ភ្នំពេញ៖ មានការលើកឡើងពីសំណាក់អ្នកប្រឡូកនៅក្នុងទីផ្សារអចលនទ្រព្យជាច្រើន ដែលសុទ្ធតែបង្ហាញ ពីការគាំទ្រឲ្យមានការទិញអចលនទ្រព្យនៅក្នុងកំឡុងពេលបច្ចុប្បន្ននេះដោយភាពអំណះអំណាងថា តម្លៃអចលនវត្ថុភាគច្រើន ដែលបានដាក់លក់សុទ្ធតែមានតម្លៃទាបនិងលក្ខខណ្ឌល្អ និងមានឱកាសទទួលបានចំណេញពីការទិញ។
ផ្ទុយពីមតិខាងលើបន្តិច លោកឧកញ៉ា ឃាង ពុទ្ធី ជាប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA)បានលើកឡើងថា វាជាការពិត នៅក្នុងស្ថានភាពប្រឈមមួយ តែងបានបង្កើតនូវឱកាសចំណេញទៅលើផ្នែកណាមួយប៉ុន្តែសម្រាប់អ្នកដែលមិនមានសាច់ប្រាក់ហូរហៀរគួរតែគិតពិចារណាឲ្យបានវែងឆ្ងាយ មុនពេលសម្រេចចិត្តទិញអចលនទ្រព្យក្នុងដំណាក់កាលនេះជៀសវាងទទួលរងនូវការខាតបង់។
លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៍បន្តថា ៖ «ជាទស្សនៈរបស់ខ្ញុំផ្ទាល់ នៅក្នុងកំឡុងពេលនេះ មិនមានអ្នកវិនិយោគដោយផ្ទាល់ ឬអ្នកវិនិយោគដោយប្រយោលច្រើននោះទេ គួរតែបង្អង់ពេលវេលាបន្តិចទើបជាប្រការដែលគួរធ្វើសម្រាប់អ្នកមានទុនតិច»។
ជាមួយនឹងការលើកឡើងខាងលើនេះលោកឧកញ៉ាបានបញ្ជាក់ថា បច្ចុប្បន្ននេះស្ថានភាពដែលកំពុងប្រឈមនៅក្នុងសង្គមដែលបណ្តាលមកពីជីងឺឆ្លងកូវីដបន្តកើនឡើងក្នុងរយៈប៉ុន្មានថ្ងៃជាប់គ្នាចុងក្រោយនេះ។
យើងសង្កេតឃើញមានការបញ្ចុះតម្លៃអចលនវត្ថុការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ងាយស្រួលក៏ដូចជាកម្មវិធីផ្សេងសម្រាក់ការទិញអចលនវត្ថុ ដូចជាលំនៅដ្ឋានផ្ទាល់ដីនៅតាមតំបន់ជាយក្រុងក៏ដូចជាខុនដូជាដើម វាពិតជាបានផ្តល់នូវផលចំណេញ។ ប្រាកដណាស់ វាជាឱកាសសម្រាប់អ្នកដែលមានផែនការវិនិយោគច្បាស់លាស់និងទុនសម្រាប់ទ្រទ្រង់ក្នុងរយៈពេលវែង។
ប៉ុន្តែបើស្ថានភាពមិនល្អក្នុងពេលឆាប់សួរថាតើអ្នកទុនតិច អាចរក្សាបាននូវលំហូរសាច់ប្រាក់ប្រចាំខែសម្រាប់បង់ឬទេឬអ្នកវិនិយោគដោយផ្ទាល់ ដែលចំណាយលុយទាំងដុលទៅទិញអចលនវត្ថុក្នុងកំឡុងពេលនេះអាចទទួលបានឱកាសចំណេញបានប៉ុន្មាន?
លោកឧកញ៉ា ក៏បានអំពាវនាវឲ្យមានចូលរួមការចាក់វ៉ាក់សាំង និងមានវិធានការការពារខ្លួន ធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាមួយរដ្ឋាភិបាលទាំងអស់គ្នាដើម្បីព្រឹត្តិការណ៍នេះឆាប់មានភាពល្អប្រសើរ និងវិលទៅរកប្រក្រតីភាពវិញក្នុងពេលដ៏ខ្លីខាងមុខ៕