ភ្នំពេញ៖ ខុសប្លែកកាលពីប៉ុន្មានឆ្នាំមុន ដែលទីផ្សារដីឡូតិ៍ត្រូវបានគេនិយមពុះលក់ឬអង្កន់ក្នុងទំហំតូចៗសម្រាប់សាងសង់បានត្រឹមប្រភេទ​លំនៅដ្ឋានជាផ្ទះ​ល្វែង តែបច្ចុប្បន្ននេះ និន្នាការហាក់ត្រូវបានប្រែប្រួលបន្តិចដោយគម្រោងដីឡូតិ៍ភាគច្រើន បានប្ដូរមកកែប្រែទំហំធំជាងមុន ដើម្បីងាយស្រួលលក់ជាពិសេស​នៅតាមបណ្តាខេត្តគោលដៅទេសចរណ៍តែម្ដង។

មិនថាតែចំពោះតំបន់ជាយក្រុងរាជធានីភ្នំពេញឬខេត្តគោលដៅទេសចរណ៍ដូចជាខេត្តកំពត កោះកុង រតនគីរី និងមណ្ឌលគីរីនោះទេ ភាគច្រើន​ក្រុមហ៊ុន​វិនិយោគនិងអភិវឌ្ឍន៍ដីឡូតិ៍ បានប្ដូរយុទ្ធសាស្ត្រក្នុងការលក់របស់ខ្លួនដោយកែប្រែទំហំដីឲ្យធំជាងមុន ដើម្បីបង្កើនភាពទាក់ទាញ ងាយស្រួលលក់ចេញ​ជាង​មុន។

លោក វិន ឈុនហ៊ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEY THMEY Real Estate បានប្រាប់ឲ្យដឹងថា ការលក់ដី​ឡូតិ៍​ក្នុង​គម្រោងថ្មីនីពេលបច្ចុប្បន្ននេះ ហាក់មានភាពងាយស្រួលក្នុងការលក់ជាពេលមុនបន្ទាប់ពីការពុះចែកទំហំដីមានភាពទូលាយ បង្កភាពងាយស្រួលក្នុង​ការសាង​សង់​លំនៅដ្ឋានសមលម្មហើយនៅសល់ទីធ្លាជុំវិញផ្ទះសម្រាប់ដាំដុះលក្ខណៈគ្រួសារផ្សេងៗ។

លោកបានបញ្ជាក់ថា “ពីមុននៅពេលនិយាយពីដីឡូតិ៍ គឺគេដឹងភ្លាមថា ទំហំដីមានត្រឹម5 x 20ម៉ែត្រប៉ុណ្ណោះក្នុងមួយឡូតិ៍ដែលអាច​អនុញ្ញាតដល់ការសាង​សង់​ត្រឹមលំនៅឋានតូចល្មម ឬជាប្រភេទផ្ទះល្វែងជាដើម ដោយមិនមានទីធ្លាសល់នៅចំហៀងផ្ទះនោះទេ ប៉ុន្តែបច្ចុប្បន្នការពុះឡូតិ៍ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ ឬម្ចាស់ដីផ្ទាល់តែម្ដងធ្វើការប្រែប្រែយុទ្ធសាស្ត្រជំរុញការលក់ ដោយការពង្រីកទំហំដីឡូតិ៍ធំជាងមុនដែលមានចាប់ពី 10 x 25ម៉ែត្រ ឬទំហំ 10x 30ម៉ែត្រ ដើម្បីអាចនៅដល់ទីធ្លានៅជុំផ្ទះក្រោយពេលសាងសង់ សម្រាប់ដាំដំណាំឬរុក្ខជាតិបៃតងផ្សេងៗ ដោយគ្រាន់តែតម្លើងតម្លៃថ្លៃដើមខ្ពស់ជាងមុន”។

ជាមួយនឹងការបង្ហាញពីនិន្នាការនៃការផ្លាស់ប្ដូរទៅលើទំហំដីឡូតិ៍នេះ លោក វិន ឈុនហ៊ាត បានបន្តឲ្យដឹងថា ការកែប្រែ និងពង្រីកទំហំដីឡូតិ៍នេះ ភាគច្រើនជាគម្រោងដីពុះឡូតិ៍ថ្មីៗហើយស្ថិតនៅតាមបណ្តាខេត្តគោលដៅទេសចរណ៍សំខាន់ៗដូចជានៅខេត្តកោះកុង កំពតតំបន់ខ្លះនៃខេត្តសៀមរាប មណ្ឌលគីរី និងរតនៈគីរីដោយគម្រោងដីឡូតិ៍ទាំងនោះស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបលំហែរ។ ប៉ុន្តែសម្រាប់គម្រាងដីឡូតិ៍ដែលជាគម្រោងចាស់ ជាពិសេសស្ថិតនៅជាប់តំបន់ជាយក្រុងនៅតែរក្សាទំហំន 5x20 ម៉ែត្រ ឬ 5x25ម៉ែត្រដដែល មិនមានការប្រែប្រួលនោះទេ។

លោក សុខ ប៊ុនធឿន ប្រធានគ្រប់គ្រងផ្នែកលក់ក្រុមហ៊ុនភ្នាក់ងារជំនាញលក់ដីឡូតិ៍ខេត្តកំពតបានប្រាប់ថា គម្រោងដែលលោកទទួលលក់​នៅពេល​នេះ​ មាន​ទាំង​គម្រោងដីឡូតិ៍សម្រាប់លំនៅដ្ឋានជាផ្ទះល្វែង និងជាគម្រោងដីឡូតិ៍ជាប្រភេទផ្ទះលំហែរ និងស្ថិតនៅតំបន់ផ្សេងគ្នាក្នុងស្រុកទឹកឈូ​ខេត្តកំពត និងតំបន់ជាយក្រុង។

លោកបានបញ្ជាក់ថា “ដីឡូតិ៍សម្រាប់ផ្ទះលំហែរមានទំហំធំងាយស្រួលលក់ តម្លៃធូរថ្លៃជាងដីឡូតិ៍នៅជាយក្រុងហើយអ្នកទិញភាគច្រើនមកពីភ្នំពេញ ប៉ុន្តែ​បើ​ដី​ឡូតិ៍នៅជាយក្រុង សម្រាប់ប្រភេទផ្ទះល្វែងបច្ចុប្បន្ននេះ ពិបាកលក់បន្តិចមិនសូវមានអ្នកមើលគម្រោងទេ ហើយតម្លៃក៏ថ្លៃជាងដីឡូតិ៍​គម្រោង​ផ្ទះ​លំហែរ​ដែរដោយ​តម្លៃមានចាប់ពី១៥០០០រហូតដល់២៥០០០ក្នុងមួយឡូតិ៍ ខណៈដែលដីឡូតិ៍នៅតាមមាត់ព្រែកឬតាមតំបន់ជើងភ្នំ មានតម្លៃចាប់ពី ១២០០០ ក្នុងមួយឡូតិ៍ឡើងទៅ”។

លោក សុខ ប៊ុនធឿន បានអះអាងថាការលក់ដីឡូតិ៍សម្រាប់ប្រភេទផ្ទះលំហែរ ស្ថិតនៅតំបន់ក្បែរមាត់ព្រែកនិងជើងភ្នំដែលមានទំហំធំ​គឺមានភាពងាយ​ស្រួល​លក់ជាងប្រភេទដីឡូតិ៍សម្រាប់ផ្ទះល្វែង ដែលស្ថិតនៅតំបន់ជាយក្រុងនិងទីរួមខេត្ត៕