មានរឿងជាច្រើនដែលអ្នកត្រូវរៀនសូត្រ ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ ក្នុងការវិនិយោគមូលបត្រ ឬហៅម្យ៉ាងទៀតថា ជាទីផ្សារភាគហ៊ុន វាមិនមែនមិនអាចទៅរួចនោះទេ ដែលត្រូវរកចំនូលតាមការវិនិយោគនេះ ប៉ុន្តែវាក៏មិនមែនជាការរៀបផែនការ ដើម្បីមានឆាប់ក្នុងមួយយប់នោះដែរ។

ទោះជាយ៉ាងណាក៏ដោយ មុនពេលអ្នកចូលទៅក្នុងផ្សារហ៊ុន អ្នកត្រូវស្វែងយល់អ្វីខ្លះ?ខាងក្រោមជាចម្លើយសម្រាប់អ្នកថ្មីក្នុងវិស័យនេះ៖

១. កំណត់គោលបំណង

គោលបំណងរបស់អ្នក សម្រាប់ការចង់វិនិយោគក្នុងផ្សារហ៊ុនគឺដើម្បីរកប្រាក់ប៉ុន្តែហេតុអ្វីបានជា អ្នកចង់វិនិយោគ កាន់តែច្រើន?តើអ្នកមានបំណងវិនិយោគលើអ្វីខ្លះ?ក្នុងទឹកប្រាក់ប៉ុន្មាន? តើរយៈពេលប៉ុណ្ណា ដែលអ្នកអាចរងចាំ រហូតដល់រួចខ្លួនឬបានចំនេញវិញ? ការរំពឹងថា អាចរកលុយបានមកវិញក្នុងមួយយប់គឺជាការពិបាកដូច្នេះវាជាការចាំបាច់ក្នុងការគិត ពីរយៈពេលវែងនៃការវិនិយោគ។ តើអ្នកចង់សងបំណុលធនាគារឬបង់ថ្លៃសាលារៀន? តើអ្នកចង់សន្សំប្រាក់សម្រាប់ចូលនិវត្តន៍ ឬអ្នកចង់មានលុយខ្លះសម្រាប់ចាយនៅចុងឆ្នាំ?

នៅពេលអ្នកកំណត់គោលដៅរួច សូមធ្វើការស្រាវជ្រាវមួយចំនួនទាក់ទងនឹងរយៈពេលនិងចំនួនទឹកប្រាក់ ដែលអ្នកនឹងត្រូវការវិនិយោគ ដើម្បីសម្រេចគោលដៅនោះ។

២.ដឹងពីហានិភ័យ

ការវិនិយោគលុយក្នុងផ្សារហ៊ុន គឺជាការប្រថុយប្រថានជាពិសេសប្រសិនបើអ្នកមិនបានធ្វើការស្រាវជ្រាវត្រឹមត្រូវ។ទោះបីជាអ្នកបានធ្វើការស្រាវជ្រាវក៏ដោយ ក៏វានៅតែមានភាគរយដែលអ្នកអាចបាត់បង់អ្វីៗទាំងអស់ដោយសារតែកត្តាដែលលើសពីការគ្រប់គ្រងរបស់អ្នក។ និយាយម៉្យាងទៀត កុំលេងលុយច្រើនជាងអ្វីដែលអ្នកអាចលេងបាន។ការវិនិយោគលើប្រាក់ច្រើនពេក នាំឱ្យអ្នកធ្វើការសំរេចចិត្ត ផ្អែកលើអារម្មណ៍ជាជាងតាមការពិតហើយប្រាកដជានឹងនាំឱ្យខាតបង់។ ដរាបណាអ្នកមានអារម្មណ៍ល្អ ជាមួយនឹងលទ្ធភាពនៃការខាតលុយតិចដែលអ្នកបានវិនិយោគអ្នកនឹងអាចធ្វើការសម្រេចចិត្តត្រឹមត្រូវ ដែលនឹងផ្តល់ផលប្រយោជន៍ដល់អ្នកក្នុងរយៈពេលវែង។

៣. យល់ពីមូលដ្ឋានគ្រឹះ

មូលដ្ឋានគ្រឹះមានច្រើន ដូចជា ការសិក្សាពីប្រាក់ចំណូលក្នុងមួយភាគហ៊ុនប្រាក់ចំនេញប្រចាំឆ្នាំ ការវិភាគ​បែបមូលដ្ឋាននិងបែបបច្ចេកទេស។ ប្រសិនបើអ្នកស្តាប់ទៅដូចជាមិនយល់អ្វីសោះពីចំនុចទាំងនោះ អ្នកគួរកុំទាន់វិនិយោគ។ អ្នកគួរតែយល់ដឹងឲ្យច្បាស់ពីរបៀបដែលឈ្មួញកណ្តាល យកប្រាក់របស់អ្នកទៅវិនិយោគ។ បើមិនដូច្នោះទេ អ្នកអាចប្រថុយក្នុងការលេងជ្រុលដោយឈ្មួញកណ្តាល។មានប្រភេទគណនីផ្សេងៗគ្នា ដែលអ្នកត្រូវយល់ដឹង សមស្របតាមសម្រាប់គោលដៅ ដែលអាចផ្ដល់ប្រសិទ្ធភាពបំផុតដល់អ្នក។

៤. វិនិយោគចម្រុះ

ដំបូន្មានដ៏សំខាន់បំផុត នៅពេលដែលវិនិយោគ គឺមិនត្រូវដាក់ស៊ុតទាំងអស់ទៅក្នុងកន្រ្ដកតែមួយទេ។ការបង្កើតផលប័ត្រចម្រុះ (វិនិយោគច្រើនផ្នែក)អាចធានាបានថា ទោះបីជាការវិនិយោគណាមួយបរាជ័យក៏ដោយអ្នកស្ទើរតែមិនខាតលុយទាំងអស់នោះទេ។ ការធ្វើវិនិយោគបែបចម្រុះនេះ ក៏អាចឱ្យអ្នកកំណត់គោលដៅសម្រាប់ការវិនិយោគផងដែរ។

៥. វិនិយោគដោយប្រើ លុយផ្ទាល់ខ្លួន

អ្នកមិនគួរវិនិយោគប្រាក់ដែលអ្នកខ្ចីពីធនាគារឬពីការខ្ចីបុលណាមួយឡើយ។ ការប្រើប្រាស់លុយដែលខ្ចីដើម្បីវិនិយោគ នឹងបំផ្លាញប្រាក់ចំណេញដូចជាអ្នកត្រូវបង់ការប្រាក់និងកម្រៃជើងសារ។ ប្រសិនបើអ្នកចង់ទទួលបានប្រាក់ចំនេញពិតប្រាកដតាមរយៈទីផ្សារមូលបត្រការវិនិយោគមាស ឬហាងឆេងអត្រាប្ដូរប្រាក់ សូមប្រើលុយផ្ទាល់ខ្លួនទើបអាចរកចំនេញឃើញពិតប្រាកដ៕