នៅអំឡុងឆ្នាំ1876 យុវជនម្នាក់ដែលមានឈ្មោះថា អាឡិចសាន់ឌឺហ្គ្រេហាំ ប៊ែល (Alexander Graham Bell) បានទំនាក់ទំនងជាមួយក្រុមហ៊ុន វេស្ទើន យូនៀន (Western Union) ដើម្បីលក់ប៉ាតង់នៃឧបករណ៍ដែលគាត់បានច្នៃបង្កើតឡើងជាឧបករណ៍ដំបូងរបស់ពិភពលោក ដែលអាចបញ្ជូនសំឡេងតាមរយៈចរន្តអគ្គិសនីឆ្លងកាត់តាមខ្សែ (បច្ចុប្បន្នយើងហៅថា ទូរស័ព្ទ) ក្នុងតម្លៃត្រឹមតែ 100,000 ដុល្លារ។
លោក វីលៀម ហ័រតុន (William Horton) ប្រធានក្រុមហ៊ុន Western Union បាននិយាយចំអកនៅពេលដែល លោកប៊ែល ផ្តល់ឱ្យគាត់នូវឱកាសដ៏កម្រមួយ ដើម្បីបានទិញប៉ាតង់សម្រាប់ទូរស័ព្ទរបស់គាត់ក្នុងតម្លៃ 100,000ដុល្លារ។ ការសម្រេចចិត្តរបស់លោក ហ័រតុន (Horton) ក្នុងឆ្នាំ 1877 ត្រូវបានគេស្គាល់ថា ជាការសម្រេចចិត្តដ៏ល្ងង់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាជីវកម្ម។
គេដឹងថាពេលនោះ ក្រុមហ៊ុន Western Union ជាក្រុមហ៊ុនជំនួញដ៏ធំមួយ កំពុងតែទទួលបានជោគជ័យ និងជាអ្នកក្ដោបក្ដាប់ទីផ្សារនៃការធ្វើទំនាក់ទំនងគ្នា ដោយមានការិយាល័យទូរលេខ (Telegraph) ចំនួន 7000 នៅទូទាំងសហរដ្ឋអាមេរិក ហើយក្រុមហ៊ុនគាត់មានតម្លៃដល់ 55លានដុល្លារ តែបានប្រព្រឹត្តកំហុសដោយ មើលរំលងទៅលើការបង្កើតថ្មីរបស់ លោកប៊ែល ពីប្រធានក្រុមហ៊ុនលោក ហ័រតុន (Horton ) ។
លោក ហ័រតុន (Horton) ក៏ត្រូវបានគេរាយការណ៍ថា បានសើចចំអកដាក់ លោកប៊ែល ដោយនិយាយថា "តើក្រុមហ៊ុននេះ អាចផលិតបានត្រឹមប្រដាប់ក្មេងលេងបែបអគ្គិសនីប៉ុណ្ណឹងទេ?"
ការចំអកនេះ បានធ្វើឲ្យលោកប៊ែល និងក្រុមរបស់គាត់បានចាប់ផ្តើមបង្កើតជាក្រុមហ៊ុនទូរស័ព្ទផ្ទាល់ខ្លួន គឺ Bell Telephone ហើយបានទទួលនូវការគាំទ្រយ៉ាងឆាប់រហ័សពីអ្នកប្រើប្រាស់ ដែលជាការបញ្ជាក់ច្បាស់ថា គម្រោងរបស់គាត់មិនមែនត្រឹមតែជាឧបករណ៍ក្មេងលេងប៉ុណ្ណោះទេ ។
ពីរឆ្នាំក្រោយមកលោក ហ័រតុន (Horton) បានសារភាពថា គាត់បានធ្វើកំហុសដ៏ធំមួយ ដោយនិយាយថាឥឡូវនេះគាត់នឹងពិចារណាលើតម្លៃប៉ាតង់ក្នុងតម្លៃ 25លានដុល្លារ។ លោកហ័រតុន ( Horton) ក៏បានជួលលោក ថូម៉ាស អេឌីសុន (Thomas Edison) ដើម្បីកែលម្អប៉ាតង់និងទូរស័ព្ទឲ្យមានភាពប្រសើរជាងរបស់ដើម ប៉ុន្តែ លោកប៊ែល បានប្ដឹងក្រុមហ៊ុនទៅតុលាការ។
នៅទីបំផុតជម្លោះប៉ាតង់នេះត្រូវបានដោះស្រាយ នៅឆ្នាំ 1879 ដោយក្រុមហ៊ុន Western Union យល់ព្រមដកខ្លួនចេញពីទីផ្សារទូរស័ព្ទ៖ ហើយលោក ប៊ែល (Bell) បានបន្តធ្វើជាម្ចាស់ប្រព័ន្ធទូរស័ព្ទនៅសហរដ្ឋអាមេរិក ដែលមានឈ្មោះថា AT&T។
មេរៀនលើការសម្រេចចិត្តនេះ៖ កុំស្កប់ស្កល់នឹងស្ថានភាពបច្ចុប្បន្នដែលអ្នកកំពុងមាន ខណៈដែលបច្ចេកវិទ្យានៅរីកចម្រើនគ្មានថ្ងៃឈប់ ដូច្នេះផលិតផលរបស់អ្នក ក៏ត្រូវតែអភិវឌ្ឍន៍ទៅតាមនោះដែរ៕