ប្អូនៗដែលកំពុងរៀនមហាវិទ្យាល័យ ឬទើបចប់ថ្មីៗច្បាស់ជាគិតថា ពិបាកក្នុងការស្វែងរកការងារធ្វើដោយសារតែខ្លួនគ្មានបទពិសោធន៍។ បទពិសោធន៍ការងារពិតជាសំខាន់មែន ប៉ុន្តែក៏នៅមានការងារជាច្រើនទៀតដែលមិនតម្រូវបទពិសោធន៍ជារឿងធំឡើយ ហើយប្អូនៗអាចរៀនបណ្ដើរ ធ្វើការបណ្ដើរ ឬអ្នករៀនចប់អាចធ្វើបានដើម្បីបណ្ដុះបទពិសោធន៍របស់ខ្លួន។
១. គ្រូបង្រៀនក្មេងៗពេញ ឬក្រៅម៉ោង
នេះជាការងារដ៏ពេញនិយមសម្រាប់អ្នកមិនមានបទពិសោធន៍ ដោយគ្រាន់តែត្រូវការជំនាញទំនាក់ទំនង ជំនាញផ្នែកអក្សរសាស្ត្រ (ខ្មែរ ឬបរទេស) តាមភាសាដែលត្រូវបង្រៀន និងចិត្តអំណត់។ និស្សិតភាគច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់ការងារជាគ្រូបង្រៀននៅសាលាឯកជន មុននឹងវិវត្តខ្លួនទៅកាន់មុខតំណែងធំ ឬជំនាញផ្សេងទៀត។
២. បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន(Call Center)
ការងារនេះសាកសម សម្រាប់និស្សិតដែលមានជំនាញពូកែវោហាស័ព្ទប្រកបដោយសម្ដីសុភាពរាបសារ ចេះបត់បែន និងអត់ធ្មត់។ អ្នកអាចធ្វើការបែបនេះក្រៅម៉ោងរៀនបាន ដោយគ្រាន់តែចាំឆ្លើយឆ្លងជាមួយអតិថិជនតាមទូរសព្ទប៉ុណ្ណោះ។ ក្រុមហ៊ុនភាគច្រើនមានម៉ោងការងារបត់បែនសម្រាប់តួនាទីនេះ ដែលប្អូនៗកំពុងរៀនបណ្ដើរហើយចង់រកចំណូលផ្ទាល់ខ្លួនបណ្ដើរអាចពិចារណាបាន។
៣. អ្នកបម្រើសេវាកម្មក្នុងហាងអាហារ
ការងារនេះស្ដាប់ទៅដូចជាមិនសូវខ្ពង់ខ្ពស់ប៉ុន្មានមែន ប៉ុន្តែវាក៏ជាការងារដ៏ពេញនិយមសម្រាប់ប្អូនៗដែលមិនតម្រូវបទពិសោធន៍ច្រើនឡើយ។ តាមរយៈការងារនេះ អ្នកអាចរៀនសូត្របានច្រើន ទាំងជំនាញរឹង និងជំនាញទន់ខាងក្នុងហើយក៏មានបុគ្គលិកផ្នែកនេះច្រើននាក់ណាស់ដែរ ដែលប្រឹងប្រែងធ្វើការរហូតបានឡើងតួនាទីធំជាអ្នកគ្រប់គ្រងជាបន្តបន្ទាប់។ ការងារប្រភេទនេះក៏មានម៉ោងធ្វើការបត់បែន សម្រាប់អ្នករវល់រៀនមួយពេលឆ្លៀតមកធ្វើការរកចំណូលទៀតបាន។
៤. ជំនួយការផ្នែកលក់
ស្រដៀងនឹងការងារខាងលើដែរ តួនាទីនេះមានម៉ោងធ្វើការបត់បែនសម្រាប់ប្អូនៗអាចធ្វើបាន។ ក្រៅពីនេះ ក្រុមហ៊ុនមួយចំនួនជ្រើសរើសបុគ្គលិកផ្នែកលក់សម្រាប់ការងារបណ្ដោះអាសន្នក្នុងអំឡុងរដូវវិស្សមកាល ឬបុណ្យទានដែលជារយៈពេលលក់ដាច់ខ្លាំងហើយផ្ដល់ប្រាក់ឈ្នួលខ្ពស់។
៥. ជំនួយការរដ្ឋបាល
ក្រុមហ៊ុនជាច្រើនជ្រើសរើសតួនាទីជាជំនួយការរដ្ឋបាលសម្រាប់ប្អូនៗដែលគ្មានបទពិសោធន៍ ដើម្បីយកមកបណ្ដុះបណ្ដាលជំនាញការិយាល័យ ដូចជាគណនេយ្យ ការគ្រប់គ្រងការិយាល័យនិងធនធានមនុស្សជាដើម។
៦. បុគ្គលិកទទួលភ្ញៀវ
មុនខុសពីការងារផ្សេងៗខាងលើឡើយតួនាទីនេះបើកទូលាយសម្រាប់អ្នកមិនមានបទពិសោធន៍ ដោយគ្រាន់តែមានរូបសម្បត្តិសមរម្យនិងអាកប្បកិរិយារាបសារ។ ការងារនេះបែងចែកជាច្រើនវេន ដែលប្អូនៗអាចជ្រើសរើសវេនធ្វើការឱ្យស្របនឹងពេលវេលារបស់ខ្លួន។ ទោះបីប្រាក់ខែអាចមិនសូវច្រើន ប៉ុន្តែវាអាចជួយរកចំណូលផ្ទាល់ខ្លួន និងពង្រឹងសមត្ថភាពខ្លួនទៅថ្ងៃមុខបាន។
៧. អ្នកកាន់បណ្ដាញសង្គមរបស់ក្រុមហ៊ុន
ការងារនេះកំពុងពេញនិយមខ្លាំងសម្រាប់សម័យបច្ចុប្បន្ន។ ក្រុមហ៊ុនជាច្រើនដែលប្រើបណ្ដាញសង្គមសម្រាប់ផ្សព្វផ្សាយអំពីផលិតផល និងទាក់ទងជាមួយភ្ញៀវកំពុងប្រកាសជ្រើសរើសបុគ្គលិកជាច្រើនរូបដើម្បីគ្រប់គ្រងទំព័រហ្វេសប៊ុករបស់ខ្លួនទោះជាគ្មានបទពិសោធន៍ក៏ដោយ។ ការងារបែបនេះ អ្នកអាចធ្វើពីផ្ទះក៏បាន ឬនៅកន្លែងធ្វើការផ្ទាល់ ហើយម៉ោងធ្វើការក៏មានភាពបត់បែនផងដែរ។
៨. អ្នកសរសេរមាតិកា
អ្នកសរសេរមាតិកាតាមអនឡាញក៏មិនចាំបាច់ទាល់តែមានបទពិសោធន៍ច្រើនដែរ។ គ្រាន់តែមានគំនិតច្នៃប្រឌិត ចូលចិត្តស្រាវជ្រាវ និងច្បាស់ផ្នែកអក្ខរាវិរុទ្ធ ឬអក្សរសាស្ត្រអ្នកអាចដាក់ពាក្យធ្វើការផ្នែកនេះបានហើយ។ អាចនិយាយបានថា ការងារនេះនឹងបង្រៀនអ្នកច្រើនក្នុងការបង្កើតមាតិកាបែបច្នៃប្រឌិតនិងមានបណ្ដាញទំនាក់ទំនងច្រើនដែលផ្ដល់ផលល្អសម្រាប់ការងារទៅថ្ងៃអនាគតរបស់អ្នក៕