ភ្នំពេញ៖ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា នៅតែណែនាំ និងផ្តល់ជាយោបល់ងថា ការវិនិយោគដីធ្លីនៅតំបន់ជាយក្រុងទីក្រុងភ្នំពេញ ឬជាយក្រុងនៅតាមបណ្តាខេត្ត ដែលមានការអភិវឌ្ឍន៍ នៅតែជាឱកាសល្អ ដែលងាយទទួលបានចំណេញដដែល។ 

លោកឧកញ៉ា ឃាង ពុទ្ធី  ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា  ថ្លែងថា  មិនថាទិស ឬជ្រុងខាងណានោះទេ ការវិនិយោគនៅតាមតំបន់ជាយក្រុង នៅតែមានឱកាស និងសក្ដានុពលទាំងអស់ ជាពិសេសតំបន់ដែលមានចម្ងាយប្រមាណ២០-៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

លោកឧកញ៉ា ឃាង ពុទ្ធី បានពន្យល់ថា បច្ចុប្បន្ននេះ ទីក្រុងភ្នំពេញបានពង្រីកខ្លួនកាន់តែធំជាងមុន ហើយនឹងបន្តពង្រីកធំជាងនេះ ហើយគម្រោងវិនិយោគ និងអភិវឌ្ឍន៍ដូចជាបុរី លំនៅឋាន និងរោងចក្រសហគ្រាសនានានឹងរុញច្រានទៅតំបន់ជាតក្រុង ជាពិសេសតំបន់ដែលស្ថិតក្បែរផ្លូវសេដ្ឋកិច្ចសម្រាប់បម្រើដល់វិស័យដឹកជញ្ជូន។ដូច្នេះ អ្នកដែលមានធនធានគួតែចាប់យកឱកាសនេះ  ដើម្បីទទួលផលចំណេញទៅថ្ងៃក្រោយ ។

លោកឧកញ៉ា បញញជាក់ទៀតថា «កាលពីមុនយើងគិតថាចម្ងាយពីក្រុង ១០ គីឡូម៉ែត្រ គឺឆ្ងាយណាស់  ប៉ុន្តែឥឡូវនេះ គឺមិនអីចឹងទេ  ពេលនេះយើងឃើញផ្ទះគេសាងសង់ឆ្ងាយទៅៗហើយ មិនថាតាមផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវក្រវាត់ក្រុងទី២ ក្រវាត់ក្រុងទី៣ ជាដើម»។

ទោះជាយ៉ាងណាក៏ដោយ លោកឧកញ៉ាបានលើកឡើងថា រាល់ការវិនិយោគទាំងអស់សុទ្ធតែបាននាំមកនូវផលប្រយោជន៍ និងចំណូលទាំងវិស័យឯកជន និងវិស័យរដ្ឋ ជាពិសេសការអភិវឌ្ឍន៍គម្រោងតែម្ដង។ ប៉ុន្តែក្នុងករណីដែលមានលុយទិញដីទុកចោលមិនមានសកម្មភាព រង់ចាំដីឡើងថ្លៃទើបលក់យកចំណេញ វាអាចធ្វើឱ្យបាត់បង់ផលប្រយោជន៍ លើវិនិយោគមួយផ្នែក ហើយប្រៀបបាននឹងការយកលុយទៅកប់ទុកចោលយ៉ាងដូច្នោះ។

លោកឧកញ៉ា ឃាង ពុទ្ធី បញ្ជាក់ទៀតថា បើនាំគ្នាជួយអភិវឌ្ឍន៍ ឬវិនិយោគអចលនទ្រព្យនៅតាមតំបន់ជាយក្រុងកាន់តែច្រើន មិនថា ចំពោះតែជាយក្រុងភ្នំពេញ ឬជាយក្រុងនៃបណ្តាខេត្តនោះទេ វានឹងធ្វើឱ្យទីក្រុងកាន់តែរីកចំរើន និងជំរុញឱ្យទីផ្សារអចលនទ្រព្យទកាន់មានភាពរឹងមាំថែមមួយកម្រិតទៀត៕