ក្នុងការរស់នៅរបស់មនុស្ស មិនថាជាជីវិតឯកជនឬនៅក្នុងសង្គមទេ ពួកគេតែងតែខិតខំប្រឹងប្រែង ដើម្បីស្វែងរកតុល្យភាពនៃជីវិត។ តែទោះជាយ៉ាងណា ក៏មនុស្សភាគច្រើនទំនងជាមិនអាចរកឃើញបាន ឡើយរាល់អត្ថន័យពិតនៃជីវិត ព្រោះពួកគេត្រូវបានមជ្ឈដ្ឋានខាងក្រៅអូសទាញ រហូតភ្លេចគោលដៅដើម ដែលពួកគេចង់ស្វែងរក។
បន្ទាប់មកពួកគេផ្លាស់ប្តូរគំនិត ដើម្បីឆ្ពោះទៅតាមការអូសទាញតែម្ខាងនៃមជ្ឈដ្ឋាននោះ ដូចជាការងប់ងល់ នៅក្នុងឋានៈតួនាទី ឬទ្រព្យសម្បត្តិទៅវិញ។ នៅក្នុងសៀវភៅ «វិថីសុភមង្គល» បាននិយាយថា កត្តាទាំងនេះ បានធ្វើឱ្យពួកគេបាត់បង់តុល្យភាពនៃជីវិត ហើយត្រូវធ្លាក់ក្នុងសេចក្តីទុក្ខវិញក្នុងពេលយ៉ាងខ្លី។ ទន្ទឹមនឹងនេះ មានអ្នកខ្លះទៀតមិនដែលខ្វល់ខ្វាយពីឋានៈតួនាទី អំណាច ឬទ្រព្យសម្បត្តិអ្វីឡើយតែ ពួកគេបានឱ្យតម្លៃទៅលើគុណធម៌ជ្រុលនិយម ឬការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីមនុស្សគ្រប់គ្នាដែល នៅជុំវិញខ្លួនខ្លាំងពេក។
ពួកគេអាចរស់នៅដោយមានសេចក្តីសុខ តែថ្ងៃណាមួយ ពួកគេនឹងជួបប្រទះនូវការសង្កត់សង្កិនភាពក្រីក្រ និងបញ្ហាជាច្រើនទៀត បើពួកត្រូវរងការគៀបសង្កត់ពីសំណាក់អ្នកដែលប្រាថ្នាឥទ្ធិពលខាងក្រៅនិងទ្រព្យ សម្បត្តិ។ បើពិនិត្យទៅលើគំនិតដែលប្រឈមគ្នាទាំងពីរខាងលើយើងឃើញថា ទាំងពីរជម្រើសសុទ្ធតែ មានគុណ សម្បត្តិ និងគុណវិបត្តិដូចគ្នា តែអ្វីដែលសំខាន់នោះគឺត្រង់ថា តើជម្រើសមួយណាជាជម្រើស “ល្អជាង”? ហើយជម្រើសមួយណា ជាជម្រើសដែលមិននាំឱ្យមនុស្សងប់ងល់ជ្រុលខ្លួន ធ្លាក់ក្នុងសេចក្តីទុក្ខខ្លាំងក្លា។
ស្របនឹងទស្សនៈនោះ លោក ជែម ម៉ាឌីសុន (James Madison) ជាទស្សនវិទូជាតិអាមេរិក បានបង្ហាញទស្សនថា “ការរីកសាយនៃទឹកចិត្ត ប្រសើរជាការរីកសាយនៃទឹកប្រាក់”។ ជាការពិតណាស់ទ្រព្យសម្បត្តិ គឺជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន មានបុគ្គលខ្លះ បានប្រើគ្រប់វិធីដើម្បីទទួលបានទ្រព្យសម្បត្តិយ៉ាងច្រើនលើសលប់ មិនថាទង្វើនោះមានផលប៉ះពាល់ដល់អ្នកដទៃ ឬអាចធ្វើឱ្យអ្នកដទៃត្រូវជួបគ្រោះលំបាក ក៏ដោយ ទីបំផុតពួកគេនឹងត្រូវទទួលបានតែសេចក្តីទុក្ខនិងសោកស្តាយ។
ចំណែកឯមនុស្សមួយចំនួនទៀត ដែលពួកគេអាចរក្សាបាននូវតុល្យភាពនៃជីវិត គឺគេបានផ្តល់តម្លៃសំខាន់ទៅលើ ទឹកចិត្ត សុចរិតភាព និងការរក្សាពាក្យសន្យា។ បុគ្គលទាំងអស់នោះតែងតែចេះជួយគ្នា ទៅវិញទៅមក បង្កើតភាពចម្រើនជាមួយគ្នាហើយលះបង់ដើម្បីគ្នា។
តែទោះជាយ៉ាងណាក៏ដោយក៏ពួកគេ មិនមែនជាជនដែលមានគុណធម៌ជ្រុលនិយមដែរ ព្រោះអ្នកទាំងអស់ នោះមិនដែលភ្លេចខ្លួន ក្នុងការស្វែងរកទ្រព្យសម្បត្តិដោយផ្លូវសុចរិតឡើយ។ បុគ្គលដែលផ្តល់តម្លៃលើទឹក ចិត្ត មិនមែនជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនពេកនោះទេតែគេអាចស្វែងរកសុភមង្គលបានយ៉ាង ប្រសើររជាមួយគ្នា។
ពូកគេចេះចែកគ្នាស្វែងរកទ្រព្យសម្បត្តិ ចេះគិតពីផលលំបាក ឬផលប៉ះពាល់នៃសកម្មភាពរបស់ខ្លួនហើយ ព្យាយាមគ្រប់លទ្ធភាព ដើម្បីបង្កើនសុចរិតភាពក្នុងការរកស៊ី និងការងាដែលជាហេតុធ្វើឱ្យគាត់អាចរស់នៅ បានដោយសន្តិភាពអស់មួយជីវិត។
ក្រៅពីនេះ ទោះបីជាពួកគេទទួលរកនូវការជិះជាន់ ឬផលប៉ះពាល់ ដែលកើតចេញពីអំពើទុច្ចរិតនៃបុគ្គលដែលឱ្យតម្លៃទៅលើទ្រព្យសម្បត្តិជ្រុលនិយមក៏ដោយ ក៏ពួកគាត់នៅតែមានទឹកចិត្ត ក្នុងការជួយគ្នាជម្នះបញ្ហាដើម្បីស្វែងរកសុភមង្គល និងសន្តិភាពក្នុងការរស់នៅ៕