ស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលពហុបំណងប្រចាំប្រទេស ដែលជាក្បាលម៉ាស៊ីសេដ្ឋកិច្ចដ៏ធំនោះ តាមរយៈក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់ បានសម្រេចបញ្ចប់ការសិក្សានិងចេញប្លង់គោលសម្រាប់ងាយស្រួល ក្នុងការរៀបចំនិងអភិវឌ្ឍន៍ឲ្យស្របតាមផែនការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ LUCKY REALTY បានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំឱ្យមានប្លង់គោលប្រើប្រាស់ដី ពិតជាមានសារសំខាន់ណាស់សម្រាប់តំបន់នីមួយៗ ព្រោះវាជួយឱ្យមានបែបបត់ល្អសម្រាប់ការអភិវឌ្ឍ ដោយមានរក្សាបាននូវសោភ័ណភាពនិងស្តង់ដារសម្រាប់ទីតាំងនីមួយៗ។

លោកបានថ្លែងថា៖ «វាងាយស្រួលដល់អ្នកភិវឌ្ឍន៍អចលនទ្រព្យ ក្នុងការកំណត់យកទីតាំងណាមួយដែលសមស្របជាមួយនឹងប្លង់គោលប្រើប្រាស់ដីរបស់ទីក្រុង ឬតំបន់នីមួយៗ ព្រោះការដែលមានប្លង់គោលប្រើប្រាស់ដីនឹងធ្វើឱ្យការអភិវឌ្ឍមានច្បាស់លាស់ និងមានចីរភាព»។

លោកបានថ្លែងបន្តថា  ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដែលមានការរៀបចំប្លង់គោលប្រើប្រាស់ដី នឹងមិនមានរងផលប៉ះពាល់ ពីការអភិវឌ្ឍណាមួយនោះទេដោយសារការអភិវឌ្ឍនីមួយត្រូវបានកំណត់ ដោយប្លង់គោលប្រើប្រាស់ដី និងបែបបទរបស់ច្បាប់។

លោកបានឱ្យដឹងទៀតថាជាមួយគ្នានេះដែរ ការរៀបចំឱ្យមានប្លង់គោលប្រើប្រាស់ដី កាន់តែច្រើននឹងលើកកម្ពស់មុខមាត់ប្រទេសជាតិហើយការអភិវឌ្ឍគម្រោងនីមួយៗនឹងមានស្តង់ដាររួមគ្នាតែមួយ។  មុននឹងដាក់ចេញប្លង់គោលរដ្ឋាភិបាលបានសិក្សាយ៉ាងលម្អិតណាស់ ទម្រាំតែដាក់ចេញឱ្យអនុវត្តន៍ប្លង់គោលប្រើប្រាសដីនីមួយៗ។

ស្រដៀងគ្នានេះលោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល GRA បានមានប្រសាសន៍ដែរថាគ្រប់ការរៀបចំឱ្យមានប្លង់គោលសម្រាប់ប្រើប្រាស់ដីនៅក្រុងឬតំបន់ណាមួយនៅក្នុងប្រទេសកម្ពុជា នឹងរួមចំណែកលើកកម្ពស់សួចនាករនៃការអភិវឌ្ឍតាមវិស័យក៍ដូចជាសេដ្ឋកិច្ចជាតិ ពិសេសបង្កឱ្យមានភាពងាយស្រួលដល់ការអភិវឌ្ឍន៍វិស័យសំណង់និងអចលនទ្រព្យប្រកបដោយចីរភាព។

លោកឧកញ៉ាបានលើកឡើងទៀតថាប្លង់គោលប្រើប្រាស់ដី ត្រូវបានធ្វើឡើង ដើម្បីកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍និងអភិរក្សនគរូបនីយកម្ម យុទ្ធសាស្ត្រគ្រប់គ្រង និងប្រើប្រាស់ដីប្រកបដោយចីរភាពយុទ្ឋសាស្ត្រអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចដោយបានកំណត់តំបន់យុទ្ធសាស្ត្រអភិវឌ្ឍវិស័យឧស្សាហកម្មពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ កសិកម្ម រួមជាមួយនឹងការកំណត់តំបន់អភិវឌ្ឍន៍វិស័យអចលនទ្រព្យនិងសំណង់ឲ្យកាន់តែមានភាពល្អប្រសើរ។

តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រោយពីបានផ្សព្វផ្សាយពីសមិទ្ធផលសម្រេចបានរួមមានប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ផែនការរៀបចំដែនដីខេត្តបាត់ដំបងចក្ខុវិស័យ ឆ្នាំ២០៣០ ផែនការរៀបចំដែនដីខេត្តព្រះសីហនុចក្ខុវិស័យ ឆ្នាំ២០៣០ ប្លង់គោលនិងផែនការប្រើប្រាស់ដីក្រុង ស្រុក ខណ្ឌ និងទីប្រជុំជនចំនួន១៧ និងផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ចំនួន ៨៧ ឃុំ សង្កាត់ អង្គប្រជុំបានពិនិត្យ ពិភាក្សាផ្តល់ធាតុចូល និងអនុម័តប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨៕