើង​ ហើយ​មានកម្រិតល្អជាងយើងប្រហែលបួនដប់ឆ្នាំទើបជាការល្អ ព្រោះការធ្វើបែបនេះអាចឱ្យយើង​មើលឃើញច្បាស់ ពី​ជីវិតជាក់ស្តែង និងលក្ខខណ្ឌនានាក្នុងជីវិតគាត់បានល្អ។ នៅពេលយើងយល់ច្បាស់ពីគេ និងស្គាល់ពីលក្ខខណ្ឌខ្លួនឯង នោះយើងនឹងមើលឃើញកាន់តែច្បាស់ពីចំណុចដែលត្រូវ​បំពេញបន្ថែមដើម្បីឱ្យដើរទៅដល់ទីតាំង ដែលគេកំពុងតាំងនៅនោះប្រកបដោយភាពប្រាកដនិយម៕