ភ្នំពេញ ៖ ​តាមរយៈការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia និងបង្ហាញទិន្នន័យផ្លូវការនៅដើមឆមាសទី២ឆ្នាំ២០២១កន្លងទៅនេះ បានឱ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងដីធ្លីមាន​តម្លៃ​សមរម្យកំពុងជំរុញឱ្យវិស័យអចលនទ្រព្យជាពិសេសទីផ្សារលំនៅដ្ឋានកម្រិតមធ្យម និងលើមធ្យមនៅតំបន់​ភាគ​ខាងត្បូងនៃទីក្រុងភ្នំពេញនៅតែមានភាព​លេច​ធ្លោនិងទាក់ទាញវិនិយោគិនកាន់តែច្រើនបន្ថែមទៀត។

ក្រុមហ៊ុនដដែលនេះបានឱ្យដឹងទៀតបច្ចុប្បន្នចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនៅតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ​មានការកើន​ឡើង​ខ្លាំង ដោយសារការកើនឡើងនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងដីធ្លីមានតម្លៃសមរម្យ។ អចលនទ្រព្យគ្រប់ប្រភេទទាំងអស់ រួមមានអចលនទ្រព្យ​លំនៅដ្ឋាន​រហូត​ដល់​សួនឧស្សាហកម្មក្នុងតំបន់នេះនឹងមានភាពលេចធ្លោ និងការរីកចម្រើនខ្លាំងនាពេលអនាគត។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី នាយកប្រតិបត្តិនៃក្រុមហ៊ុនអន្តរជាតិ IQI Cambodia ដែលជាអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋានយ៉ាងសកម្មនោះ​ បាន​បង្ហាញពីការគាំទ្រទៅលើការសិក្សាខាងលើនេះជាមួយនឹងការបង្ហាញពីសុទដ្ឋិនិយមទៅលើទំនោរនៃការវិនិយោគរបស់អ្នកអភិវឌ្ឍន៍ផងដែរ។

លោកឧញ៉ាបានមានប្រសាសន៍បញ្ជាក់ថា៖ “ទីផ្សារអចលនទ្រព្យអាចមានដង្ហើបបានគឺអាស្រ័យដំបូងគេទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាពិសេសក្រោមការវិនិយោគដោយរាជរដ្ឋាភិបាល បន្ថែមពីលើវិស័យឯកជន។ នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍន៍ងាយស្រួលធ្វើដំណើរ អំណោយផលដល់ការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មផ្សេងៗនោះនឹងជំរុញឲ្យទីផ្សារអចលនទ្រព្យមានសក្ដានុពល”។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី បានបន្តថា “សម្រាប់នៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញមិនថាចំពោះបច្ចុប្បន្ន ឬបន្តទៅមុខ៥ឆ្នាំ ឬយូរជាងនេះក៏នៅតែមាន​លំហូរនៃគម្រោងវិនិយោគ អភិវឌ្ឍន៍ថ្មីៗជាបន្តបន្ទាប់ព្រោះនៅតំបន់នេះមានភាពអំណោយផលលើកត្តាភូមិសាស្ត្រទាំងគម្រោងអភិវឌ្ឍន៍ធំៗរបស់​រាជរដ្ឋា​ភិបាល និងគម្រោងរបស់ឯកជនផងដែរតួយ៉ាងដូចជា គម្រោងចាប់ពីម្តុំផ្លូវ៦០ម៉ែត្រ បាញ់ឆ្ពោះទៅកាន់គម្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីរួមជាមួយនឹងអភិវឌ្ឍន៍បុរីយ៉ាងស្អេកស្កះ គម្រោងផ្លូវក្រវាត់ក្រុងនិងគម្រោងរុញច្រានបណ្តុំឧស្សាហកម្មនៅជាយក្រុងដែលស្ថិតនៅប៉ែកជាមួយគ្នាផងដែរ”។

ជាមួយនឹងទំនោរនៃការវិនិយោគនិងអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានកម្រិតមធ្យម និងលើមធ្យមនៅពេលបច្ចុប្បន្ននេះត្រូវបានគេដឹងថា តម្លៃលំនៅដ្ឋាន​ដែលត្រូវបានដាក់លក់នៅលើទីផ្សារមានតម្លៃចាប់ពីជាង៥ម៉ឺនដុល្លារ រហូតដល់ជាង១០ម៉ឺនដុល្លារ ដោយឡែកសម្រាប់លំនៅដ្ឋានកម្រិតលើមធ្យមមាន​តម្លៃចាប់​ពីជាង១០ម៉ឺនដុល្លាររហូតដល់ជាង២០ម៉ឺនដុល្លារ ឬលើសពីនេះក៏មានដែរ អាស្រ័យទៅតាមគម្រោងនិងតំបន់ដែលធ្វើការអភិវឌ្ឍន៍៕