ជីវិតហែលឆ្លងនឹងរលកបក់បោកជាច្រើន ដែលក្នុងនោះមានទាំងល្វីង​ ជូរចត់ ឧបសគ្គ មិនចេះអស់មិនចេះហើយ មិនបាន ធ្វើឲ្យយុវជន ម្នាក់ដែលមានដើមកំណើតជាអ្នកស្រែចំការ បោះបង់ចោលក្តីស្រម៉ៃរបស់ខ្លួនដើម្បីឆ្ពោះទៅរកមាគ៌ានៃចំណេះ វិជ្ជា នោះឡើយ។

លោក ថុល តូម៉ាបច្ចុប្បន្នជាបុគ្គលិកតំណាងអង្កការគ្រឿងញៀនស្វីស ប្រចាំប្រទេសអាស៊ី និងជាមន្ត្រីសម្របសម្រួល អាហាររូបករណ៍សិស្សក្រីក្រ។លោកក៏ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី Zurich University ប្រទេសស្វ៊ីសផ្នែកចិត្តវិទ្យា​ផងដែរ ។

តូម៉ា ជាកូនកសិករ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប  ដែលពុំសូវជាមានជីវភាពធូរធានោះទេ។ ប៉ុន្តែ យុវជនសម្បុររាងស រូបនេះ បានពុះពារជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីបំពេញក្តីស្រម៉ៃរបស់ខ្លួន ដោយចង់បន្ត​ការ​សិក្សា​ឲ្យ​បាន​ខ្ពង់ខ្ពស់ ព្រោះលោកយល់ថា មានតែការសិក្សានោះទេ ទើបធ្វើឲ្យលោក អាចផ្លាស់ប្តូរជីវិតរបស់លោកឲ្យត្រចះត្រចង់ និងភ្លឺស្វាង នាពេល អនាគត។

ទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យនៅប្រទេសស្វ៊ីស តូម៉ា បានខិតខំ អស់ពីកម្លាំង កាយចិត្តដើម្បីស្វែងរកអាហារូបករណ៍ ពីតាមសាកលវិទ្យាល័យក្នុងស្រុកមួយចំនួនសម្រាប់សិស្សនិស្សិតក្រីក្រ ដែលទើបតែបញ្ចប់ ការសិក្សាទុតិយភូមិ​ កាលពីពេលថ្មីៗនេះបានចំនួ​ន ៥២នាក់ ដែលសិស្សទាំងនោះមកពីខេត្តនៅជុំវិញ បឹងទន្លេសាប ។

តូម៉ាបានបញ្ជាក់ពីមូលហេតុនៃការសម្រេចជួយសិស្សដែលមកពីគ្រួសារដែលមានជីវភាព ក្រីក្រទាំងនោះថា ដោយសារតែ ធ្លាប់ឆ្លងកាត់ ការលំបាកជាច្រើន ខណៈពេលដែលលោក ជាសិស្ស ដូច្នះហើយ លោកយល់ពី ការលំបាកទាំងនោះ និង ចង់ស្វែងរកដំណោះស្រាយ ឲ្យពួកគេ។

លោក ឲ្យដឹងផងដែរថា៖ «សិស្សមួយចំនួនបាត់បង់ឱកាសទទួលបានការសិក្សាខ្ពង់ខ្ពស់ និង ចូលរួមអភិវឌ្ឍសង្គមដោយសារកង្វះខាតព័ត៌មាន។ ដូច្នេះហើយ លោក ព្រមទាំងក្រុមការងាររបស់លោកបានចំណាយពេលអស់ជាច្រើនសប្តាហ៍ ចុះទៅដល់សហគមន៍ផ្សព្វផ្សាយព័ត៌មាន​ពីការសិក្សានៅឧត្តមសិក្សា ព្រមជាមួយនឹងការជ្រើសរើសសិស្សក្រីក្រ ឲ្យទទួលបាន អាហារូបករណ៍  មកសិក្សានៅរាជធានីភ្នំពេញ»។​

