សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ ៖ ប្រទេសកម្ពុជា នឹងក្លាយជាគោលដៅដ៏សំខាន់មួយរបស់បណ្តាប្រទេសនានានៅលើសាកលលោក ក្នុងនាមជាប្រទេសសេវាកម្មក្នុងការផលិត និងនាំចេញផលិតផលចម្រុះទៅកាន់ទីផ្សារអាស៊ាន និងឈានទៅកាន់ទីផ្សារសាកលលោកយ៉ាងសម្បូរបែប។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ថា ក្រោមភាពអំណោយផលពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រទេសមហាយក្សចិន នៅថ្ងៃខាងមុខនេះកម្ពុជា នឹងក្លាយទៅជាប្រទេសគោលដៅយ៉ាងសំខាន់របស់បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនអន្តរជាតិចូលមកដាក់ទីតាំងវិនិយោគ និងផលិតនូវផលិតផលសម្រេច សម្រាប់នាំចេញទៅកាន់ទីផ្សារអាស៊ានដែលមានមនុស្សច្រើនជាង៦០០លាននាក់។ 

លោកឧកញ៉ាបានមានប្រសាសន៍ថា “យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន គឺជាចំណុចដ៏សំខាន់មួយដែលបណ្តាប្រទេសនានានៅលើសាកលលោកប្រាថ្នាចង់បាន ដែលប្រៀបបានទៅនឹងឱកាសមាស ហើយពួកគេទាំងនោះនឹងងាកមកកាន់កម្ពុជា ដែលជាគោលដៅក្នុងការបណ្តាក់ទុនវិនិយោគដម្បីអាចទទួលបានផលចំណេញវិលត្រឡប់ទៅវិញ”។ 

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បញ្ជាក់ទៀតថា “រាល់គម្រោងវិនិយោគរបស់ពួកគេនៅលើទឹកដីប្រទេសកម្ពុជា គឺមានតែចំណេញលើចំណេញ ដោយសារតែការនាំចូលវត្ថុធាតុដើមសំខាន់ៗសម្រាប់សង្វាក់ផលិតកម្មរបស់ពួកគេភាគច្រើននាំយកមកពីប្រទេសចិន ហើយការនាំផលិតផល ឬវត្ថុធាតុដើមពីប្រទេសចិនមកកាន់កម្ពុជាត្រូវបានអនុគ្រោះពន្ធមួយចំណែកធំ ហើយក្រោយពេលផលិតបាន សម្រាប់ការនាំចេញពីកម្ពុជាទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដែលមានជាង៦០០លាននាក់ ជាពិសេសទីផ្សារដ៏ធំទូលាយនៃប្រទេសចិនដែលមានរហូតដល់ជាង១៤០០លាននាក់ ក៏ត្រូវបានរួចពន្ធ។ ដូច្នេះ វាជាឱកាសមាសសម្រាប់ការវិនិយោគ និងចំណេញ លើចំណេញ”។ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ក្រុមហ៊ុនអាមេរិកជាច្រើនក៏នឹងមកកាន់កម្ពុជាផងដែរ ជាមួយនឹងការរៀបចំច្បាប់ពាណិជ្ជកម្មថ្មី ដើម្បីជួយសម្រួលការដំណើរការវិនិយោគថ្មីបន្ថែមទៀតនៅលើទឹកដីកម្ពុជា។ 

សម្តេចតេជោ បានគូសបញ្ជាក់ថា “ ខ្ញុំសង្ឃឹមថា ច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា–ចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយជួយធ្វើឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាម៉េរិក ដែលកំពុងរកទីតាំងផលិតកម្មថ្មីនៅតំបន់អាស៊ីអាគ្នេយ៍។

បន្ថែមលើនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការកែទម្រង់មុតស្រួចនានា សំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលបណ្ដាវិនិយោគិន និងធុរជន កំពុងជួបប្រទះ ក្នុងគោលបំណងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និងការវិនិយោគនៅក្នុងប្រទេស”៕