អ្នកជំនាញលោហធាតុមកពីសាលាបារាំងចុងបូព៌ា លោកស្រី Stéphanie Leroy ផ្ដល់សម្មតិកម្មថា នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានឧស្សាហកម្មផលិតស្ពាន់ ក្នុងសម័យអង្គរ

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី Stéphanie Leroy ជាអ្នកជំនាញលោហធាតុមកពីសាលាបារាំងចុងបូព៌ា (EFEO) បានមកវិភាគអាចម៍លោហធាតុ ដែលជាសមុច្ច័យប្រមូលពីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

ការវិភាគតាមរយៈសមាសធាតុ និង ពណ៌ នៃអាចម៍លោហធាតុទាំងនោះ លោកស្រីអាចផ្ដល់សម្មតិកម្មថា ក្នុងសម័យអង្គរ ឧស្សាហកម្មផលិតស្ពាន់ក៏មានដែរ ក្រៅឧស្សាហកម្មផលិតដែក នៅក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលឧទ្យាននេះស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ស្ពាន់ជាប្រភេទលោហៈមួយប្រភេទដែលគេយកមកផ្សំជាមួយលោហធាតុផ្សេងទៀតឲ្យកើតជា «សំរឹទ្ធ» ហើយដែលបុព្វបុរសខ្មែរគ្រប់សម័យកាល យកសំរឹទ្ធមកសិតជារូបបដិមា និង ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ ដូច្នេះហើយទើបយើងឃើញមានបដិមាច្រើនអនេក សិតពីសំរឹទ្ធ។

កាន់តែពិសេសទៅទៀត សម្មតិកម្មវត្តមានឧស្សាហកម្មផលិតស្ពាន់ គឺជាអំណះអំណាងបឋមថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាគឺជាទីតាំងដំបូងបំផុតក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលមានឧស្សាហកម្មផលិតស្ពាន់៕