អ្វីដែលគួរកោតសរសើរ និង​ ស្ញប់ស្ញែងជាងនេះទៀតនោះជារៀងរាល់ចុងសប្តាហ៍ លោក តែងតែឆ្លៀតពេលទំនេរ បង្ហាត់បង្ហាញបន្ថែមទៅដល់សិស្សទាំងនោះ ពីសីលធម៌ក្នុងការរស់នៅ ក៏ដូចជា  បង្ហាត់បង្ហាញពី ការរាំរបាំផងដែរ។

របត់នៃជីវិតនៅប្រទេស​ ស្វ៊ីស

ឆាកជីវិតមនុស្ស មិនអាចទៅត្រង់រហូតនោះទេ ពោលគឺវាតែងតែមានភាពបត់បែនដែលកើតឡើង ដោយមិនបាន ព្រាងទុកមុន។ មែនទែនទៅ តូម៉ាបាន​ទទួល​អាហារូបករណ៍​ទៅសិក្សានៅប្រទេសស៊្វីស​តាំងពី​ពេល​​កំពុង​សិក្សា​ឆ្នាំ​ទី​បី ថ្នាក់​បរិញ្ញាបត្រ​មកម្ល៉េះប៉ុន្តែ​ដោយសារ​បញ្ហា​សុខភាព លោក​ក៏​បាន​ស្នើសុំ​ ​ឲ្យ​អូសបន្លាយ​ពេល​ទៅ​សិក្សា​រហូត​ដល់​ក្រោយ​ពេល​លោក​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ។​បញ្ហាដែលលោក បានជួបប្រទះពេល​នោះ គឺ លោកមាន​ជំងឺ​មហារីក​គ្រាប់ឈាម។

ជាសំណាងល្អ នៅពេល​ដែល​យុវជន​ម្នាក់​នេះទៅ​ដល់​ប្រទេស​ស្វីស លោក​បាន​ទទួល​នូវ​ការ​វះកាត់ ព្យាបាល​ខួរឆ្អឹងខ្នងដោយ​មាន​ការ​ជួយ​ឧបតម្ភ​ពី​សំណាក់​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជានិង​រដ្ឋាភិបាល​ប្រទេស​ស្វ៊ីស ហើយ មកទល់ពេលនេះ លោក ត្រូវតែទៅ ប្រទេសថៃដើម្បីតាមដានស្ថានភាពជម្ងឺរបស់លោក ជាប្រចាំ។

​យុវជន​ដែលមានឆន្ទៈមុះមត់ ស្រឡាញ់​ការ​រៀនសូត្រ​ម្នាក់​នេះ ​មិនបាន​ផ្តេកផ្តួល​ជោគវាសនាទៅ​តាម​ជំងឺ​ដែរ។ លោកបានឆ្លៀត​ឱកាស​ក្នុង​ពេល​សម្រាក​លើ​គ្រែ ​សរសេរ​អត្ថបទ Journal មួយ​ដែល​មាន​ចំណង​ជើង​ថា«I am on the bed» ដែល​រៀបរាប់​អំពី​ស្ថានភាព​ជំងឺនិង​ក្តីសង្ឃឹម​របស់​ខ្លួន ទោះ​ស្ថិត​នៅក្នុង​ស្ថានភាព​លំបាក​ក៏ដោយ។ ​អត្ថបទ​នេះលោក​បាន រៀបរាប់​ពី​ជីវិត​ពិត​របស់​ខ្លួន ដែល​អស់​សង្ឃឹម​ដោយសារ​មាន​ជំងឺ​មហារីក​គ្រាប់ឈាមនៅពេល​ដែល​ឮ​វេជ្ជបណ្ឌិត​ពិគ្រោះ​គ្នា​ថា លោក​មាន​សង្ឃឹម​តែ ៤០ ទៅ ៦០%។

ជាមួយគ្នានេះអត្ថបទ​​ក៏​បាន​រៀបរាប់​អំពី​ជីវិត​ក្នុង​រយៈពេលជាង​មួយ​ខែ​ដែល​លោកក្លាយ​ជា​មនុស្ស​រុក្ខជាតិ ដែល​គេង​នៅលើ​គ្រែ​ឮ​តែ​សំឡេង​ម្តាយ​ចិញ្ចឹម​របស់​លោកឈ្មោះ Michael (God Motherin Switzerland​) និយាយ​ផ្តល់​ក្តីសង្ឃឹម​ដល់​លោក​ប៉ុណ្ណោះ។

