ម៉ិចស៊ីកូ ជាប្រទេសដែលទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីវិបត្តិ Covid-19 ដោយក្នុងនោះ ​វិស័យអប់រំ​ក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ដោយសារតែសិស្សជាច្រើនមិនអាចទទួលការបណ្តុះបណ្តាលបានល្អពីការអប់រំតាមអនឡាញ។

យោងតាមការផ្សាយដោយវិទ្យាស្ថាន​ សហព័ន្ធទូរគមនាគមន៍ (Instituto Federal deTelecomunicaciones) បានឱ្យដឹងថា ការសិក្សាតាមរយៈអនឡាញមិនមែនជារឿងងាយស្រួលនោះទេ។ នៅក្នុងប្រទេសមានប្រជាជនត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដែលមានអ៊ីនធើណិតប្រើប្រាស់។ ហេតុនេះដើម្បីផ្តល់ការអប់រំឱ្យបានគ្រប់ជ្រុងជ្រោយរដ្ឋាភិបាលបានផ្តល់ដំណោះស្រាយ ដោយការបង្កើតកម្មវិធីអប់រំតាមទូរទូស្សន៍ ព្រោះប្រជាជនក្នុងប្រទេសជាង៩០% ត្រូវបានគេរកឃើញថាមានទូរទស្សន៍ប្រើប្រាស់។

វេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថា ចាប់តាំងពីប្រទេសម៉ិចស៊ិកូ បានបិទទ្វាសាលារៀនកាលពី ខែមីនាឆ្នាំ២០២ ដោយសារតែបញ្ហាជំងឺ Covid-19 មកមានសិស្សប្រមាណ ៣៥លាននាក់ ត្រូវស្ថិតនៅក្នុងផ្ទះ។ មូលហេតុដែលធ្វើឱ្យប្រទេសនេះ មានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែ កាលនោះប្រទេសម៉ិចស៊ីកូ មានអ្នកស្លាប់ដោយសារតែ Covid-19 ច្រើនជាងគេលំដាប់ទី៣លើពិភពលោក។ ហេតុនេះហើយទើបសាលាត្រូវតែបិទទ្វាស្របពេលដែលបវេសនកាលថ្មីត្រូវចាប់ផ្តើម។

ដើម្បីដោះស្រាយបញ្ហាអប់រំ រដ្ឋាភិបាលបានចំណាយលុយប្រមាណ ២០លានដុល្លារអាមេរិក ដើម្បីចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនផ្សព្វផ្សាយ និងស្ថានីយទូរទ្សសន៍ជាច្រើននៅក្នុងស្រុក។ ពួកគេបានផលិតមេរៀន​តាមទូរទស្សន៍ចាប់ពីកម្រិតមត្តេយ្យ ដល់វិទ្យាល័យ។ តែទោះជាយ៉ាងនេះក្តី តាមការស្ទង់មតិឃើញថា មានការព្រួយបារម្ភជាច្រើនជុំវិញគុណភាពនៃការបង្រៀនពីចម្ងាយ ដែលមិនល្អដូចការបង្រៀនដោយផ្ទាល់នៅក្នុងសាលារៀន។ បញ្ហាប្រឈមសំខាន់មួយដែលត្រូវបានគេមើលឃើញផងដែរ គឺតំបន់ខ្លះមិនអាចមើលឃើញប៉ុស្តិ៍ទូរទស្សន៍ដែលផ្សាយពីមេរៀនរបស់សិស្សទេ តែបែរជាមើលឃើញតុក្កតាឬប៉ុស្តិ៍កម្សាន្តផ្សេងៗទៅវិញ។ ដោយហេតុនេះហើយទើបរដ្ឋាភិបាលបង្កើតឱ្យមានកម្មវិធីបង្រៀនតាមវិទ្យុ ដើម្បីឱ្យពួកគេបានរៀនបន្ថែម។

បើទោះបីជាយ៉ាងនេះក៏ដោយ ក៏គេនៅឃើញថាគ្រួសារជាច្រើនផ្សេងទៀត កំពុងស្ថិតក្នុងចន្លោះប្រហោងយ៉ាងធំនៃការអប់រំ។ វិសមភាពនៃការអប់រំ រវាងអ្នកទីក្រុង និងអ្នកនៅជនបទ ក៏កាន់តែធំទៅៗដែលចាំបាច់ត្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ អាណាព្យាបាលនៅជនបទរអ៊ូរទាំ ពីភាពគ្មានប្រសិទ្ធភាពនៃការទទួលយកការអប់រំរបស់កូនៗរបស់គាត់ដែលធ្វើឱ្យគាត់មានក្តីព្រួយបារម្ភកាន់តែខ្លាំងលើអនាគតរបស់ក្មេងៗ។ អាណាព្យាបាលរបស់សិស្សលើកឡើងស្រដៀងគ្នាថា គាត់មិនសប្បាយចិត្តនោះទេនៅពេលដែលកូនៗរបស់គាត់ ត្រូវស្នាក់នៅក្នុងផ្ទះដែលធ្វើឱ្យអារម្មណ៍របស់គេមិនល្អ ឬអាចធ្វើរឿងដែលគ្មានប្រយោជន៍ច្រើន ខុសពីពេលដែលគេទៅសាលារៀន។ ពួកគាត់យល់ថាការដែលមនុស្សធំត្រូវសំងំនៅផ្ទះ មិនមែនជាបញ្ហាធំពេកនោះទេ តែប្រសិនបើក្មេងតូចៗនៅក្នុងផ្ទះវិញ វាបង្កើតឱ្យមានក្តីព្រួយបារម្ភច្រើន ពីអារម្មណ៍និងឥរិយាបថរបស់ពួកគេ។

ហេតុនេះហើយ ទើបស្ថានភាពដែលជំងឺ Covid-19 បានស្ងប់ស្ងាត់បន្តិចនេះ ប្រទេសនេះសម្រេចចិត្តព្យាយាមគ្រប់លទ្ធភាព ដើម្បីឱ្យកុមារបានចូលរៀនឡើងវិញដោយការការពារយ៉ាងប្រុងប្រយ័ត្នបំផុត។

អង្គការដ៏សំខាន់ខាងលើបានបង្ហាញផងដែរថា បច្ចុប្បន្ននេះ ប្រជាជន​ប្រមាណ ៣,៧ពាន់លាននាក់ ឬស្មើនឹងពាក់កណ្តាលពិភពលោក មិនមានប្រើប្រាស់អ៊ីនធើណិតនោះទេ។ ក្នុងនោះតិចជាង ១ក្នុងចំណោម ៥ផ្ទះក្នុងប្រទេសអភិវឌ្ឍតិចតួច មានភ្ជាប់បណ្តាញអ៊ីនធើណិត។ ជាលទ្ធផលកុមារតូចយ៉ាងហោចណាស់ ១ភាគ៣ លើពិភពលោកមិនអាចទទួលបានការអប់រំ​ តាមបច្ចេកវិទ្យានោះទេក្នុងអំឡុងពេលការធ្វើគម្លាតសង្គម ដោយសារតែមេរោគ Covid-19។

ស្ថាប័នខាងលើក៏បានបញ្ជាក់ផងដែរថា ស្ថានភាពនេះកាន់តែយូរហានិភ័យរបស់សិស្សលើពិភពលោក កាន់តែរីកធំឡើង។ ពួកគេអាចធ្លាក់ទៅក្នុងពលកម្មកុមារ ការរៀបការក្នុងវ័យក្មេង ឬការកេងប្រវ័ញ្ចនានា៕

រូបតំណាង (ពី UNICEF)