ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានសំណូមដល់អតិថិជនដែលមានលទ្ធភាពគ្រប់គ្រាន់ គួរតែបន្តបង់ដល់ម្ចាស់គម្រោងអភិវឌ្ឍន៍អលនទ្រព្យនៅក្នុងខណៈទេសៈនាពេលបច្ចុបន្ននេះ។ ដោយឡែក ចំណែកឯម្ចាស់គម្រោង ក៏ត្រូវព្យាយាមអនុវត្តឱ្យបានម៉ត់ចត់ តាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និង ធនាគារជាតិឱ្យមានការយោគយល់ដល់អតិថិជនរបស់ខ្លួន នៅក្នុងអំឡុងពេលកូវីដនេះ ។

លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលមានកាតព្វកិច្ចបង់រំលស់ ទៅឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ គឺតែនៅមានអ្នកដែលមានលទ្ធភាពយ៉ាងហោចណាស់៣០ ភាគរយដែរ ដូច្នេះគួរតែបង្កនើន និងមានស្មារតីក្នុងការទទួលខុសត្រូវទៅលើការបង់ប្រចាំខែ ដើម្បីឱ្យម្ចាស់គម្រោងមានលទ្ធភាពយកលុយដែលបង់នេះ ទៅចំណាយលើការបន្តអភិវឌ្ឍន៍គម្រោង និងផ្សេងៗទៀត លើកលែងតែអ្នកដែលគ្មានលទ្ធភាពពិតប្រាកដតែប៉ុណ្ណោះ។

លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៍យ៉ាងដូច្នេះថា “គឺធ្វើយ៉ាងណាឱ្យរស់ទាំងអស់គ្នា ទាំងអ្នកម្ចាស់គម្រោងអាចមានលុយសម្រាប់អភិវឌ្ឍន៍បន្ត និងអ្នកដែលមិនមានលទ្ធភាពក៏អាចពន្យាពេលបាន ព្រោះពេលនេះ ជាពេលដែលលំបាកទាំងអស់គ្នា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងម្ចាស់អចលនទ្រព្យ ម្ចាស់គម្រោង ក៏ដូចជាអតិថិជនដែលមានកាតព្វកិច្ចត្រូវតែព្យាយាមទាំងអស់គ្នា”។ 

ជាមួយគ្នានេះ លោកឧកញ៉ា ឃាង ពុទ្ធី បានស្វាគមន៍ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញផែនការ និងគោលនយោបាយដល់ម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ឱ្យមានការយោគយល់ដល់អតិថិជនរបស់ខ្លួនតាមរយៈ ការផ្តល់នូវលក្ខខណ្ឌពិសេសនៅក្នុងអំឡុងជំងឺកូវីដមួយនេះ ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បាន អំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុទាំងអស់ បន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន ដើម្បីជួយដោះស្រាយដល់ប្រជាពលរដ្ឋនៅតាមបុរី និងអាគារសហកម្មសិទ្ធិនានា លើកលែងការផាកពិន័យចំពោះអតិថិជន ដែលមិនបានបង់ប្រាក់តាមកាលកំណត់ និងមិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការផាកពិន័យបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់រំលស់។  

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងធនាគារជាតិនៃកម្ពុជា បានស្នើឲ្យមានការដាក់ចេញនូវគោលនយោបាយគាំពារនានាដល់អតិថិជនរបស់ខ្លួនលើការបង់រំលស់អចលនវត្ថុ។ 

ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តតាមដានការវិត្តសភាពការណ៍ថ្មីៗបន្ត ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការល្អក្នុងការអនុវត្តវិធានការខាងលើដល់ធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុទាំងអស់៕