ស្នាដៃ​សរសេរ​អត្ថបទ​បង្កប់​ដោយ​មនោសញ្ចេតនាឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​ពិត​ក្នុង​នាម​ជា​អ្នក​ជំងឺ​ផ្ទាល់បាន​ធ្វើឲ្យ​លោក​ទទួល​បាន​រង្វាន់​លេខ​មួយ​ក្នុង​កម្មវិធី​ការ​ប្រកួត​អត្ថបទ «Journal Contest ២០១៤» ​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​១៥០០​នាក់​ក្នុង​ប្រទេស​ស្វ៊ីស​។

លោក​បាន​រៀបរាប់​ថា៖ «នៅពេល​ដែល​ត្រូវ​ធ្វើ​បទបង្ហាញ​ក្នុង​វគ្គ​ចុងក្រោយពេល​នោះ​លោក ស្ថិត​នៅក្នុង​សភាព​អង្គុយ​លើ​រទេះ​រុញ​នៅ​ឡើយ​ទេ ដោយ​មានដុកទ័រ​ជា​អ្នក​រុញ​ឲ្យ​គាត់ ខណៈ​លោក​ធ្វើ​បទបង្ហាញ​។ អត្ថបទ I am on the bed របស់​ខ្ញុំស្ទើរតែ​ធ្វើឲ្យ​អ្នក​ស្តាប់​ទប់​ទឹកភ្នែក​មិន​បាន ព្រោះ​សាច់រឿង​ទាំងអស់​នោះបាន​ឆ្លុះបញ្ចាំង​ពី​សភាព​ដែល​ខ្ញុំ​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ រយៈពេល​មួយ​ខែនិង​ស្ថានភាព​រស់នៅ​របស់​ខ្ញុំ»។ការ​ដែល​គណៈកម្មការ​សម្រេច​ឲ្យ​លោក ជាប់​មិនមែន​ដោយសារ​មាន​មនោសញ្ចេតនា​នោះ​ទេពោល​គឺ​ដោយសារ​តែ​អត្ថបទ​ដែល​លោក​សរសេរ មាន​បង្កប់​នូវ​អត្ថន័យ​លើក​ទឹកចិត្ត​។

លោក បាន​បន្ត​ថា៖ «ថ្វីដ្បិត​តែ​និស្សិត​ខ្មែរមិន​ពូកែ​ភាសា​អស់គ្លេស ដូច​ជាតិសាសន៍​ដទៃ ប៉ុន្តែ​ឲ្យ​តែ​យើង​មាន​ឆន្ទៈនោះ​អ្វីៗ​នឹង​អាច​ធ្វើ​បាន ហើយ មនុស្ស​ដែល​មិន​មាន​ក្តីស្រមៃប្រៀប​បាន​នឹង​មនុស្ស​ពិការភ្នែក»។

ជាចុងបញ្ចប់ លោកបន្ថែម​៖ «បើ​មិន​ទាន់​ដល់​ដង្ហើម​ចុងក្រោយកុំ​ទាន់​អស់​សង្ឃឹម​ឲ្យ​សោះ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ»។

សូមបញ្ជាក់ផងដែរថា យុវជន ថុល តូម៉ាក៏​ធ្លាប់​បាន​ទៅ​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធ​នៅ​ប្រទេស​វៀតណាមនិង​ប្រទេស​ថៃ ព្រមទាំង​ពានរង្វាន់​លេខ​បី ក្នុង​ការ​ប្រកួត​សំណេរ​ពី​ប្រទេស​ជប៉ុនCambodian Students Association in Japan Essay Contest 2012 ពាន​រង្វាន់​បុរស​ល្អ ពី​ក្រសួង​កិច្ចការ​នារី​ឆ្នាំ២០១១ និង​ដំណើរ​ទស្សនកិច្ច​បួន​ថ្ងៃ​ទៅ​ប្រទេស​បារាំង នៅក្នុង​កម្មវិធី Student Forum ផង​ដែរ៕