Image

អារម្មណ៍ប្រមូលផ្តុំយ៉ាងល្អផ្តោតទៅលើកិច្ចការអ្វីមួយប្រាកដអ្នកអាចសម្គាល់ឃើញមនុស្សមួយចំនួនអាចធ្វើដូចនេះបានហើយលទ្ធផលរបស់ពួកគេក៏មានប្រសិទ្ធិភាពផងដែរ។ ជាមួយគ្នានោះ ពីក្រោយការចេះប្រមូលអារម្មណ៍បានល្អនោះក៏ដោយសារតែពួកគេបានហ្វឹកហាត់វាជាជំនាញមួយផងដែរពោលគឺជំនាញស្មិងស្មាធិ៍សមាធិលើកិច្ចការនោះឯង។ ជាចំណុចបានមកពីលទ្ធផលសិក្សាក៏ដូចជាបទពិសោធពីមនុស្សជាច្រើន ក៏បានបង្ហាញជាសង្ខេបដូចខាងក្រោម៖

. ចៀសចេញពីអ្វីដែលឆាឆៅអារម្មណ៍

ចាប់ផ្តើមពីចំណុចតូចៗដូចជាចេញទៅរកកន្លែងណាដែលស្ងប់ស្ងាត់ជាងមុន មិនរំខានអារម្មណ៍ បិទ notifications និងសារអំឡុងពេលផ្តោតធ្វើកិច្ចការ បិទទ្វារបើមានភាពអ៊ូរអរខ្លាំងពេកប្រាប់ក្មេងៗដែលពេលខ្លះពួកគេមករំខានអ្នក ហើយក៏បិទមុខងារ Apps ខ្លះពេលដែលអ្នកត្រូវផ្តោតលើកិច្ចការណាមួយ។

. ប្រើតិចនិកសម្រាកស​ម្រាប់ហ្វឹកហាត់ខួរក្បាល

ការផ្តោតអារម្មណ៍ធ្វើការនឹងផ្តល់ឱ្យអ្នកនូវប្រសិទ្ធិភាពការងារ​និងចំណាយពេលតិច។ ដើម្បីបានបែបនេះ ការហ្វឹកហាត់ឱ្យខួរក្បាលអ្នកឱ្យចំណាំនូវរបៀបធ្វើការនឹងជួយប្រសិទ្ធិភាពផងដែរនេះបើតាមការស្រាវជ្រាវ។ ដាក់សកម្មភាពការងាររយៈពេល២៥នាទីផ្តោតធ្វើរួចមានពេល៥នាទីសម្រាក ធ្វើអ្វីៗ បន្ទាប់មកត្រឡប់មកធ្វើការងារវិញ រួចធ្វើដូចនេះ២ទៅ៣ដងបន្ថែមរហូតកិច្ចការបានច្រើនរួចចុងក្រោយអ្នកអាចឱ្យកាដូខ្លួនអ្នកជាការសម្រាកបានយូរ២០ ទៅ៣០នាទីកម្សាន្តផ្សេងៗហើយបញ្ចប់កិច្ចការ។ 

Image

. ឃ្លាតឆ្ងាយពីបណ្តាញសង្គម

ប្រសិនបើអ្នកមានទម្លាប់ចុចមើល Facebook ឬ Instagram ពេលកំពុងធ្វើកិច្ចការប្រាកដណាស់អារម្មណ៍មិនអាចប្រមូលផ្តុំបានទេ។ កែប្រែទម្លាប់នោះបន្តិច ពោលគឺនៅឆ្ងាយពីវាមួយរយៈពេលដែលធ្វើកិច្ចការងារ អ្នកនឹងឃើញពីប្រសិទ្ធិភាព ពេលអ្នកមានទម្លាប់មួយគឺ មិនចុចទូរសព្ទលេងពេលកំពុងធ្វើការងារ។

. ចំណីអាហារល្អ

មែនហើយអារម្មណ៍ផ្តោតល្អលើកិច្ចការណាមួយបានប្រសើរក៏ដោយសារកត្តារួមផ្សំផងដែរ ក្នុងនោះរបបអាហារ ចំណីអាហារក៏ជាចំណែកមួយ។ ការសិក្សាបង្ហាញថា ការរើសប្រភេទអាហារសុខភាពទៅក្នុងរបបអាហារប្រចាំថ្ងៃក៏ជាចំណែកបង្កើនអារម្មណ៍ល្អក្នុងការធ្វើកិច្ចការងារផ្សេងៗ បន្ថែមពីនោះការគេងបានគ្រប់គ្រាន់ការធ្វើលំហាត់ប្រាណប្រភេទយូហ្គា (Yoga) និងធ្វើលំហាត់សមាធិដង្ហើមចេញចូលក៏មានឥទ្ធិពលល្អទៅលើអារម្មណ៍ផ្តោតធ្វើការណាមួយបានប្រសើរផងដែរ។

. ប្រើរូបមន្ត SMART

បើអ្នកនៅខ្វះការផ្តោតអារម្មណ៍ក៏អាចងាកមើលតិចនិកមួយឈ្មោះថា SMART ដែលមាន S=Specificគឺអ្នកសួរខ្លួន​ឯងថា តើអ្វីខ្លះដែលត្រូវធ្វើឱ្យហើយមុនគេ? M=Measurableតើវាអាចសមល្មមនឹងកម្លាំងសមត្ថភាពដែលអ្នកមានឬអត់សម្រាប់ដំណើរការ​ការងារនោះ? A=Achievable តើអាចធ្វើទាន់ពេលទេ? តើអាចសម្រេចបានទាន់ឬទេប៉ាន់ស្មានតាមពេលកំណត់? R=Relevant តើវាត្រូវតាមគោលដៅធំរបស់អ្នកឬចំណង់ចំណូលចិត្តឬទេ (ពេញចិត្តហ្នឹងធ្វើ)? និងចុងក្រោយ T=Timley តើត្រូវការពេលប៉ុន្មានអាចសម្រេចបាន? ត្រឡប់មកវិញអ្នកអាចគិតគូរពីវិធីនេះដើម្បីបំបែកកិច្ចការមកជាជំហានៗដើម្បីដោះស្រាយវាម្តងមួយៗ។ ម្យ៉ាងទៀតក្រៅពីអនុវត្តវិធីនេះការបន្តហ្វឹកហាត់លើស្មារតី ដោយតាមដានថា អ្នកកំពុងធ្វើអ្វីពេលនេះ ធ្វើដល់កម្រិតណា? ឧស្សាហ៍សួរនាំពីរឿងដែលអ្នកកំពុងធ្វើ និងដើម្បីអ្វីនោះអ្នកនឹងអាចត្រឡប់មកផ្តោតលើកិច្ចការកំពុងធ្វើ ទោះបីអារម្មណ៍អ្នកត្រូវឆាឆៅដោយរឿងខាងក្រៅដែលត្រូវជួបមិនអាចចៀសរួចក៏ដោយ៕