ភាពជាអ្នកដឹកនាំ អាចកើតចេញពីទេពកោសល្យធម្មជាតិឬមួយអ្នកបានឆ្លងកាត់បទពិសោធច្រើន នៅក្នុងផ្នែកផ្សេងៗទៅតាមបរិបទដែលខ្លួនរស់នៅ។ ជាមួយគ្នានេះ អ្នកដឹកនាំក្នុងសហគ្រិនភាព រួមទាំងអ្នកនិពន្ធ និងអ្នកដឹកនាំផ្សេងទៀតនៃសហរដ្ឋអាមេរិក បានចែករំលែកទស្សនៈទានរបស់ពួកគេ ទៅដល់អ្នកជំនាន់ក្រោយតាមរយៈសម្រង់សម្តីខាងក្រោមនេះ៖
១. “មុនពេលក្លាយជាអ្នកដឹកនាំម្នាក់ ភាពជោគជ័យដែលបានគឺកើតចេញពីការខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯង។ហើយនៅពេលក្លាយជាអ្នកដឹកនាំ ភាពជោគជ័យគឺកើតពីការបណ្តុះបណ្តាល និងដឹកនាំអ្នកផ្សេងទៀតឱ្យទទួលបានសមត្ថភាពល្អប្រសើរ” ។ -លោក Jack Welch- សហគ្រិនអាមេរិក និងជាអតីតប្រធានក្រុមហ៊ុនថាមពលអាមេរិក General Electric។
២. “អ្នកដឹកនាំអស្ចារ្យម្នាក់ គឺមិនសម្តៅតែលើអ្នកដែលបានសម្រេចសមិទ្ធិផលជោគជ័យនោះទេប៉ុន្តែគាត់ជាអ្នកដែលដឹកនាំឱ្យអ្នកដទៃទៀតទៅសម្រេចសមិទ្ធិផលអស្ចារ្យ” ។ - លោក Ronald Reagan- ប្រធានាធិបតីទី៤០ នៃសហរដ្ឋអាមេរិក និងជាបុគ្គលដែលមានឥទ្ធិពលមួយរូប។
៣. “អ្នកដឹកនាំមួយរូប គឺជាអ្នកដែលដឹងពីផ្លូវដើរ ដឹកនាំទៅផ្លូវនោះនិងបង្ហាញផ្លូវបន្តសម្រាប់អ្នកក្រោយ” ។ - លោក John C. Maxwell- អ្នកនិពន្ធអាមេរិក
៤. “ខ្ញុំផ្ទាល់បានពិសោធឃើញថា មនុស្សនឹងអាចភ្លេចនូវអ្វីដែលអ្នកនិយាយ ភ្លេចនូវអ្វីដែលអ្នកបានធ្វើ ប៉ុន្តែពួកគេនឹងមិនភ្លេចនូវអ្វីដែលអ្នកបានធ្វើឱ្យពួកគេទទួលបាននូវអារម្មណ៍អស្ចារ្យមួយ” ។ -លោកស្រី Maya Angelou- អ្នកនិពន្ធអាមេរិកផ្នែកកំណាព្យ និងអ្នកសរសេរកំណត់ហេតុ។
៥. “គ្មានការវិនិយោគណាមួយដែលល្អ និងផ្តល់នូវផ្លែផ្កាដ៏ប្រសើរ និងការសាទរដូចការវិនិយោគដែលអ្នកដឹកនាំធ្វើដោយខ្លួនឯងឡើយ” ។ -លោក Orison Swett Marden- អ្នកនិពន្ធអាមេរិកនិងជាចាងហ្វាយទស្សនាវដ្តីភាពជោគជ័យ។
៦. “ការគ្រប់គ្រងគឺ ការដឹកនាំធ្វើអ្វីមួយឱ្យបានត្រឹមត្រូវសមស្រប ចំណែកឯភាពដឹកនាំគឺជាការដឹកនាំឱ្យធ្វើរឿងដែលត្រឹមត្រូវ” ។ -លោក Peter Drucker- អ្នកប្រឹក្សាផ្នែកការអប់រំ និងជាអ្នកនិពន្ធ អូទ្រីស-អាមេរិកាំង។
៧. “ដឹកនាំខ្លួនអ្នកអាចប្រើខួរក្បាល និងដឹកនាំអ្នកដទៃ អ្នកអាចប្រើបេះដូង” ។ - Eleanor Roosevelt- លោកជំទាវរបស់លោកប្រធានាធិបតីអាមេរិក Franklin D. Roosevelt។
៨. “ជាអ្នកដឹកនាំម្នាក់ អាចឆ្លងកាត់រឿងទាំងនេះដូចជា ជាមនុស្សខ្លាំងតែមិនច្រលោតខឹង ជាមនុស្សចិត្តល្អ តែមិនទន់ខ្សោយ ជាមនុស្សម៉ឺងម៉ាត់ម៉ត់ចត់ តែមិនពេបជ្រាយអ្នកដទៃ ជាមនុស្សគិតបានវែងឆ្ងាយ ប៉ុន្តែមិនខ្ជិលច្រអូស ជាមនុស្សដាក់ខ្លួនតែមិនកំសាក ជាមនុស្សមានមនុស្សប្រកបដោយមោទនភាព ប៉ុន្តែមិនក្រអឺតក្រទម ជាមនុស្សមានភាពសប្បាយរីករាយខ្លះ ប៉ុន្តែសប្បាយដោយមានមនសិការ (មានឧត្តមគតិសម្រេចកិច្ចការធំៗ)។ -លោក Jim Rohn-សហគ្រិនអាមេរិក និងជាអ្នកនិយាយលើកទឹកចិត្តដ៏មានឥទ្ធិពលមួយរូប៕