អ្នកដឹកនាំទាំងអស់ត្រូវការ ការនិយាយ ការគិត និងការបង្ហាញពី ចិត្តគំនិត និងអារម្មណ៍ពិតចំពោះសមាជិកសង្គមរបស់ខ្លួន។ ផ្តើមពី ការគិត និងការនិយាយ អ្នកប្រាកដជាអាចក្លាយទៅជាអ្នកដឹកនាំ ដែលមានសក្តានុពល។
លើផ្លូវទៅកាន់ភាពជាអ្នកដឹកនាំ អ្នកប្រហែលជាត្រូវជួបគ្រោះភ័យជាច្រើនយ៉ាង។ អ្នកត្រូវជួបភាពភ័យខ្លាច គ្រោះថ្នាក់ ការបាក់ទឹកចិត្ត ហើយមានបញ្ហាជីវិតជាច្រើនទៀត ដែលចូលខ្លួនមកតាមរំខានអ្នកមិនឲ្យទទួលជោគជ័យ។
ចូរកុំខ្លាចវាអោយសោះ វាគឺជាថ្នាំប៉ូវសម្រាប់អ្នកទៅវិញទេ។
កំពូលមហាបុរសទាំងអស់លើលោក សុទ្ធតែកើតចេញមកពីស្ថានភាពលំបាក ហើយវីរភាពរបស់លោក ក៏កើតចេញមកពីការប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីពុះបំបែកគ្រោះកាចទាំងឡាយ ប្រកបទៅដោយក្តីសង្ឃឹម រហូតដល់ឃើញពន្លឺយ៉ាងត្រចះត្រចង់ នៃលទ្ធផលដែលមនុស្សគ្រប់គ្នាមិនអាចធ្វើបាន។
តើអ្នកដឹងទេ! មានតែការដែលហ៊ានប្រឈមជាមួយនឹងបញ្ហាទេ ទើបអាចធ្វើអោយអ្នកសម្រេចជោគជ័យបានដោយក្តីអស្ចារ្យ! មានតែការដែលអ្នកហ៊ានបំបែកនូវរបាំងនៃភាពភ័យខ្លាច ដើម្បីចូលខ្លួនមកច្បាំងជាមួយនឹងភាពលំបាកទាំងឡាយ ហើយប្រឈមមុខជាមួយវាគ្រប់កាលលៈទេ ទើបអាចធ្វើអោយអ្នកទទួលបាននូវស្នាមញញឹម និងវីរៈភាពអមតៈ។
មនុស្សភាគច្រើន តែងតែខ្លាចឧបសគ្គ ចង់គេចចេញពីស្ថានភាពលំបាក និងមិនចង់តស៊ូក្នុងជីវិត តែពួកគេភ្លេចទៅហើយថា ពួកគេជាមនុស្ស! ពួកគេមិនអាចគេចផុតពីស្ថានភាពប្រែប្រួលនៃធម្មជាតិរបស់មនុស្សបានទេ។
សូមកុំយកអារម្មណ៍ទៅព្រួយជាមួយនឹងអ្វី ដែលអ្នកគិតថាលំបាក ហើយចាប់ផ្តើមគិតថា ល្គឹកណាផែនដីនៅតែវិលនោះ ថ្ងៃនៅតែរះហើយលិច លិចហើយរះជាថ្មីដដែលៗឥតឈប់ឈរ។ បើគិតអោយល្អិតជាងនេះទៅទៀតយើងនឹងឃើញថា ល្គិកណាផែនដីនៅតែវិល ជីវិតរបស់អ្នកនៅតែមានសុខ និងទុក្ខ ក៏ប្រាកដជាផ្លាស់ប្តូរវេនគ្នា ចូលមកក្នុងសតិអារម្មណ៍របស់អ្នកជាដរាប ហាក់ដូចជាដំនើរវិវត្តនៃថ្ងៃដូចច្នោះដែរ។
ច្បាប់ធម្មជាតិបានកំណត់ថា គ្មានអ្នកណាសុខរហូតនោះទេ តែក៏គ្មានអ្នកណាទុក្ខរហូតនោះដែរ ហេតុនេះទុក្ខដែលអ្នកកំពុងប្រឈមប្រាកដជានឹងរលត់នៅពេលណាមួយជាក់ជាមិនខាន ហើយអ្វីដែលអ្នកត្រូវធ្វើនោះ គឺមិនមែនអង្គុយចិញ្ចឹមទុក្ខនោះទេ តែត្រូវក្រោកឈរឡើងហើយដើរសំដៅទៅរកពន្លឺថ្មីនៃជីវិត។
ប្រសិនបើអ្នកចង់ក្លាយទៅជាអ្នកដឹកនាំពិតប្រាកដមែន នោះអ្នកនឹងអាចក្លាយទៅជាអ្នកដឹកនាំជាក់ជាមិនខាន ព្រោះថាប្រសិនបើអ្នកអាចអនុវត្តតាមចំណុចវិជ្ជមានទាំងអស់នេះ ទោះជាមិនអាចក្លាយទៅជាអ្នកដឹកនាំសង្គម យ៉ាងហោចណាស់អ្នកក៏ក្លាយជាអ្នកដឹកនាំខ្លួនឯង ឬគ្រួសារដ៏ល្អម្នាក់ដែរ៕