ភាពទាក់ទាញរបស់មនុស្ស អ្នកណាក៏មានដែរ ប៉ុន្តែមនុស្សមួយចំនួន នៅមិនទាន់ចេះប្រើប្រាស់ភាពទាក់ទាញ ដែលមានស្រាប់ពីខាងក្នុង និងការបន្ថែមភាពទាក់ទាញខ្លះៗពីខាងក្រៅ ដើម្បីធ្វើឱ្យអ្នកទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ពីមនុស្សនៅជុំវិញខ្លួនរបស់អ្នក។ ចំណុចសំខាន់ៗនៅខាងក្រោមនេះ និងធ្វើឱ្យអ្នកមានភាពទាក់ទាញកាន់តែខ្លាំង៖
១.ក្លិនខ្លួន
ការមានក្លិនខ្លួនដែលក្រអូប ជាផ្នែកសំខាន់ ជួយឱ្យអ្នកមានមនុស្សចង់នៅជិត នៅក្បែរ និងនិយាយសន្ទនាជាមួយដោយភាពរីករាយ។ យ៉ាងណាមិញអ្នកត្រូវតែប្រើទឹកអប់ ឬសាប៊ូ ដែលមានក្លិនក្រអូបស្រាល ជាពិសេសជាក្លិនផ្កា ដែលមិនជះក្លិនខ្លាំងពេក។
២.ភាពជឿជាក់
ការជឿជាក់និងមានទំនុកចិត្តមកលើខ្លួនឯង គឺជាភាពទាក់ទាញមួយយ៉ាងសំខាន់។ នៅ ពេលដែលអ្នកជឿជាក់លើខ្លួនឯង នោះអ្នកដទៃប្រាកដជាជឿជាក់ថា អ្នកមានអ្វីមួយដែលពិសេសចេញពីខាងក្នុងខ្លួន ទើបធ្វើឱ្យអ្នកមានទំនុកចិត្តចំពោះខ្លួនឯងយ៉ាងដូច្នេះ។ ការស្ដាប់ដោយសម្លឹងមើលមុខគេឱ្យចំ ក្លាហានបញ្ចេញមតិ ញញឹមរាក់ទាក់ ទាំងនេះសុទ្ធតែជាសកម្មភាពខ្លះៗ បង្ហាញថាអ្នកជឿជាក់លើខ្លួនឯង។
៣.ការយល់ដឹងពីព័ត៌មានសង្គម
អ្នកត្រូវតែមានចំណេះដឹងឱ្យបានទូលំទូលាយ ដោយស្វែងយល់ពីព័ត៌មាននៅក្នុងសង្គម និងចំណេះដឹងដែលជាប្រយោជន៍អ្វីមួយ។ ជាធម្មតានៅពេលដែលយើងចេញទៅក្រៅ ជួបជាមួយមនុស្សជាច្រើន ប្រសិនបើអ្នកមិនសូវដឹងពីព្រឹត្តិការណ៍សង្គមទេ អ្នកប្រាកដជាសន្ទនាជាមួយគេមិនចុះឡើយ។
៤.កាយវិការ
ការប្រើប្រាស់កាយវិការគឺជាបញ្ហាសំខាន់ខ្លាំង ជួនកាលគ្រាន់តែការប្រើប្រាស់កាយវិការរបស់អ្នក ក៏អាចធ្វើឱ្យមនុស្សមួយចំនួនមើលដឹងថាអ្នកអាចទុកចិត្តបានឬអត់។ ពីព្រោះថាការបង្ហាញទំនុកចិត្ត និងចំណេះដឹង ក៏ត្រូវឆ្លងកាត់កាយវិការដូចគ្នា។
៥.សម្លេង
ជាចំណុចដែលចង់រំឮកដល់អ្នកទាំងអស់គ្នា នៅពេលដែលអ្នកចេញទៅជួបអ្នកដទៃ ការចេះប្រើប្រាស់សម្លេង លើកដាក់តាមអារម្មណ៍គឺជាបញ្ហាធំ។ ជួនកាលសាច់រឿងដែលយើងមើលមិនស្មើ នឹងមនុស្សម្នាក់ដែលចេះលើកដាក់ពាក្យសម្ដី ការប្រើប្រាស់សម្លេងដែលប៉ិនប្រសប់របស់គេផង។
៦.ពូកែនិយាយកំប្លែង
មនុស្សពូកែនិយាយកំប្លែង ជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ ពីព្រោះការនិយាយឱ្យនរណាម្នាក់សើចមិនមែនជារឿងងាយទេ។ នៅចំណុចនេះត្រូវប្រមូលផ្ដុំមកទាំងអស់ ទាំងកាយវិការ សម្លេង ទឹកមុខ និងទំនុកចិត្តរបស់អ្នកផ្ទាល់។
ការធ្វើឱ្យខ្លួនអ្នកមានភាពទាក់ទាញ អាចធ្វើឱ្យអ្នកគិតថាខ្លួនឯងជាមនុស្សម្នាក់ ដែលមានមនុស្សជាច្រើនចង់ដឹង ចង់ស្គាល់និងចង់យល់ពីអ្នក។ ដូច្នេះហើយយើងសង្ឃឹមថា៦ចំណុចខាងលើនេះ អាចជួយ បង្កើនភាពទាក់ទាញរបស់អ្នកថែមមួយកម្រិតទៀត៕