ស្ថិតក្នុងបរិបទដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាផលប៉ះពាល់នៃការរាតត្បាតរបស់ជំងឺCovid-19នេះ បានធ្វើឱ្យវិស័យជាច្រើននៅកម្ពុជា ដោយក្នុងនោះរួមទាំងវិស័យអចលនទ្រព្យផង បានរងផលប៉ះពាល់ខណៈអ្នករកស៊ីមួយចំនួន ហាក់បង្ហាញសុទិដ្ឋិនិយមថា វានឹងអាចមានកំណើនល្អឡើងវិញក្រោយបញ្ហាផុតរលត់ទៅ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃអចលនទ្រព្យរបស់កម្ពុជាមានសន្ទុះខ្លាំង។ ជាពិសេសតម្លៃដីធ្លីមានកំណើនប្រចាំឆ្នាំចន្លោះ ពី១០% ទៅ១០០% ឬជាង១០០%ក៏មាន អាស្រ័យលើទីតាំងភូមិសាស្ត្រ។ សន្ទុះនៃតម្លៃនេះ មិនឆ្លុះបញ្ចាំងពីតម្រូវការមូលដ្ឋានរបស់សេដ្ឋកិច្ច (fundamental needs) នោះទេ ផ្ទុយទៅវិញវាមានចរិតជាកំសួលចិត្តសាស្រ្ត ឬឥរិយាបទ (behavioral) របស់មហាជន និងអ្នកវិនិយោគ។
លោក ង៉ែត ជូ បាននិយាយថា៖ «បណ្តាអ្នកជំនាញបានព្យាករណ៍ថា តម្លៃនឹងមានការកើនឡើងក្នុង១ឆ្នាំប្រមាណ៧%ទៅ១០%ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ការព្យាករណ៍នេះទំនងជាអាចទៅរួច ព្រោះតម្លៃនៅកម្ពុជាមានតម្លៃទាបនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសនានាក្នុងអាស៊ី»។
លោកបានបន្ថែមទៀតថា យោងតាមទិន្នន័យរបស់ក្លូបលប្រភើធីហ្កាយ បានអោយដឹងថាតម្លៃដីធ្លីជាមធ្យមនៅទីក្រុងនៅកម្ពុជាមានតម្លៃប្រមាណ២.៩០០ដុល្លាអាមេរិកក្នុង១ម៉ែត្រការ៉េ។ នៅថៃ តម្លៃ៣.៩០០ដុល្លា នៅឥណ្ឌាតម្លៃ១០.៩០០ដុល្លា នៅចិនតម្លៃ១១.៨០០ដុល្លា នៅសិង្ហបុរីតម្លៃ១៣.៧០០ដុល្លា និង នៅហុងកុងតម្លៃ២៨.៥០០ដុល្លា។
អ្វីដែលគួរអោយបារម្ភគឺ កម្ពុជាអាចប្រឈមនឹងវិបត្តិលំនៅដ្ឋានរបស់ពលរដ្ឋដែលមានចំណូលទាប នាពេលអនាគត។ ការផ្គត់ផ្គង់ផ្ទះ ដែលមានតម្លៃសមរម្យនៅកម្ពុជានាពេលបច្ចុប្បន្ន មិនអាចឆ្លើយតបនឹងជីវភាពរបស់កម្មករនោះទេ ព្រោះផ្ទះមួយខ្នងមានតម្លៃយ៉ាងតិច២៥.០០០ដុល្លា។ វិបត្តិនេះបានកើតឡើងរួចហើយនៅទីក្រុងហុងកុងដូច្នេះកម្ពុជាគួររៀនសូត្រ និងរៀបចំគោលនយោបាយឱ្យបានល្អ៕