បច្ចេកវិទ្យា៖  កម្មវិធី Microsoft Office ត្រូវបានចេញផ្សាយជាលើកដំបូងក្នុងឆ្នាំ 1990 ។ បន្ទាប់ពីប្រើប្រាស់ពាក្យ Microsoft Office រយៈពេលជាង 30 ឆ្នាំមកនេះ, ក្រុមហ៊ុន Microsoft នឹងប្រើពាក្យថ្មីជំនួសវិញ។ នោះមិនមែនមានន័យថា កម្មវិធីដែលអ្នកធ្លាប់ប្រើជាប្រចាំថ្ងៃដូចជា Word និង Excel នឹងលែងមាននោះទេ ប៉ុន្តែក្រុមហ៊ុនបានដូរឈ្មោះពី Microsoft Office មកជា Microsoft365 វិញ ជាការធ្វើកំណែប្រែថ្មី។

ក្រុមហ៊ុន Microsoft បានប្រកាសពីការផ្លាស់ប្តូរឈ្មោះនៅក្នុងសន្និសីទ Ignite កាលពីថ្ងៃពុធ ហើយ Microsoft 365 នឹង​ចាប់​ផ្ដើម​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ខែ​វិច្ឆិកា។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ វិបសាយ Office.com កម្មវិធី Office លើទូរស័ព្ទដៃ  និងកម្មវិធី Office សម្រាប់កុំព្យូទ័រ នឹងប្រើឈ្មោះថ្មីថា Microsoft 365 ជាមួយនឹងរូបភាព និង iCon ថ្មី។

លោក Jared Spataro អនុប្រធានសាជីវកម្មរបស់ក្រុមហ៊ុន Microsoft លើការងារនេះ ក៏បានបង្ហាញផងដែរថា កម្មវិធី Microsoft 365 នឹងភ្ជាប់មកជាមួយនូវមុខងារថ្មីៗជាច្រើន។

លោកលើកឡើងថា៖ កម្មវិធី Microsoft 365 ថ្មីគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រកាន់តែធំរបស់យើង ហើយផ្តោតលើ Microsoft 365 តែមួយ ហើយឆ្លុះបញ្ចាំងពីការច្នៃប្រឌិត ដែលយើងបានខិតខំដើម្បីឲ្យ ជីវិតនិងការងារកាន់តែបន្តវិវត្តទៅមុខ៕