បច្ចេកវិទ្យា៖ ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Facebook - Meta បានរកឃើញកម្មវិធីនៅក្នុងទូរស័ព្ទដៃ Android និង Apple iOS ច្រើនជាង 400អេប នៅឆ្នាំនេះ ដែលត្រូវបានគេបង្កើតឡើងដើម្បីលួចព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook ហើយមានអ្នកប្រើប្រាស់ប្រមាណ 1លាននាក់ ត្រូវបានគេលួចទិន្នន័យលេខសំងាត់ ឈ្មោះអ្នកប្រើប្រាស់ តាមរយៈអេបទាំងនោះ ។

ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃសុក្រនៅក្នុងការបង្ហោះប្លុកមួយ ដោយអ្នកនាំពាក្យលោក Gabby Curtis បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងណែនាំឲ្យមានការប្រុងប្រយ័ត្នដល់អ្នកប្រើប្រាស់ 1លាននាក់ ដែលអាចនឹងរងផលប៉ះពាល់ដោយកម្មវិធីទាំងនោះ។

កម្មវិធីដែលពួកគេបានរកឃើញនៅក្នុង App Store របស់ Apple និង Google Play Store មានប្រភេទជា ហ្គេម កម្មវិធីកែរូបថត សេវាកម្មសុខភាព និងប្រភេទកម្មវិធីផ្សេងទៀត ដើម្បីបញ្ឆោតមនុស្សឱ្យទាញយក នឹងសួរអ្នកប្រើប្រាស់ឱ្យ ភ្ជាប់ជាមួយគណនី Facebook ហើយក្រោយមក គេលួចឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់ តែម្ដង៕