Kakeibo ជាវិធីតាមបែបសាមញ្ញមួយរបស់ជនជាតិជប៉ុនតែផ្តល់មកនូវប្រសិទ្ធិភាព ដែលន័យរបស់វាគឺសម្តៅលើ “ការកត់ត្រាចំណូលចំណាយថវិកា”។ តាមវិធីរបស់ជនជាតិជប៉ុននេះ គឺជួយក្រើនរំលឹកអ្នកឱ្យគិតគូរពីទំនាក់ទំនងអ្នកនឹងប្រភពថវិកាបានល្អដោយការពិចារណា មុននឹងសម្រេចចិត្តទិញ ឬជាវអ្វីមួយ។ ការប្រើ Kakeiboត្រូវបានគេលើកឡើងថា គឺជួយបន្ថយការចំណាយមិនចាំបាច់ប្រចាំខែបាន ៣៥% ដូចនេះ អ្នកអាចមើលពីចំណុចទាំង៥ដូចខាងក្រោមនេះ៖
១. កត់ត្រាចំណូលនិងដកចំណាយ fixed ប្រចាំខែ
រឿងទីមួយដែលអ្នកធ្វើ គឺកត់ត្រាខ្ទង់ចំណូលដែលអ្នកអាចរកបានជាប្រចាំខែរួចផាត់ដកចេញនូវខ្ទង់ចំណាយថេរ ដែលអ្នកត្រូវបង់ជាប្រចាំខែចេញ ដូចជាទឹកភ្លើងថ្លៃផ្ទះ អាហារ-ល-។
២. កំណត់គោលដៅសន្សំប្រចាំខែ
ជាក់ស្តែង អ្នកអាចសល់ខ្ទង់សន្សំគឺទឹកលុយដែលនៅសល់ពីសាច់លុយដែលបានផាត់ទាត់ខ្ទង់ចំណាយថេររួច។
៣. បញ្ជីប្រភេទចំណាយ
តាម Kakeibo អ្នកបែងចែកចំណាយជា៤ប្រភេទ៖
តម្រូវការ៖ ផ្ទះ អាហារហូបចុក ថ្លៃសិក្សា…។
ចំណង់៖ សកម្មភាពកម្សាន្តដូចជាចំណាយលើចំណង់ចំណូលចិត្ត អាហារញ៉ាំខាងក្រៅ របស់របរបន្ទាប់បន្សំដែលចង់បាន ដែលពុំមែនជាតម្រូវការចាំបាច់។
ទម្លាប់៖ សកម្មភាពជាទម្លាប់ក្នុងឱកាសផ្សេងៗដូចជាពិពណ៌លក់របស់របរប្រើប្រាស់ សៀវភៅប្រូម៉ូសិនបញ្ចុះតម្លៃ ទិញពីរថែមមួយ…។
ប្រធានសក្តិ៖ ចំណាយមិនអាចរំពឹងទុកមុនដូចជា ឈឺថ្កាត់ ជួសជុលរបស់របរ ការខូចខាតផ្សេងៗជាដើម។
៤. ដាក់តាមប្រភេទចំណាយនូវអ្វីដែលបានទិញ
បន្ទាប់ពីបែងចែកប្រភេទចំណាយរួចគឺរៀនកត់ត្រាអ្វីដែលជាទម្លាប់អ្នកធ្លាប់បានទិញពីមុនមក។សម្រាប់ការដាក់ចំណាយទៅតាមខ្ទង់របស់វា គឺភាពសាមញ្ញនៃ វិធីKakeiboតែបានបង្ហាញអ្នកឱ្យឃើញច្បាស់នូវបំណែកចែកអ្វីដែលជាតម្រូវការចំបាច់សម្រាប់អ្នកនិងអ្វីដែលជាភាពចង់បាន ប៉ុន្តែមិនចាំបាច់។ ដូច្នេះ ក្រោយពេលកត់ត្រាចេញហើយអ្នកនឹងឃើញពីខ្ទង់ចាយ ជាទម្លាប់របស់អ្នក ដែលអាចកែប្រែ ឬសម្រួលយ៉ាងណាជាបន្ត។
៥. ឆ្លើយសំណួររៀងរាល់ចុងខែ(ឬ១មួយសប្តាហ៍)
ដំណាក់កាលចុងក្រោយរបស់ Kakeiboគឺជារៀងរាល់ខែ ឬរាល់សប្តាហ៍ អ្នកអាចឆ្លើយសំណួរ៤សំខាន់ដូចខាងក្រោមនេះបាន៖
· តើអ្នកនៅសល់លុយបានប៉ុនា្មន?
· តើអ្នកចង់ផ្តើមសន្សំពីទឹកប្រាក់ចំនួនប៉ុន្មាន?
· តើចំណាយប្រចាំខែរបស់អ្នកក្នុងចំនួនប៉ុន្មាន?
· តើអ្នកមានវិធីអ្វីខ្លះដែលអាចកែកុនស្ថានភាពថវិកាឱ្យប្រសើរបាន?
សម្រាប់សំណួរចុងក្រោយ គឺសម្តៅទៅលើការអនុវត្តវិធីបន្ទាប់ឱ្យមានប្រសិទ្ធិភាពក្រោយពេលអ្នកបានប្រើ Kakeibo ក្នុងការរកឃើញពីលំហូរចំណូលចំណាយប្រចាំខែរបស់អ្នក។ ដូចនេះ អ្នកអាចកែសម្រួលស្ថានភាពថវិកានាខែក្រោយបានប្រសើរឡើង៕